CamNews

ជីវិត និងការងារ 

ក្លាយជាអ្នកមាន ដោយសារឱ្យគេវាយកំទេចសម្ភារៈ ការិយាល័យរបស់ខ្លួន

នៅពេលជីវិតមានការមមាញឹក ភាពតានតឹងកើតមានកាន់តែធ្ងន់ធ្ងរឡើងៗ បណ្ដាលឱ្យមនុស្ស
ពេលខ្លះ ខឹងរហូតដល់ទប់ចិត្ត ទប់ដៃជើងមិនបាន ហើយពួកគេចង់បញ្ចេញកំហឹង។ ដោយគិត
ថា ប្រសិនមានសេវាកម្មមួយដែលអនុញ្ញាតឱ្យមនុស្សអាចបញ្ចេញកំហឹងបាន នោះពិតជាល្អខ្លាំង
ណាស់ ដូច្នេះ Donna Alexander ក៏បានសម្រេចចិត្ត បើក “បន្ទាប់បញ្ចេញកំហឹង” ដើម្បីជួយឱ្យ
មនុស្សទាំងឡាយដែលមានកំហឹង អាចបញ្ចេញចោលនៅទីនេះ។ ពេលនេះ ការងាររបស់នាង
កំពុងដំណើរការល្អ និងទទួលបានការគាំទ្រច្រើន។


Donna Alexander ម្ចាស់​សេវាកម្ម "បន្ទប់​បញ្ចេញ​កំហឹង"

Donna Alexander មានគំនិតបែបនេះ កាលពីនាងមានអាយុ ១៦ឆ្នាំ ដែលពេលនោះនាងកំពុង
រស់នៅជាមួយពុកម្ដាយ នៅក្រុង Chicago អាមេរិក។ Donna Alexander ថ្លែងថា ៖ “នាងខ្ញុំបាន​ឃើញករណីហិង្សាជាច្រើននៅសលារៀន ក៏ដូចជានៅក្នុងគ្រួសារ ដូច្នេះ “បន្ទប់បញ្ចេញកំហឹង”
គឺជាគំនិតដ៏ល្អមួយ។ អ្នករាល់គ្នាត្រូវការកន្លែងណាមួយដើម្បីបញ្ចេញកំហឹងចោល ដោយមិន
មានបញ្ហា។ ប៉ុន្ដែ ពេលនោះ នាងខ្ញុំគិតថា ប្រហែលជាមានគេមានគំនិតបែបនេះ ហើយគេអាច
ធ្វើបានល្អជាងនារីវ័យក្មេងដូចនាងខ្ញុំ”។

មកដល់ឆ្នាំ ២០០២ នៅពេលបានរើទៅកាន់ Texas ដើម្បីរៀន នាងក៏បានសាកល្បងបង្កើត
“បន្ទប់បញ្ចេញកំហឹង” នៅក្នុងផ្ទះរបស់នាង។ “នាងខ្ញុំបានប្រាប់មិត្តភ័ក្ដិថា សម្លាញ់រាល់គ្នា គ្រាន់
តែចំណាយ ៥ដុល្លារ នោះនឹងអាចទៅកាន់ហ្គារ៉ាសរបស់ខ្ញុំ ដើម្បីវាយកំទេចរបស់របរបាន”។

តាំងពីពេលនោះមក មនុស្សជាច្រើនបានទៅកាន់ផ្ទះរបស់នាង ដោយមានដំបងក្នុងដៃ ពួកគេ
បង់ប្រាក់ឱ្យនាង ដើម្បីបានវាយកំទេចសម្ភារៈការិយាល័យចាស់ៗ។ Alexander ថ្លែងថា ៖ “វា
បានធ្វើឱ្យនាងខ្ញុំភ័យខ្លាច។ នាងខ្ញុំមានកូនតូច ២នាក់ ហើយមិនចង់ឱ្យពួកគេឃើញអំពើហិង្សា
បែបនេះ។ ក្រោយមក នាងខ្ញុំក៏សម្រេចចិត្តរកកន្លែងល្អមួយ”។


ការសុំច្បាប់បើកដំណើរការ   “បន្ទប់បញ្ចេញកំហឹង” នេះ     មិនងាយស្រួលប៉ុន្មាននោះឡើយ
ចំណែកការរកជួលដី ក៏ពិបាក។ “នាងខ្ញុំបានអធិប្បាយអំពីដំណើរការរបស់បន្ទប់នេះ ប៉ុន្ដែពួក
គេបានបដិសេធ ដោយនិយាយថា វាសម្រាប់តែមនុស្សឆ្កួតប៉ុណ្ណោះ” ។ យ៉ាងនេះក្ដី ចុងក្រោយ
Alexander ក៏ទទួលបានការយល់ព្រមឱ្យជួលដីមួយកន្លែងនៅ Dallas ហើយតាំងពីពេលនោះ
មក “បន្ទប់បញ្ចេញកំហឹង” មានអតិថិជន កាន់តែច្រើនឡើងៗ។

អតិថិជនរបស់ Alexander គឺមានគ្រប់វ័យ គ្រប់ឋានៈ តាំងពីបុគ្គល អ្នកដឹកនាំក្រុមហ៊ុន រហូត
ដល់អ្នកមានចំណេះដឹងខ្ពងខ្ពស់។ Donna Alexander ឱ្យដឹងថា   លក្ខខណ្ឌនៃការចូលទទួល
សេវាកម្មនេះ នោះគឺ មិនត្រូវយកកាំបិត ឬរណាចូល “បន្ទប់បញ្ចេញកំហឹង” ។


អតិថិជនអាចវាយកំទេចសម្ភារៈទាំងឡាយ ដូចជា ទូរទស្សន៍ កុំព្យូទ័រ ក្បាលចាក់វីដេអូ តុ កៅអី
ទូរចាស់ៗ ដោយប្រើឈើវាយកូន golf , tennis ឬដំបងដែក។ ក្រៅពីសម្ភារៈខាងលើ អតិថិជនក៏
អាច “សម្លាប់” មនុស្សជ័រ ម៉ារ៉ាកាំង ក៏បាន។ និយាយរួម អតិថិជននឹងមានអារម្មណ៍ “ជ្រះថ្លា” និង
បាត់អស់កំហឹង បន្ទាប់ពីបានចូលបន្ទប់នេះ។ ប៉ុន្ដែ អ្នកដែលនឹងចូលក្នុងបន្ទប់នេះ ដាច់ខាតគឺត្រូវ
ពាក់មួកវត្ថិភាព វ៉ែនតា និងម៉ាសមិទច្រមុះ និងមាត់។ ក្រៅពីនេះ ពេលវេលាក៏ត្រូវបានកំណត់
ទៅតាមប្រភេទនៃសំបុត្រ។
 
ជាមួយនឹងតម្លៃ ២៥ដុល្លារ អ្នកនឹងអាចបញ្ចេញកំហឹងបាន ៥នាទី។ ចំពោះសំបុត្រដែលមាន
តម្លៃ ៤៥ដុល្លារ អ្នកនឹងទទួលបាន ១៥នាទី។ ចំណែកសំបុត្រដែលមានតម្លៃខ្ពស់បំផុត និងមាន
រយៈពេល ២៥នាទី អាចឱ្យអ្នក វាយកំទេចអ្វីៗទាំងអស់ក្នុងបន្ទប់ ហើយតម្លៃរបស់វាគឺត្រឹម​តែ​
៧៥ដុល្លារ។


ចាប់តាំងពីបានសម្ពោធ កាលពីខែធ្នូ ឆ្នាំ ២០១១ មកដល់ពេលនេះ Alexander ទទួលបានអតិថិ
ជនជាង ២៤០នាក់ ក្នុងមួយខែៗ ហើយចំនួននេះកំពុងកើនឡើងជាលំដាប់។ បន្ទប់មួយដែល
ស្ថិតនៅលើផ្ទៃដីជិត ២៨០ម៉ែត្រក្រឡានេះ កាន់តែចង្អៀតឡើងៗ ដូច្នេះ Alexander ក៏បានពង្រីក
សេវាកម្មចម្លែកនេះបន្ថែមទៀត។ ជាងនេះ មានអ្នករកស៊ីជាច្រើន ក្នុងនោះមានអ្នករកស៊ីធំៗ បាន
ស្នើទិញយកក្រុមហ៊ុននេះ ដើម្បីពង្រីកសេវាកម្ម ទូទាំងសហរដ្ឋ។ ក្រុមអ្នកវិនិយោគ ក៏មានបំណង
នឹងបើកដំណើរការ “បន្ទប់បញ្ចេញកំហឹង” នេះ នៅអូស្ដ្រាលី រ៉ូម៉ានី អាល្លឺម៉ង់ ។ល។

 


ដោយ ៖ តារា
ប្រភព ៖ huffingtonpost