CamNews

ប្រទេសចិន៖ រកឃើញសារធាតុគីមីបង្ករោគមហារីក នៅក្នុងទឹកដោះគោ

ប្រទេសចិនកាលពីពេលថ្មីៗនេះទើបតែបានរកឃើញនូវសារធាតុគីមីមួយប្រភេទដែល
អាចបង្កអោយកើតមានជំងឺមហារីក មាននៅក្នុងទឹកដោះគោជាសមិទ្ធិផលរបស់ក្រុមហ៊ុន
ដ៏ល្បីឈ្មោះនាំមុខគេមួយនៅក្នុងប្រទេសនេះ។ ការរកឃើញនេះបានបង្កអោយមានការ
ព្រួយបារម្មណ៍យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ទាំងឡាយទៅលើបញ្ហាគុណភាពអានាម័យ
និងសុវត្ថិភាពរបស់សមិទ្ធិផល។

អង្គភាពត្រួតពិនិត្យគុណភាពរបស់រដ្ឋាភិបាលប្រទេសចិនបានរកឃើញសារធាតុគីមីម្យ៉ាង
មានឈ្មោះថា aflatoxin នៅក្នុងទឹកដោះគោដែលជាសមិទ្ធិផលរបស់ក្រុមហ៊ុនល្បីឈ្មោះ
Mengniu ដែលជាក្រុមហ៊ុនទឹកដោះគោនាំមុខគេនៅក្នុងប្រទេសចិន។ សារធាតុដែលបាន
រកឃើញនោះត្រូវបានអោយដឹងថាគឺជាសារធាតុគីមីម្យ៉ាងដែលដែលអាចបង្កអោយមាន
ជំងឺមហារីកថ្លើម និងជំងឺតម្រងទឹកនោមផងដែរ និងត្រូវបានអង្គការសុខភាពពិភពលោក
(WHO) កត់ចូលក្នុងបញ្ជីរាយនាមសារធាតុគីមីដែលបង្កជំងឺមហារីកក្នុងលំដាប់ថ្នាក់ A
ទៀតផង។

យោងតាមប្រភពពត៌មានពីក្រុមហ៊ុន Mengniu បានអោយដឹងថារោងចក្រផលិតទឹកដោះ
គោខាងលើមានទីតាំងស្ថិតនៅក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន។ ប៉ុន្តែរោងចក្រនេះ
នៅមិនទាន់បានធ្វើការផលិតដើម្បីនាំចេញទៅក្នុងទីផ្សារនៅឡើយទេ។ បើទោះបីជាយ៉ាង
នេះក្តីក្រុមហ៊ុន Mengniu ក៏បានធ្វើសេចក្តីប្រកាសសុំទោសជាសាធារណៈទៅដល់អ្នកប្រើ
ប្រាស់ទូទៅផងដែរ និងបានបញ្ជាក់ថារាល់សមិទ្ធិផលខាងលើគឺសុទ្ធតែត្រូវបានប្រមូលយក
ទៅបំផ្លាញចោលទាំងអស់។

សមិទ្ធិផលទឹកដោះគោនៅក្នុងប្រទេសចិនកំពុងបានក្លាយជារឿងអាស្រូវធំបំផុតមួយស្តីពី
បញ្ហាផ្នែកសុវត្ថិភាពអនាម័យរបស់ផលិតផល គឺនៅបន្ទាប់ពីគេបានរកឃើញសារធាតុគីមី
ម្យ៉ាងឈ្មោះ melamine ចេញពីទឹកដោះគោដូចគ្នាកាលពីកំឡុងឆ្នាំ ២០០៨ កន្លងទៅ។ រាល់
ក្រុមហ៊ុនផលិតទឹកដោះគោដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួន បានប្រើប្រាស់សារ
ធាតុគីមីនេះដើម្បីបង្កើននូវកំរិតបរិមាណនៃសារធាតុចិញ្ចឹមនិងប្រូតេអ៊ីនចូលក្នុងសមិទ្ធិផល
របស់ខ្លួន។ ប៉ុន្តែសារធាតុនោះក៏បានបង្កអោយកុមារ ៦នាក់ត្រូវបានបាត់បង់ជីវិត និងមាន
៣០០.០០០ ករណីផ្សេងទៀតរងទទួលឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ។

ដោយឡែកកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសចិនក៏ធា្លប់បង្កអោយមានការភ្ញាក់ផ្អើដ៏រន្ធត់
មួយផ្សេងទៀតផងដែរដែលទាក់ទងនឹងបញ្ហាសុវត្ថិភាពនិងអនាម័យរបស់សមិទ្ធិផល នោះ
គឺការប្រើប្រាស់នូវផលិតផលប្រេងឆា ដែលផលិតឡើងពីអាហារសេសសល់ចេញពីបណ្តា
ភោជនីយដ្ឋានផ្សេងៗ។ មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន និងបង្កអោយមានការជជែក
វែកញែកគ្នាដ៏ក្តៅគគុកចំពោះបញ្ហាមួយនេះ៕

ប្រភព៖ Zing
ដោយ៖ រស្មី

Tags: chinatoxinsaflatoxinmengniusichuanmelamine