ព័ត៌មានអន្តរជាតិ ៖ ក្រុមជនរងគ្រោះ ស្តីពី ឧបទ្ទេវហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana ដែលបានធ្លាក់ កាលពីខែ កក្កដា កន្លងទៅ នៅឯ អាកាសយានដ្ឋាន អន្តរជាតិ San Francisco មកទល់នឹងខណៈនេះ ពួកគេ ក៏កំពុងតែដាក់ពាក្យ បណ្តឹង ក៏ដូចជា ទាមទារ រកសំណង ពី Boeingនេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ។
គួររំឭកផងដែរថា ក្នុងចំណោម ជនរងគ្រោះ ដែលបានរស់រានមានជីវិតទាំងអស់ ២៩១ ដោយនៅក្នុង នោះ មានក្រុមជនរងគ្រោះ បានដាក់ពាក្យបណ្តឹង មានគ្នាត្រឹមតែ ៨០ នាក់ ខណៈពេលដែលពួកគេ បានគូសបញ្ជាក់អោយដឹងថា ឧបករណ៍ ក៏ដូចជា បញ្ហាគ្រឿងម៉ាស៊ីន Boeing 777 មានបញ្ហា។ គួរ បញ្ជាក់ផងដែរថា ជាមួយនឹង ឧបទ្ទេវហេតុ ធ្លាក់យន្តហោះ មួយគ្រឿងនេះ កាលពីថ្ងៃទី ៦ កក្កដាកន្លង ទៅនោះ បានបណ្តាលអោយ យុវតី ជាសិស្សសាលា ជនជាតិចិន ៣ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលក្រុមមនុស្ស ជាង ១៨០ នាក់ ផ្សេងទៀត បានទទួល រងរបួស ធ្ងន់ និង ស្រាល ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល បានគូសបញ្ជាក់អោយដឹងថា ក្រុមជនរងគ្រោះទាំង ៨០ នាក់ដែលបានដាក់ ពាក្យបណ្តឹងទាំងនោះ សុទ្ធសឹងតែជាក្រុមមនុស្ស ទទួលរងរបួសធ្ងន់ ពោលគឺ មានតាំងពី ពិការភាព តក់ស្លុតស្មារតី ជាខ្លាំង ប៉ះពាល់ផ្លូវកាយ និងផ្លូវចិត្ត បាត់បង់ប្រាក់ចំណូល ធ្វើ ការចំណាយខ្ពស់ ទៅលើថ្លៃព្យាបាលជាដើម ។ ដោយឡែក មកទល់នឹងសេចក្តីរាយការណ៍ ឬក៏ប្រតិកម្មពី Boeing អ្វីនៅឡើយនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