CamNews

កីឡាអន្តរជាតិ 

កុំភ្លេច! កម្ពុជា ប៉ះក្រុមខ្លាំងជប៉ុន ម៉ោង ៧៖១៤នាទីយប់នេះ នៅពហុកីឡដ្ឋានអូឡាំពិក

ភ្នំពេញ៖ ពេលវេលាដ៏អស្ចារ្យ ដែលអ្នកគាំទ្រ វិស័យបាល់ទាត់កម្ពុជា ទន្ទឹងរង់ចាំនោះ បានចូលមកដល់ហើយ គឺការប្រកួតជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិជប៉ុន ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Russia 2018 នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលនឹងចាប់ផ្ដើមនាវេលាម៉ោង ៧៖១៤ នាទីយប់នេះ ។

មុនការប្រកួតចាប់ផ្ដើម កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកាម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានធ្វើសន្និសីទ សារព័ត៌មាន មួយនៅពហុកីឡដ្ឋានជាតិ ដើម្បីស្វែងយល់ពីការត្រៀមយុទ្ធសាស្ដ្ររបស់ ថ្នាក់ដឹកនាំក្រុមជម្រើសជាតិទាំងពីរខាងលើ មុននឹងជួបគ្នាយប់នេះ ។

ថ្លែងក្នុងសន្និសីទនោះលោក Vahid Halilhodzic គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន បានបញ្ជាក់ថា ការប្រកួតនេះ គឺក្រុមលោកត្រូវការឈ្នះដាច់ខាត មុននឹងបញ្ចប់ការប្រកួតក្នុងឆ្នាំ២០១៥ ។ លោកនឹងធ្វើឲ្យកីឡាករកម្ពុជា ធ្វើការងារធ្ងន់បន្ដិច ជាពិសេសនៅតំបន់ការពារ ដើម្បីស្វែងរកជ័យជម្នះ ។ ការប្រកួតនេះ លោកនឹងផ្លាស់ប្ដូរកីឡាករយុវជនឲ្យចូលលេងច្រើន ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ ប៉ុន្ដែលោកនៅតែមានសង្ឃឹមឈ្នះ ដោយមិនបាច់ប្រើជម្រើសដំបូងទាំងអស់ឡើយ ។

លោកបន្ដថា កាលពីជើងទី១ ក្រុមជម្រើសជាតិកម្ពុជាច្រើនលេងទម្រង់ការពារ ហើយរកឱកាសវាយបក ព្រោះកីឡាករកម្ពុជាមួយចំនួន ក៏មានល្បឿនលឿនមិនចាញ់កីឡាករជប៉ុនដែរ ដូច្នេះលោកត្រូវរៀបចំខ្សែការពារឲ្យបានល្អ ដើម្បីទប់ស្កាត់ការវាយបករបស់កីឡាករកម្ពុជា ។

ដោយឡែកលោក Lee Tae Hoon គ្រូបង្វឹកកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នក្នុងតំបន់អាស៊ានមិនទាន់មានប្រទេសណាមួយ ដែលមានកម្រិតបច្ចេសខ្ពស់ ដូចជប៉ុនឡើយ បើចង់យកឈ្នះជប៉ុន មិនមែនជារឿងងាយស្រួលនោះទេ តែលោកមានសង្ឃឹម ត្រឹមស្មើក្នុងការប្រកួតនេះ ។ បើប្រៀបធៀបជំនួបជើងទី១ និងជើងទី​២នេះវិញ លោកបានចាត់ទុកថា ជារឿងពិបាកណាស់ ព្រោះកីឡាករជប៉ុនមានកម្រិតបច្ចេកទេសខ្ពស់ ។ ម្យ៉ាងវិញទៀត ការប្រមូលផ្ដុំហ្វឹកហាររបស់កីឡាករជប៉ុន នៅលើទឹកដីកម្ពុជា ក៏ចាប់ផ្ដើមមុនដែរ ព្រោះពួកគេមកដល់មុនភ្នំពេញមុន ។

ទោះជាយ៉ាងណាលោកនៅតែមានសង្ឃឹមទទួលបានលទ្ធផលល្អ ព្រោះនេះជាការប្រកួតក្នុងទឹកដី ប៉ុន្ដែបញ្ហាសំខាន់ ដែលជាក្ដីកង្វល់របស់លោក គឺបញ្ហាកម្លាំងកីឡាករ ដែលគ្មានពេលគ្រប់គ្រាន់សម្រាប់ធ្វើការហ្វឹកហាត់ស្ដារកម្លាំងឡើងវិញ ។ តែលោកបានជំរុញឲ្យកីឡាករ លេងឲ្យបានលឿនបំផុត នៅពេលទទួលបានឱកាសគ្រប់គ្រងបាល់ ដើម្បីបង្កើតឱកាសរកបានគ្រាប់បាល់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Japan Cambodia World Cup