CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានាធិបតីហ្វីលីពីនចុះហត្ថលេខាលើប្រព័ន្ធអត្ដសញ្ញាណកម្មជាតិ ចូលជាច្បាប់ធរមាន

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte  កាលពីថ្ងៃចន្ទកន្លងទៅនេះ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធអត្តសញ្ញាណកម្មហ្វីលីពីនឆ្នាំ ២០១៨ ឱ្យចូលជាច្បាប់ធរមាន។ ច្បាប់នេះ នឹងបង្កើតបាននូវប្រព័ន្ធអត្ដសញ្ញាណកម្មជាតិលើកដំបូងរបស់ប្រទេស ដែលនឹងប្រកាសឱ្យអនុវត្ដចំពោះប្រជាពលរដ្ឋទូទៅ និងជនបរទេស ដែលរស់នៅក្នុងប្រទេសហ្វីលីពីន។

លោក Duterte បាននិយាយថា គោលបំណងនៃប្រព័ន្ធនេះ គឺដើម្បីរក្សាបាននូវសុខសុវត្ថិភាព ឯកជនភាពជាសារវ័ន្ដ ប្រសិទ្ធភាព កាត់បន្ថយអំពើពុករលួយ និងជួយឱ្យប្រព័ន្ធគ្រប់គ្រងកាន់តែមានភាពងាយស្រួល។ មុននឹងច្បាប់នេះ ត្រូវបានអនុម័ត នៅទូទាំងប្រទេស ស្ថាប័នពាក់ព័ន្ធ បានអនុវត្ដនូវយន្ដការអត្ដសញ្ញាណកម្មជាច្រើនទម្រង់ ក៏ប៉ុន្ដែប្រទេសហ្វីលីពីន នៅតែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀត នៅក្នុងពិភពលោក ដែលគ្មានប្រព័ន្ធអត្ដសញ្ញាណកម្មជាតិមួយច្បាស់លាស់។


លោក Duterte បាននិយាយនៅក្នុងពិធីចុះហត្ថលេខានោះថា ប្រព័ន្ធអត្ដសញ្ញាណកម្មហ្វីលីពីន នឹងគាំពារដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងការគំរាមកំហែងនៃភាពក្រីក្រក្នុងសង្គម អំពើពុករលួយ បញ្ហាឧក្រិដ្ឋកម្ម អំពើភេរវកម្ម និងភាពជ្រុលនិយមខាងហិង្សា។

ទិន្ន័យ ដែលបញ្ចូលនៅក្នុងប្រព័ន្ធនោះមានដូចជា ឈ្មោះ ភេទ ស្ថានភាពគ្រួសារ​ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋានស្នាក់នៅបច្ចុប្បន្ន ទីកន្លែងកំណើត លេខទូរសព្ទ អ៊ីម៉ែល និងព័ត៌មានទាក់ទងនឹងរាងកាយ(ជីវមាត្រ) ដូចជា ទម្រង់មុខ ស្នាមផ្ដិតម្រាមដៃ និងស្គែនប្រស្រីភ្នែក។

សេចក្ដីព្រាងច្បាប់នេះ ត្រូវបានអនុម័ត និងផ្ដល់សច្ចាប័នដោយសភា កាលពីខែឧសភា និងបានចុះហត្ថលេខាចូលជាច្បាប់ធរមាន កាលពីថ្ងៃចន្ទម្សិលម៉ិញនេះ។ យោងតាមសេចក្ដីរាយការណ៍របស់ CNN ដំណើរការចុះអត្ដសញ្ញាណកម្មនេះ នឹងអនុវត្ដជាអាទិភាពជូនប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប ពលរដ្ឋចាស់ជរា និងជនពិការ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: Mekongnet