CamNews

ប្លែកៗ 

ជួបគ្រោះថ្នាក់ចរាចរ តែមិនព្រមឲ្យប៉ូលិសជួយទេ ព្រោះចង់ស្តាប់ឮសំដីប្រពន្ធនិយាយ "អូនស្រលាញ់បង"

កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរមួយ មានលក្ខណៈស្ទើរសើចស្ទើរយំ បាន កើតឡើងនៅក្នុង Suining ខេត្ត Sichuan ប្រទេសចិន។ ដោយសារតែមានការបុកទង្គិចជាមួយនឹង រថយន្តមួយគ្រឿងផ្សេងទៀតនៅលើដងផ្លូវ បានធ្វើឲ្យរថយន្តដឹកទំនិញរបស់លោក Kong Huang (អាយុ ៣៥ឆ្នាំ) ស្ទើរតែខូចខាតផ្នែកខាងមុខទាំងស្រុង។ គ្រោះថ្នាក់នេះ ក៏បានធ្វើឲ្យ Kong Huang រង របួស និងជាប់គាំង នៅក្នុងកាបីនឡានផងដែរ។

បើទោះជាបានរងរបួសរាងធ្ងន់ធ្ងរគួរសមក្តី ប៉ុន្តែបុរសរូបនោះ មិនព្រមឲ្យកំលាំងក្រុមអ្នកជួយសង្គ្រោះ ជួយរូបគេចេញពីរថយន្តឡើយ។ ជំនួសឲ្យការដែលមិនព្រមឲ្យគេជួយ Kong Huang បានស្នើសុំជា បន្តបន្ទាប់ ដល់ក្រុមអ្នកជួយសង្គ្រោះ ហៅទូរស័ព្ទទៅប្រពន្ធគាត់ ដើម្បីឲ្យគាត់ បាននិយាយទូរស័ព្ទ ជាមួយប្រពន្ធរបស់ខ្លួន។

Kong Huang មិនព្រមឲ្យក្រុមអ្នកជួយសង្គ្រោះ ជួយឡើយ

ដោយសារតែដឹងថា ជើងខាងឆ្វេងរបស់ខ្លួន រងរបួសធ្ងន់ ដែលអាចនឹងត្រូវកាត់ចេញ Kong Huang បាននិយាយជាមួយប្រពន្ធៈ "សំណព្វចិត្ត បងមានសំណួរមួយ ចង់ឲ្យអូនឆ្លើយដោយស្មោះពីចិត្ត។ បងត្រូវរបួស ហើយអាចត្រូវកាត់ចេញ ជើងម្ខាង។ ដូច្នេះសំណួររបស់បងគឺចង់សួរថា អូននឹងនៅតែ ស្រលាញ់បងទេ បីេទោះបីជាបងនៅសល់តែជើងម្ខាង?" ។

ដោយគ្រាន់តែបានឮប្រពន្ធ បានសន្យាថា នឹងស្រលាញ់ខ្លួន ជារៀងរហូត បើទោះបីជា មានរឿងអ្វី កើតឡើងក៏ដោយនោះ ទើប Kong Huang ប្រគល់ទូរស័ព្ទឲ្យទៅក្រុមអ្នកសង្គ្រោះវិញ និងយល់ព្រម ឲ្យគេជួយយករូបគាត់ចេញពីរថយន្ត។

ក្រោយពេលបាននិយាយជាមួយប្រពន្ធហើយ Kong Huang ទើបព្រមសហការ
ឲ្យក្រុមជួយសង្គ្រោះ ជួយគាត់

បន្ទាប់មក Kong Huang ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ពិតជាសំណាស់ដែលរបួសនៅត្រង់ ជើងរបស់គាត់ មិនធ្ងន់ធ្ងររហូតដល់ត្រូវកាត់ចេញ។ គាត់គ្រាន់តែត្រូវទទួលនូវការព្យាបាល និងហាត់ ដើរមួយរយះពេលវិញ នោះជើងរបស់គាត់នឹងធម្មតាឡើងវិញមិនខាន។

នៅលើគ្រែពេទ្យ Kong Huang បាននិយាយថាៈ "ខ្ញុំសំណាងណាស់។ ខ្ញុំទទួលបានក្តីស្រលាញ់ដោយ គ្មានលក្ខខណ្ឌ ពីប្រពន្ធរបស់ខ្លួន ហើយខ្ញុំពិតជាសំណាង ដែលអាចជាសះស្បើយ វិលត្រលប់ ទៅរស់ នៅជាមួយរូបគាត់វិញ។ ជាក់ស្តែង ខ្ញុំពិតជាសំណាងមែនទែន"៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: unbelievable strange រឿងប្លែកៗ