ជម្ងឺញៀនប្រើទូរស័ព្ទ នឹងមានឈ្មោះហៅជាផ្លូវការថា "nomophobia" ដែលសរសេរកាត់ពី
កន្សោមពាក្យ ភាសា អង់គ្លេស "No mobile phone phobia" ។
ផលប៉ះពាល់របស់អាការៈនៃជម្ងឺញៀនប្រើទូរស័ព្ទ ចំពោះមនុស្ស កាន់តែកើនឡើង រហូតដល់
ធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ដ្រ ត្រូវរកឈ្មោះដាក់ឱ្យការញៀននេះ។ ចាប់ពីពេលនេះតទៅ ជម្ងឺ
ញៀនប្រើទូរស័ព្ទ ត្រូវបានគេហៅជាផ្លូវការថា "nomophobia" ("No mobile phone phobia")
ដែលមកប្រែក្រៅផ្លូវការថា “ភាពភ័យព្រួយ ពេលគ្មានទូរស័ព្ទចល័ត”។ បច្ចុប្បន្ន ក្រុមយុវវ័យ
គឺជាអ្នកដែលទទួលផលប៉ះពាល់ខ្លាំងបំផុត ដោយសារតែជម្ងឺ Nomophobia នេះ។
រោគសញ្ញានៃជម្ងឺ Nomophobia រូមមាន អារម្មណ៍ភ័យព្រួយ ឬអស់សង្ឃឹម នៅពេលឃ្លាតឆ្ងាយ
ពីស្មាតហ្វូន និងមិនអាចផ្ដោតទៅលើអ្វីផ្សេងឱ្យបានច្រើន ក្រៅតែពីការឆែកព័ត៌មាន លេង
Facebook ជាដើម នៅលើទូរស័ព្ទ។ អាការៈដែលធ្ងន់ជាងនេះ គឺអ្នក “ជម្ងឺ” នឹងស្ថិតក្នុងស្ថាន
ភាពស្រម័យថា ទូរស័ព្ទរបស់ខ្លួនកំពុងរោទ៍ ប៉ុន្ដែការពិត ទូរស័ព្ទមិនបានរោទ៍នោះទេ។
យោងតាមគ្រូពេទ្យចិត្តវិទ្យា ការញៀនប្រើស្មាតហ្វូន ក៏មានលក្ខណៈស្រដៀងនឹងការញៀន
មួយចំនួនផ្សេងទៀត ដោយសារវាមានទំនាក់ទំនងជាមួយនឹងការបាត់បង់តុល្យភាពនៃសារ
ជាតិ dopamire ។ នេះគឺជាសារធាតុ បញ្ជូនក្នុងបណ្ដាញសរសៃប្រសាទ ដែលមានលក្ខណៈ
"លើកសរសើរ" ហើយវាស្ថិតនៅកណ្ដាលខួរក្បាល។ Dopamire ជម្រុញឱ្យមនុស្ស ធ្វើអ្វីមួយ
ដែលពួកគេយល់ថា ជាវិជ្ជមាន។ ការមិនទាន់ទទួលបានដំណឹងអ្វីពីស្មាតហ្វូន បណ្ដាលឱ្យអ្នក
“ជម្ងឺ” តែងតែសម្លឹងមើលទៅលើអេក្រង់ទូរស័ព្ទ ជាបន្តបន្ទាប់ បើទោះជាពុំមានអ្វីនៅទីនោះ។
ជាក់ស្ដែងបំផុត នៅពេលទទួលបានការចុចចូលចិត្ត (Like) ច្រើន ទៅលើរូបថត ឬសំណេរ
របស់ខ្លួនដែលបានបង្ហោះ នៅលើបណ្ដាញសង្គម វាធ្វើឱ្យអ្នកញៀនទូរស័ព្ទ កាន់តែចូលចិត្ត
ទូរស័ព្ទថែមទៀត។ ក្រុមអ្នកវិទ្យាសាស្ដ្រមួយចំនួន បានលើកឡើងនូវគម្រោងការ នាំយកនូវ
អាការៈ nomophobia នេះ ទៅក្នុងកម្មវិធីពិនិត្យជម្ងឺ និងធ្វើស្ថិតិទៅលើបញ្ហាសរសៃប្រសាទ(DSM)
ដែលជាកម្មវិធីលំដាប់ខ្ពស់បំផុត ដើម្បីការពារសុខភាពរបស់មនុស្ស។
ចំណែកអ្នកវិញ តើយល់ថា ខ្លួនកំពុងមានជម្ងឺញៀនស្មាតហ្វូនដែរ ឬទេ?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BusinessInsider