អាមេរិក៖ បន្ទាប់ពីទទួលមរណភាពអស់រយៈពេល ៦ឆ្នាំ ស្នាដៃរបស់ស្ដេច ចម្រៀងប៉ុប Michael Jackson រកប្រាក់ចំណូលបានរហូតដល់ជិត ២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ TMZ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ដែលជាថ្ងៃគម្រប់ខួប ៦ឆ្នាំនៃមរណភាពលោក។
Michael Jackson បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩ ក្នុងវ័យ៥០ឆ្នាំ ស្របពេល ជាមួយគ្នានោះ អចលនទ្រព្យរបស់លោក ត្រូវបានរឹបអូស ដោយសារបំណុល។ គិតមកត្រឹមថ្ងៃនេះគឺមាន រយៈពេល៦ឆ្នាំមកហើយ ដោយស្នាដៃរបស់លោក អាចបង្កើតចំណូលបានជិត ២ពាន់លានដុល្លារអាមេរិក តាមរយៈភាពយន្ត «This is It» ,ការលក់ឌីវីឌីប្រគំតន្ត្រី «Michael Jackson: The Immortal World Tour» ចំនួន ៥០លានអាលប៊ុម រួមនិងប្រាក់ចំណូលផ្សេងៗក្រោមរូបភាពកម្មសិទ្ធបញ្ញារបស់តារាចម្រៀងរូបនេះ។
បំណុលរបស់ Michael Jackson កាលពី៦ឆ្នាំមុនមានចំនួន ៥០០លានដុលា្លរ ហើយប្រសិនបើ ចំណាយដើម្បីសងបំណុលនេះ និងលោះយក ទ្រព្យសម្បត្តិមកវិញ ទឹកប្រាក់ជិត ២ពាន់លានដុល្លារនេះ នៅសល់ត្រឹមតែ ៨០០លានដុល្លារទេ ហើយបើកាត់ពន្ធបន្ថែមពីលើទៀតនោះ គឺនៅត្រឹមតែ ៤៥០លានដុលា្លរតែប៉ុណ្ណោះ។
កូនៗទាំងបីនាក់របស់ Michael Jackson រួមមាន Prince អាយុ ១៨ឆ្នាំ, Paris អាយុ ១៧ឆ្នាំ និង Blanket អាយុ ១៣ឆ្នាំ គឺជាអ្នកទទួលបាន ប្រាក់ចំណូល ពីស្នាដៃឪពុក តែបើពួកគេជ្រើសរើសយក ការលោះទ្រព្យសម្បត្តិ របស់ឪពុកមកវិញ នោះ ម្នាក់ៗនៅសល់ប្រាក់ប្រហែលជាង ១០០លានដុល្លារ តែប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល