ភ្នំពេញ៖ ស្ត្រីវ័យ ៣២ឆ្នាំម្នាក់ ព្រោះតែចង់បានថវិកា ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ បានប្រឹងដើរលក់ទឹកសុទ្ធនៅ មុខព្រះបរមរាជវាំង ម្តុំព្រះអង្គដងកើ រហូតដល់សម្រាលកូនតាមទីសាធារណៈ នៅព្រលប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤នេះ។
ក្រោយពីទទួលបានព័ត៌មានការសម្រាលកូនតាមទីសាធារណៈ របស់ស្រ្តីលក់ទឹកបរិសុទ្ធនេះ អភិបាលខណ្ឌដូន ពេញ លោក គួច ចំរើន បានបញ្ជាឲ្យប្រជាការពារ ក៏ដូចជាសន្តិសុខចាត់ចែងញាប់ដៃញាប់ជើង ជួយសង្រ្គោះ និង ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ។ ដោយមានការជួយជ្រោមជ្រែងដោយការយកចិត្តទុកចិត្តទុកដាក់ ពីក្រុម គ្រូពេទ្យ អ្នកស្រី ចាន់ ស្រីពៅ និងកូន ដែលទើបសម្រាល ដ៏ទ្រលុកទ្រលន់ បានសុវត្ថិភាព និងមានសុខភាពល្អ ទាំងអស់គ្នា។
អ្នកស្រី ចាន់ ស្រីពៅ មានស្វាមីឈ្មោះ ម៉ក់ ឧសភា អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។ បើតាមការបញ្ជាក់ ពីអ្នកដែលស្គាល់អ្នកស្រី ចាន់ ស្រីពៅ បានឲ្យដឹងថា ទារក ដែលសម្រាលនៅ ទីសាធារណៈនេះ គឺជាកូនទី៥ នៅក្នុងគ្រួសារមានជីវភាពខ្សត់ខ្សោយមួយនេះ។
បន្ទាប់ពីការជួយសង្រ្គោះឲ្យមានសុខសុវត្ថិភាពទាំងម្តាយ និងកូនហើយនោះ សាលាខណ្ឌដូនពេញ បានជួយ ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ហើយលោកស្រី ឈឹម វត្តី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ ឧបត្ថម្ភ ១០០ដុល្លារ ដើម្បីជួយសម្រាលការលំបាក និងសម្រាប់ចំណាយលើតម្រូវការក្នុងជីវភាព។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ក៏បានប្រកាសដែរថា មន្ទីរពេទ្យមិនយកប្រាក់ពីអ្នកស្រី ចាន់ ស្រីពៅ នោះទេ ហើយនិងខិតខំជួយព្យាបាលអ្នកស្រី និងមើលថែទារករហូតមានសុខភាពល្អ ទើបឲ្យចេញពីមន្ទីរពេទ្យ៕