(ភ្នំពេញ)៖ ស្របពេលដែលបែបធ្លាយ នូវរឿងរ៉ាវដ៏រសើបរបស់តារាសម្តែង និងម៉ូឌែលស្រីនាង សូរ្យ អេណា ថា បានដណ្តើមយកប្តីគេ ហើយថែមទាំងផ្ញើសារគំរាម និងចង់ជួបមុខជាមួយប្រពន្ធដើមផងនោះ រំលងបានមួយថ្ងៃក្រោយ ពីការផ្ទុះធ្លាយសាច់រឿង ប្រទាក់ក្រឡាគ្នាថ្មីមួយទៀត គឺម្ចាស់ Account Facebook ឈ្មោះថា Marie Young ដែលបានធ្លាប់អាថ៌កំបាំងស្នេហ៍ រវាងកញ្ញា សូរ្យ អេណា ជាមួយបុរសជាប្តីគេនោះ បានចេញមុខចោទប្រកាន់ម្តាយតារាសម្តែង សារ៉ាយ សក្ខណាថា ជាម៉ែយ៉ែម ដឹកញីបន្ស៊ីឈ្មោល ក្នុងសាច់រឿងនេះ។
យ៉ាងណាមិញ ទន្ទឹមនឹងមានការផ្សព្វផ្សាយទាក់ទង លើការចោទប្រកាន់ចំពោះអ្នកស្រី ផាន់ សម្ផស្ស ត្រូវជាម្តាយរបស់តារាសម្តែងស្រី អ្នកនាង សារ៉ាយ សក្ខណា ថា ជាម៉ែយ៉ែម ហើយបានឃុបឃិតរួមគំនិត និងផ្គូរផ្គងតារាស្រីនាង សូរ្យ អេណា ឲ្យមានការទាក់ទងស្នេហា ជាមួយបុរសជាប្តីគេនេះរួចមក តារាស្រីកញ្ញា នៅ សូនីតា នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់នាង កាលពីថ្មីៗបានចេញមុខប្រតិកម្មជំនួស សាមីខ្លួន ដោយទទួចស្នើដល់មហាជន កុំឲ្យមានការយល់ច្រឡំ លើរឿងដែលគេចោទថា អ្នកស្រី ផាន់ សម្ផស្ស ជាម៉ែយ៉ែម បន្តទៀតអី។
កញ្ញា នៅ សូនីតា បានសរសេរបង្ហោះជាសាធារណៈថា «គាត់ជាមនុស្សដែលតែងតែជួយ យកអាសារមនុស្សគ្រប់គ្នា ឈប់បានឈប់ទៅ គាត់ក៏ជាអ្នកមានគុណ មកលើខ្ញុំមួយរូបដែរ»។ ជាមួយគ្នានឹងសរសេរបង្ហោះសារ ពីសំណាក់កញ្ញា នៅ សូនីតា នេះដែរ ភ្លាមៗគេសង្កេតឃើញម្ចា ស់ Acount Facebook មួយមានឈ្មោះថា «Saray Sakana» បាន Comment ឆ្លើយតបវិញថា «អរគុណណាស់មិត្តភក្ដិ គេចង់បង់ខូចឈ្មោះយើង!»។
នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះគេហទំព័រ Khmertalking បានព្យាយាមភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីសុំការបំភ្លឺជុំវិញរឿងចោទប្រកាន់ខាងលើ ពីសំណាក់ម្តាយរបស់តារាស្រី សារ៉ាយ សក្ខណា គឺអ្នកស្រី ផាន់ សម្ផស្ស ប៉ុន្តែលេខទូរស័ព្ទពេលតេចូលគ្មាន អ្នកទទួល៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង