ព័ត៌មានអន្តរជាតិ ៖ ប្រទេសជប៉ុនកាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញពិភពលោកនូវ
កប៉ាល់ចំបាំងដ៏ធំជាងគេរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីសង្រ្គាមលោក
លើកទីពីរនេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេសនាំ
មុខ CNN ។
ទីភ្នាក់ងារសារព័ត៌មានមួយនេះ បន្ថែមអោយដឹងថា កប៉ាល់ចំបាំងដ៏ធំជាងគេមួយនេះមាន
ឈ្មោះថា Izumo មានសមត្ថភាពផ្ទុកឧទ្ធម្ភាគចក្រដល់ទៅ ១៤ គ្រឿង ខណៈពេលដែលវា
ប្រវែងបណ្តោយដល់ទៅជិត ២៥០ ម៉ែត្រ និងមានទម្ងន់ដល់ទៅ ១៩,៥០០ តោនឯណោះ
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែម បន្ទាប់ពីបានដកស្រង់សម្តីរដ្ឋមន្រ្តី
ក្រសួងការពារជាតិប្រទេសនេះអោយដឹងថា កប៉ាល់ចំបាំងដ៏ធំជាងគេមួយនេះ ត្រូវបាន
សាងសង់ឡើងបន្ទាប់ពីចំណាយសាច់ប្រាក់ជាង ១ ពាន់លានដុល្លារ។
គួរបញ្ជាក់ផងដែរថាការដាក់តាំងបង្ហាញនូវកប៉ាល់ចំបាំងដ៏ធំជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត
របស់ប្រទេសជប៉ុនលើកនេះ ត្រូវបានធ្វើឡើង ខណៈពេលដែលប្រទេសនេះក៏កំពុងតែ
មានបញ្ហាប្រឈម ក៏ដូចជាមានភាពតានតឹង ជាមួយនឹងប្រទេសចិន ទៅលើករណីដែន
អធិបតេយ្យភាព ប្រជុំកោះ ដែលនៅក្នុងសមុទ្រភាគខាងត្បូងប្រទេសចិន។
គួររំឭកផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងជប៉ុន ក៏កំពុងតែ
មានបញ្ហាប្រឈមដាក់គ្នា ពោលគឺមានភាពតានតឹងតែម្តង ស្របពេលដែលប្រទេសទាំង
ពីរបានអះអាងថា ប្រជុំកោះមួយដែលស្ថិតនៅក្នុងសមុទ្រចិនភាគខាងត្បូង គឺជាកោះស្ថិត
នៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ។ ប្រជុំកោះមួយនោះ ចិនហៅថាDiaoyu និងប្រទេ
សជប៉ុនហៅថា Senkaku ។
ដោយឡែក ការដាក់តាំងបង្ហាញនូវកប៉ាល់ចំបាំងដ៏ធំជាងគេ កាលពីថ្ងៃអង្គាររបស់ប្រទេស
ជប៉ុនកាលពីថ្ងៃអង្គារម្សិលមិញនេះ ត្រូវបានធ្វើឡើង ស្របជាមួយនឹងឱកាសនៃការរំលឹក
ខួបទី ៦៨ និង គោរពវិញ្ញាណក្ខ័ន្ធ អ្នកដែលបានស្លាប់ ក្នុងការទម្លាក់គ្រាប់បែក អាតូមិច
របស់សហរដ្ឋអាមេរិក មកលើទីក្រុង Hiroshima ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN