CamNews

ទ័ពជើងទឹកអាមេរិកត្រូវកាត់បន្ថយ ទ័ពជើងទឹកចិន កាន់តែពង្រីកមាឌ

ខណៈពេលដែលបំណងនៃការកាត់បន្ថយថវិការជាតិ បានបង្ខំអោយសេតវិមានត្រូវរៀប
គម្រោងសម្រាប់កងទ័ពជើងទឹកអោយមកនៅតូចជាងមុន ប្រទេសចិនបែរជាកំពុងខិតខំ
បង្កើននាវាចម្បាំងថ្មី និងកាន់តែទំនើបជាងមុនដើម្បីក្លាយជាមហាអំណាចផ្នែកកងទ័ព
ជើងទឹក។

កងម៉ារីនចិនចូលរួមក្នុងសមយុទ្ធដោយធារួមរវាងចិន និងរូស្ស៊ី នៅខេត្ត
Shandong កាលពីឆ្នាំ ២០០៥

ទីភ្នាក់ងារសារព័ត៌មានរបស់ជាតិ និងកងទ័ពចិនបានអោយដឹងថា ក្រុមហ៊ុនផលិតកប៉ាល់
Hudong Zhonghua នៅសៀងហៃ កាលពីខែមុនបានបញ្ចេញកប៉ាល់ថ្មីប្រភេទ 0៧១ ទី៤
ខណៈដែលពិភពលោកកំពុងចាប់អារម្មណ៍ទៅលើការសាកល្បងដំណើរការនាវាដឹងយន្ដ
ហោះដំបូងរបស់ចិន។ ក្រុមអ្នកវិភាគយល់ឃើញថា ការបញ្ចេញកប៉ាល់ជាបន្ដបន្ទាប់បែប
នេះ បានធ្វើអោយចិនកាន់តែមានឥទ្ធិពលខ្លាំងឡើងនៅលើឆាកអន្ដរជាតិ។

Christian Le Miere អ្នកស្រាវជ្រាវផ្នែកសន្ដិសុខនៃមន្ទីរស្រាវជា្រវយុទ្ធសាស្ដ្រ មានមូលដ្ឋាន
នៅក្រុងឡុងបានថ្លែងថា ៖ "នានាចម្បាំងដែលមានកងម៉ារីនច្រើនបែបនេះ បានបង្ហាញពី
មហិច្ឆតាអំណាចរបស់ចិន"។

ការប្រជែងអំណាចកងទ័ព

ប្រទេសចិនកំពុងបង្កើនអំណាចកងទ័ពកាន់តែខ្លាំងឡើងៗ ខណៈដែលភាពតានតឹងនៅ
តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងមានសភាពធ្ងន់ធ្ងរ ដែលអាចនឹងក្លាយជាទីតាំងសំខាន់នៃភាព
តានតឹងផ្នែកនយោបាយពិភពលោកក្នុងទសវត្សខាងមុខ។

កាលពីមុន ក្រុមមេដឹកនាំយោធាតែងចាប់អារម្មណ៍សំខាន់ទៅលើការប៉ះទង្គិចនៅឆកសមុទ្រ
តៃវ៉ាន់។ ប៉ុន្ដែថ្មីៗនេះ ប្រទេសជប៉ុន និងចិនបានប្រឈមមុខដាក់គ្នាដោយសារតែបញ្ហាកោះ
ដែលប្រទេសទាំងពីរប្រកាសថាជាកម្មសិទ្ធិរៀងៗខ្លួន។ ប្រទេសចិន បានបង្កអោយមានភាព
តានតឹងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ដោយការប្រកាសអំពីកម្មសិទ្ធិនៅសមុទ្រចិនខាង
ត្បូង។ ចំណែកកងទ័ពជើងទឹកអាមេរិកវិញ ក៏បានប្រកាសថានឹងពង្រាយកងនាវាថ្មីរបស់ខ្លួន
នៅក្នុងមហាសមុទ្រអាស៊ីប៉ាស៊ីហ្វិកទាំងមូល ដែលមានកំពង់ផែនៅសឹង្ហបុរី ហើយអាចនៅ
ហ្វ៊ីលីពីនផងដែរ។

អនុប្រធានាធិបតិចិន លោក Xi Jinping អ្នកដែលត្រូវបានគេជឿថានឹងក្លាយជាប្រធានាធិបតិ
ចិននៅចុងឆ្នាំនេះ បានអំពាវនាវអោយមានការសហការណ៍គ្នារវាងមហាអំណាចយោធានៅ
ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលលោកបានជួបនឹងរដ្ឋមន្ដ្រីការពារជាតិអាមេរិក Leon
Panetta ក្នុងដំណើរទស្សនកិច្ចក្រុង Washington កាលពីថ្ងៃទី ១៥ កុម្ភៈ។

ប្រទេសដែលផលិតនាវាច្រើនបំផុត

កងទ័ពជើងទឹកចិនមានលទ្ធភាពបង្កើននាវាប្រភេទ 0៧១ (នាវាដឹកទាហាន ៨០០នាក់)
ចំនួន ៨គ្រឿងរួមជាមួយនឹងកប៉ាល់ hovercraft រថក្រោះ និងឧទ្ធម្ភាគចក្រប្រភេទមធ្យម។

