កាលពីល្ងាចថ្ងៃទី ១៦តុលា គេឃើញមានមនុស្សប្រមាណជា មួយពាន់នាក់ បានប្រមូលផ្ដុំគ្នា
នៅមុខព្រះបរមរាជវាំង ធ្វើការអុជទៀន ធូប និងដាក់ថ្វាយផ្កា កម្រងផ្កា ក្នុងបំណងគោរពព្រះ
វិញ្ញាណក្ខន្ធ នៃអង្គសម្ដេចឪ។
នៅវេលាម៉ោងប្រហែល ៤ ល្ងាច ពួកគេបានចាប់ផ្ដើមប្រមូលផ្ដុំគ្នានៅមុខព្រះបរមរាជវាំង លុះ
ដល់ម៉ោងប្រហែលជា ៥ ល្ងាច អ្នកដែលបានចូលរួមក្នុងការជួបជុំនេះ បាននាំគ្នាទិញធូប ទៀន
និងផ្កាជាដើម ដើម្បីយកមកថ្វាយព្រះវិញ្ញាណក្ខន្ធនៃព្រះមហាវិរក្សត្រខ្មែរ ដែលទើបតែសោយ
ទីវង្គត់។
ក្រោយមក ពួកគេបាននាំគ្នាអង្គុយនៅទល់មុខនឹងព្រះឆាយាលក្ខណ៍នៃអង្គសម្ដេចឪ រួចសូត្រ
ធម៌បួងសួង។ អ្នកខ្លះ ដោយសារតែទប់ចិត្ដមិនបាន ក៏យំ ធ្វើអោយមនុស្សជាច្រើននៅក្បែរ
នោះដែលកំពុងអួលដើម.ក ស្រាប់ ក៏ត្រូវបង្ហូរទឹកភ្នែកចេញមកក្រៅ។ ចំណែកខ្ញុំ ដែលជាធ្លាប់
តែជាមនុស្សមិនចេះយំផ្ដេសផ្ដាសនោះ ក៏អួលដើម.ក រកថ្លែងអ្វីមិនចេញ។
នៅក្នុងការប្រមូលផ្ដុំគ្នានេះ ផ្កា ទៀន និងធូប រាប់ពាន់ដើម ត្រូវបានគេអុជ និងថ្វាយដល់ព្រះ
វិញ្ញាណក្ខន្ធ នៃអង្គសម្ដេចឪ។ ប៉ុន្ដែអ្វីដែលគួរអោយចាប់អារម្មណ៍ដែរ នោះគឺតម្លៃរបស់ផ្កា ធូប
និងទៀន ត្រូវបានគេដាក់លក់ក្នុងតម្លៃថ្លៃជាងធម្មតាដល់ទៅពីរដង។ ផ្កាមួយដើមមានតម្លៃ
១,០០០រៀល(ថ្ងៃធម្មតា ៥០០រៀល) ចំណែកធូបវិញ តម្លៃក្នុង ១០ដើមគឺ ១,០០០រៀល៕
អ្នកខ្លះនាំគ្នាសរសេរអំពីអារម្មណ៍ក្ដុកក្ដួលរបស់ខ្លួនទៅក្នុងសៀវភៅអនុស្សវរិយ មុខបរមរាជវាំង
ផ្ការាប់ពាន់ដើមត្រូវបានគេដាក់ថ្វាយនៅមុខបរមរាជវាំង
ដោយ ៖ សូរីយ៉ា