ភ្នំពេញៈ អស់រយៈពេលជិត២ឆ្នាំហើយ ដែលតារាសម្តែង ស្រីស្អាតសាច់ស កញ្ញា ជួប ស្រីពៅ ហៅ ណាណា បានសម្ញែង ពីចំណងស្នេហ៍ផ្អែមល្ហែម ដូចទឹកឃ្មុំ ជាមួយប្រុសកំពូលស្នេហ៍ មានមុខរបរ ជាអ្នកជំនួញ ។ មើលទៅពួកគេ កាន់តែមានចំណងស្អិតល្មួត យល់ចិត្តថ្លើម គ្នាកាន់តែខ្លាំង ធ្វើឲ្យ ទស្សនិកជន ធ្លាប់តែតាមដានជីវិត ស្នេហារបស់នាង ទន្ទឹងរង់ចាំ អ៊ុតមើលថា គូស្នេហ៍មួយនេះ ពេលណាដឹកដៃគ្នា ចូលរោងការតាមប្រពៃណី ។
ជាការពិតណាស់ សម្រាប់មនុស្សស្រីគ្រប់រូប ឲ្យតែបានជួបជាមួយបុរស ដែលខ្លួនស្រឡាញ់ហើយ តែងតែមានក្តីស្រមៃ ចង់រួមរស់នៅជាមួយគ្នា យូរអង្វែង និងដឹកដៃគ្នាចូលរោងការ តាមប្រពៃណី ដើម្បីទុកជាសក្ខីភាព ធ្វើឲ្យស្នេហា មានភាពស្ថិតស្ថេរបានយូរ អង្វែង និងមិនចង់ឲ្យមានឈ្មោះថា ទុំមុនស្រគាល ខ្មាសអស់ញាតិជិតខាងឡើយ។ ដោយឡែកស្រីស្អាត កូនកាត់ចិន កញ្ញា ណាណា ជាតារាសម្តែងមាន ឈ្មោះបោះសំឡេងគួរសម មួយដួងនេះវិញ បែរជាមិនខ្វាយខ្វល់ គិតគូរពីរឿង រៀបការអ្វីឡើយ បើទោះជា ពេលនេះនាងកំពុង តែទទួលបានជោគជ័យក្នុងផ្លូវស្នេហា រហូតបង្កើន ភាពផ្អែមល្ហែម ជាមួយគូស្នេហ៍ ហាក់ក្លាយជាប្ដីប្រពន្ធទៅហើយ ក៏ដោយ ។
បើតាមប្រភពពីអ្នកជិតដិត កញ្ញា ណាណា បានលួចបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា ពួកគេ ទាំងពីរនាក់ បានបង្កាត់ភ្លើងស្នេហ៍ ជាមួយគ្នាយូរមកហើយ ដោយប្រុសស្នេហ៍អ្នកជំនួញ វ័យជាង ៣០ឆ្នាំរូបនេះ ស្រឡាញ់ថ្នាក់ថ្នម ទំនុកបម្រុង នាងជាសង្សារមិនឲ្យទាស់ចិត្តទេ ។
ជានិច្ចកាល ពួកគេតែងតែបណ្តើគ្នា ចេញមុខចេញមាត់ នៅក្នុងសង្គម ដើម្បីបង្អួតភ្នែកមហាជន មិនដែលដាច់ទេ ។ អ្វីដែលធ្វើឲ្យមិត្តភក្តិ និងអ្នកដែលស្គាល់នាង មានការងឿងឆ្ងល់នោះ គឺខាងស្រី កញ្ញា ណាណា ហាក់ដូចជាមិនឈឺក្បាលហាលថ្ងៃ ក្នុងការអន្ទង់ចិត្តគូស្នេហ៍ ឲ្យរៀបការជាមួយនាង ទាល់តែសោះ បើទោះជាពេលនេះ ពួកគេទាំងពីរស្រឡាញ់ គ្នាខ្លាំង ស្ទើរតែដល់ឆ្អឹងក៏ដោយ ។
ប្រភពខាងលើបានប្រាប់ថា កន្លងមកមានមិត្តភក្តិមួយចំនួន ធ្លាប់បានសួរនាំ កញ្ញា ណាណា ពីរឿង រៀបការ ជាមួយគូស្នេហ៍ដែរ នាងចេះតែយកលេសថា មិនទាន់ចង់គិតពីរឿងនេះ ព្រោះនៅក្មេង ។ ម្យ៉ាងចង់យកពេលវេលាមើល ចិត្តថ្លើមគ្នា ឲ្យបានច្រើនសិន រឿងរៀបការសម្រាប់នាង មិនសំខាន់ ទេ អ្វីដែលគិតពេលនេះ គឺរក្សាស្នេហាមួយនេះ ឲ្យរីកស្រស់ផូរផង់ ប្រៀបដូចជា បុប្ផាត្រូវទឹក សន្សើមទៅបានហើយ ចំណែករឿងផ្សេង រង់ចាំពេលក្រោយចាំគិតទៀត។
ដោយតាមរយៈរឿងនេះ ត្រូវបានមហាជនចាត់ទុកថា ស្រីស្អាតកូនកាត់ចិន កញ្ញា ណាណា ទំនង ជាចង់ដើរតាមគន្លង របស់តារាស្រីល្បីឈ្មោះ កញ្ញា គង់ ច័ន្ទស្រីមុំ ហើយមើលទៅ ព្រោះ ថាស្រីមុំ និងសង្សារ បានចំណាយពេលច្រើនឆ្នាំ ស្រឡាញ់មើលចិត្តថ្លើមគ្នា រហូតដល់រស់នៅក្រោម ដំបូល ផ្ទះតែមួយជាមួយគ្នា ប៉ុន្តែពួកគេគ្មាន គម្រោងរៀបការដូចគ្នា។
LookingTODAY ក៏បានព្យាយាមទាក់ទង ទៅតារាស្រីវ័យក្មេង កញ្ញា ណាណា ដើម្បីឲ្យ នាងបញ្ជាក់ និងបកស្រាយចំពោះព័ត៌មាន លើកឡើងខាងលើនេះដែរ ប៉ុន្តែលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ មិន អាចទាក់ទងបាន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤នេះ ៕
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល