ភ្នំពេញ៖ ពិព័រណ៍អាពាហ៍ពិពាហ៍ ជាលើកទី២ នៅកម្ពុជា ដែលបានប្រារព្ធឡើង នៅកោះពេជ្រ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ ២៧ខែកក្កដា ឆ្នាំ២០១៤ បានទទួលការគាំទ្រយ៉ាងខ្លាំង ពី សំណាក់ប្រជាពលរដ្ឋនានា ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ។ ពិព័រណ៍នេះ មាន ៦៩ ក្រុមហ៊ុន ២០២ស្តង់ រួមទាំងអ្នកចូលរួម ជាង ៣ម៉ឺននាក់ ដែលត្រូវបានរៀបចំឡើង ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រុមហ៊ុន រៀលហ្គោលអ៊ីវេន មេនេចមេន ក្នុង គោលបំណងលើកកម្ពស់ វប្បធម៌អាពាហ៍ពិពាហ៍របស់ខ្មែរ រួមទាំងផ្សព្វផ្សាយពីក្រុមហ៊ុន ផ្តល់ សេវាកម្មពាក់ព័ន្ធនឹង អាពាហ៍ពិពាហ៍នានា នៅកម្ពុជា ។
ថ្លែងក្នុងពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ នៅកោះពេជ្រ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ លោកស្រី តែ កលិកា អនុប្រធានក្រុមហ៊ុន រៀលហ្គោល អ៊ីវេន មេនិចមិន (Event Management) បានលើកថា ពិព័រណ៍អាពាហ៍ពិពាហ៍ខ្មែរ ឆ្នាំ២០១៤នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង លើកស្ទួយ និងអភិរក្សា វប្បធម៌នៃការរៀបចំ អាពាហ៍ពិពាហ៍របស់ខ្មែរ និងបង្ហាញដល់ ប្រជា ពលរដ្ឋខ្មែរ ជំនាន់ក្រោយបានទស្សនា និងទទួលចំណេះដឹង ពីដំណាក់កាល នៃការរៀបចំ អាពាហ៍ពិពាហ៍របស់ខ្មែរ ជាសាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយ ជូនភ្ញៀវបរទេស ដែលមាន បំណង ចង់រៀបអាពាហ៍ពិពាហ៍ តាមបែបប្រពៃណី ទំនៀមទំលាប់ខ្មែរផងដែរ ។
លោកស្រីបានបន្ថែមថា ជាច្រើនឆ្នាំកន្លងមក ការរៀបចំអាពាហ៍ពិពាហ៍ របស់ខ្មែរ ពុំត្រូវបាន យកមក អនុវត្តពេញលេញនោះទេ ដែលធ្វើឱ្យពិធីអាពាហ៍ពិពាហ៍មួយចំនួន ពុំត្រូវបាន ទទួល ស្គាល់ និងយកមកអនុវត្ត ។ ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំនេះ ត្រូវបានរៀបចំឡើង យ៉ាងលម្អិត ដោយមានកាសម្តែងជា កូនកម្លោះ កូនក្រមុំ អាចារ្យ មេបា ភ្ញៀវកិត្តិយស ដូចទៅនឹង អាពាហ៍ ពិពាហ៍ពិត ទៅតាមទំនៀមទម្លាប់ ខ្មែរកាលពីដើមដែរ ។ មិនតែប៉ុណ្ណោះ ពិព័រណ៍នេះ ក៏ជួយ ផ្សព្វផ្សាយដល់ក្រុមហ៊ុន បម្រើសេវាកម្ម ពាក់ព័ន្ធនឹង អាពាហ៍ពិពាហ៍ ដូចជាក្រុមហ៊ុនសំអាងការ ភេសជ្ជៈ គ្រឿងអាលង្ការ ហាងសំលៀកបំពាក់ រួមទាំងផ្នែកមួយចំនួនទៀត ។
កញ្ញា ម៉ន ស្រីឡែន ជាបុគ្គលិក ក្រុមហ៊ុនសំអាងការអប្សរាភ្នំពេញ បានកោតសរសើរចំពោះ ការរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ ក្នុងឆ្នាំ២០១៤នេះថា បានគាស់កកាយ យកប្រពៃណី ទំនៀម ទំលាប់ នៃការរៀបអាពាហ៍របស់ខ្មែរ មកបង្ហាញជូន ដល់ពលរដ្ឋខ្មែរជំនាន់ក្រោយ ឱ្យបាន យល់ដឹង ពីវប្បធម៌ដើម របស់ខ្លួន ។ កញ្ញា ជំរុញឱ្យមានការរៀបចំពិព័ណ៍បែបនេះ រៀងរាល់ឆ្នាំ ។
ចំណែក លោកស្រី ស៊ុន ណារី ម្ចាស់ក្រុមហ៊ុនសំអាងការ ណាលី ដែលបានចូលរួម តាំងបង្ហាញ សេវាកម្ម ក្នុងពិរណ៍អាពាហ៍ពិពាហ៍នេះ ក៏បានសម្តែងការសាទរ ទៅនឹងការរៀបចំពិព័រណ៍ អាពាហ៍ពិពាហ៍នេះ ដោយលើកឡើងថា ពិព័រណ៍អាពាហ៍ពិពាហ៍នេះ បានផ្តល់ឱកាស ឱ្យក្រុម ហ៊ុន ផ្តល់សេវាកម្ម ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍នានា បានបង្ហាញពីសេវាកម្ម និងផលិតផល របស់ខ្លួន ជាពិសេស ជំរុញទីផ្សាររបស់ ក្រុមហ៊ុនផ្តល់សេវាកម្ម អាពាហ៍ពិពាហ៍ កាន់តែប្រសើរ ឡើងថែមទៀត៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល