កាលពីព្រឹកថ្ងៃទី ២១តុលានេះ ខណៈដែលអារាមនានានៅទូទាំងប្រទេស បានប្រារព្ធពិធីរំលឹក
បង្សុកូល ថ្វាយព្រះវិញ្ញាណក្ខន្ធសម្ដេចឪ សម្ដេចតា សម្ដេចតាទួត គណកម្មការ ព្រះសង្ឃ និង
អាចារ្យវត្តសំពោងផលអណ្ដែត ក៏បានប្រារព្ធពិធីបង្សុកូល ថ្វាយព្រះវិញ្ញាណក្ខន្ធ ដូចគ្នានេះដែរ
ដើម្បីបួងសួង សូមអោយព្រះវិញ្ញាណក្ខន្ធព្រះអង្គ បានយាងទៅសោយសុខគតិភព។
ពិធីរំលឹក បង្សុកូលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធមហាវិរក្សត្រនេះ មានវត្តមានរបស់លោក សំផុត
ចៅសង្កាត់និរោធ និងសមាជិក សមាជិការនៃថ្នាក់ដឹកនាំសង្កាត់និរោធ(ខណ្ឌមានជ័យ)ជាច្រើន
រូប រួមទាំងពុទ្ធបរិស័ទជិត ឆ្ងាយ ប្រមាណជាជាង ១០០នាក់។
បន្ទាប់ពីព្រះសង្ឃនិមន្ដធ្វើកិច្ចរួច ក៏មានការអាននូវព្រះជីវប្រវត្តិរបស់អតីតព្រះមហាវិរក្សត្រ
សម្ដេចព្រះនរោត្តម សីហនុ ដោយមានការលើកសរសើរអំពីស្នាព្រះហស្ដដ៏ធំធេង និងព្រះវិរ
ភាពយ៉ាងអង់អាចនៃអង្គសម្ដេចឪ សម្ដេចតា សម្ដេចតាទួតនៃយើង។
គួររំលឹកថា សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ដែលទ្រង់បានសោយទិវង្គតកាលពីថ្ងៃទី ១៥តុលា
ឆ្នាំ ២០១២ ។ ការយាងចូលទិវង្គតរបស់ព្រះអង្គ បានធ្វើអោយមានការសោកស្ដាយ និងជាការ
បាត់បង់មួយយ៉ាងធំធេងបំផុតសម្រាប់ប្រជានុរាស្ដ្រខ្មែរ ដោយសារតែព្រះអង្គគឺជាមហាវិរក្សត្រ
ដ៏ឆ្នើម ដែលមានស្នាព្រះហស្ដជាប្រវត្តិសាស្ដ្ររាប់មិនអស់៕
ដោយ ៖ ចិន្ថា