CamNews

ព័ត៌មានអន្តរជាតិ 

ច្រើនជាង១ពាន់នាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនមួយរំពេច ក្រោយជីក រកឃើញ គ្រាប់បែកយក្ស សង្គ្រាមលោកលើកទី២

ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋស្លូតត្រង់ច្រើនជាង ១ ពាន់នាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួន មួយរំពេច ក្រោយពី បុគ្គលិកកម្មករ ការដ្ឋានសាងសង់សណ្ឋាគារមួយកន្លែង បានជីករកឃើញ គ្រាប់បែក យក្សធំបំផុត សល់ពីសង្គ្រាមលោកលើកទី ២ នៅជិត សណ្ឋាគារ Cosmo Hotel ក្រុងហុងកុង កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិនហួរ ។


បន្ថែមពីលើនេះ បើយោងតាមសម្តីមន្រ្តីប៉ូលីស ក្នុងស្រុក បានគូសបញ្ជាក់អោយដឹងថា គ្រាប់បែក យក្សមួយនេះ ត្រូវបានគេសន្មត់អោយដឹងថា មានទម្ងន់ដល់ទៅជិត ១ ពាន់គីឡូក្រាម ឯណោះ ដោយនៅក្នុងនោះ វាត្រូវបានគេជឿថា ជាគ្រាប់បែកដែលមានទំហំធំជាងគេបំផុត នៅក្នុងយុគ សម័យសង្គ្រាមលោកលើកទី ពីរ ។


លោក Yuen Hongwing មន្រ្តីជាន់ខ្ពស់ជំនាញខាងគ្រាប់បែក ពុំទាន់ផ្ទុះ មកពី Hong Kong Police Force អោយដឹងថា យោងតាមការស៊ើបអង្កេតជាជំហាន ដំបូង រកអោយឃើញថា គ្រាប់បែកខាង លើគឺបានបន្សល់ទុកដោយកងកម្លាំងទ័ព​ អាមេរិក​ អំឡុងពេលដែលពួកគេ ទម្លាក់គ្រាប់បែកកំ ទេចសម្បទាកងទ័ពយោធា ជប៉ុន កាលពី សម័យសង្គ្រាមលោកលើកទី ២ ។

បន្ថែមពីលើនេះ ប្រភពដដែលបន្តអោយដឹងថា បើសិនណា មិនមានកិច្ចអន្តរាគមន៍ អោយបាន ត្រឹមត្រូវ ឆ្លើយតបទៅនឹង និតិវិធីផ្លូវការនោះទេ គ្រាប់បែកយក្សដ៏មានឥទ្ធិពលមួយនេះ ពិតជាមាន សមត្តភាព ក្នុងការបំផ្លិចបំផ្លាញ នូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន ដែលមានវត្តមាននៅទីនេះ ខណៈវា មានទម្ងន់ដល់ទៅជិត ១ ពាន់គីឡូក្រាមហើយនោះ គ្រាប់បែកមួយនេះ បានផ្ទុកនូវសារធាតុ TNT ដល់ទៅ ១ ពាន់ផោន ខណៈវាមានប្រវែងដល់ទៅ ៦៧ អ៊ីង និងមុខកាត់ដល់ទៅ ២៤ អ៊ីង ឯណោះ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Hong Kong Asia China Beijing