គួររំឮកថា ប្រភេទនានាខាងលើនេះត្រូវបានដាក់អោយដំណើរការកាលពីឆ្នាំ ២០០៦ មាន
ឈ្មោះថា Kunlunshan និងត្រូវដាក់អោយស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពជើងទឹកចិន
នៅសមុទ្រឥណ្ឌា។

ក្រុមមេដឹកនាំយោធានិយាយថា ប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចមួយដែលកាន់តែ
ពឹងផ្អែកច្រើនឡើងៗទៅលើការនាំចូលផ្នែកថាមពល ការពង្រីកអំណាចកងទ័ពជើងទឹកគឺ
មានសារសំខាន់ចំពោះសន្ដិសុខនៃប្រទេសនេះ។

កម្លាំងទ័ពជើងទឹកអាមេរិកកាន់តែរួមតូច

ក្រុមអ្នកវិភាគផ្នែកយោធា មិនបានយល់ស្របទៅនឹងការប្រៀបធៀបកម្លាំងទ័ពជើងទឹក រវាង
ប្រទេសចិន និងអាមេរិក ដោយពួកគេយោងទៅលើចំនួននាវាចម្បាំង ហើយភាគច្រើនពួក
គេយល់ស្របថា អាមេរិកមាននាវាដឹកយន្ដហោះចំនួន ១១គ្រឿង នាវាមុជទឹកដើរដោយថាម
ពលបរមាណូជាង ៧០គ្រឿង និងកប៉ាល់ល្បាត ២២គ្រឿង គឺជាប្រទេសមហាអំណាចផ្នែក
កងទ័ពជើងទឹកធំជាងគេក្នុងពិភពលោក។

ពិនិត្យទៅលើបរិមាណ កាំជ្រួច ប្រព័ន្ធអាវុធសំខាន់នានា និងបទពិសោធធ្វើសង្គ្រាម នោះ
បណ្ដានាវាចម្បាំងរបស់អាមេរិក ពិតជាងមានប្រៀបជាងច្រើនធៀបទៅនឹងរបស់ប្រទេស
ចិន ឬមហាអំណាចផ្សេងទៀត។

ប៉ុន្ដែ ជាមួយនឹងគម្រោងកាត់បន្ថយថវិការជាតិសម្រាប់កងទ័ពជើងទឹក ចំនួន ៤៨៧ ពាន់
លានដុល្លារ ក្នុងទសវត្សខាងមុខ ទ័ពជើងទឹកអាមេរិកនឹងត្រូវរួមមកតូច ខណៈដែលកងនាវា
ចម្បាំងរបស់ចិនបន្ដបង្កើនបរិមាណ ក៏ដូចជាគុណភាព។

ប្រទេសដែលចំណាយលើវិស័យការពារជាតិធំទីពីរក្នុងលោក

បន្ទាប់ពីការកើនឡើងចំនួន ២ខ្ទង់ក្នុង ២ទសវត្ស កម្រិតនៃប្រាក់ចំណាយផ្នែកយោធាជារៀង
រាល់ឆ្នាំរបស់ចិនដែលត្រូវបានប្រកាសជាផ្លូវការគឺ ៧,៥% កាលពីឆ្នាំ ២០១០ ដោយសារតែ
វិបត្តិសេដ្ឋកិច្ចពិភពលោក។ ប៉ុន្ដែចំនួននេះ បានកើនឡើងកាលពីឆ្នាំទៅ (១២,៧% ឡើង
ដល់​​​​ ៩១,៥ពាន់លានដុល្លារអាមេរិក)។

ជាទូទៅ ក្រុមអ្នកវិភាគបរទេសយល់ថា ចិនបានប្រកាសអំពីថវិការសម្រាប់វិស័យការពារជាតិ
ទាបជាងការពិត។

រដ្ឋាភិបាល Obama កំពុងមានគម្រោងនឹងចំណាយ ៥២៥ពាន់លានដុល្លារសម្រាប់
វិស័យការពារជាតិក្នុងឆ្នាំ ២០១៣។

នៅក្នុងយុទ្ធសាស្ដ្រពង្រីកអំណាចកងទ័ពជើងទឹក ការប្រកាសអំពីដំណើរការរបស់នាវាដឹក
យន្ដហោះដំបូង(សេងពីអ៊ុយក្រែន) កាលពីឆ្នាំទៅ ត្រូវបានគេមើលឃើញថាជាចំណុចសំខាន់
មួយរបស់ចិនដែលក្លាយជាមហាអំណាចនៅលើសមុទ្រ។ ប៉ុន្ដែ ការវិភាគជាច្រើនបានយល់
ឃើញថា យ៉ាងហោចណាស់ចិនត្រូវចំណាយពេលជាច្រើនឆ្នាំទៀត ទើបនាវាដឹកយន្ដហោះ
នេះអាចមានសមត្ថភាពចូលរួមក្នុងការការពារជាតិជាមួយនឹងយន្ដហោះ អាវុធ និងនាវា
ចម្បាំងជំនួយផ្សេងទៀត។

នៅក្នុងខណៈនេះដែរ អាមេរិកកំពុងបង្វែរទិសដៅយោធាមកកាន់អាស៊ី និងខិតខំបង្កើន
ទំនាក់ទំនងជាមួយប្រទេសជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួន នេះគឺជាផ្នែកមួយដើម្បីប្រឈម
មុខជាមួយនឹងកម្លាំងយោធារបស់ចិនដែលកាន់តែខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters

Tags: chinausawar