ប្រហែលជា ដោយសារតែមានអារម្មណ៍ធុញថប់យ៉ាងខ្លាំង ដែលមួយថ្ងៃៗ នៅក្នុងក្រោល ដើរនៅជុំវិញ តែវាលស្មៅដដែលៗ មេគោមួយក្បាលរបស់លោក Dieter Mueller រស់នៅទីក្រុង Bern ប្រទេស អាឡឺម៉ង់ បានធ្វើដំណើរកំសាន្តមួយ ដ៏ឆ្ងាយ។ ជាក់ស្តែង មិនដឹងជាតាមរបៀបណានោះទេ បានជា វាវង្វេងឡើង លើដំបូលឃ្លាំង របស់គ្រួសារមួយ ហើយក៏ជាប់នៅលើទីនោះតែម្តង។
លោក Rolf Steiner អ្នកដែលបានឃើញផ្ទាល់ភ្នែក នូវហេតុការណ៍នេះបានឲ្យដឹងថា គាត់បានឃើញ មេគោដែលចូលចិត្តផ្សងព្រេងនេះ ឈរនៅលើដំបូលឃ្លាំងកសិដ្ឋានមួយ។ គ្រោះថ្នាក់ជាងនេះទៀត នោះ ដោយសារតែ ជម្រៀលនៃដំបូលឃ្លាំងនោះ រាងជ្រេខ្លាំង។ ដោយមិនជឿលើភ្នែករបស់ខ្លួន លោក Rolf បានញីភ្នែកសម្លឹងមើលដល់ទៅបីដង ទើបហ៊ានធ្វើការកំណត់បញ្ជាក់ នូវរឿងហេតុនេះ។
រូបភាពមេគោ វង្វេងឡើងលើដំបូលឃ្លាំង
តាមរយះលោក Rolf ដដែល បានបន្តឲ្យដឹងថា ទីបំផុតមេគោនោះ បានរកឃើញកន្លែងចុះមកក្រោម វិញដោយខ្លួនឯង ដើម្បីវិលត្រឡប់ទៅក្រោលវាវិញ និងក៏បានធ្វើឲ្យបែកក្បឿងដំបូលឃ្លាំង មួយចំនួន ផងដែរ។
បើយោងតាមការៀបរាប់របស់លោក Dieter ម្ចាស់មេគោរង្វេងផ្លូវនោះ បានឲ្យដឹងថា មេគោនេះ គឺជា មេគោមួយក្បាល ក្នុងចំណោមគោផ្សេងទៀត ដែលមានភាពចចេសរឹងក្បាលជាងគេបំផុត នៅក្នុង កសិដ្ឋានរបស់គាត់។ វាតែងតែចង់ធ្វើអ្វី ទៅតាមចិត្តចង់របស់វា ដោយមិនស្តាប់សំដីម្ចាស់ឡើយ។ ឲ្យតែវាចូលចិត្ត មេគោនេះត្រៀមខ្លួនជាស្រេច នឹងនៅលើដំបូលផ្ទះនោះជារៀងរហូត។ មុនពេលដែល លោក Rolf បានឃើញហេតុការណ៍នេះ លោក Dieter បានខិតខំល្បួង ដើម្បីបញ្ឆោតវាឲ្យចុះក្រោមដែរ តែវាមិនព្រមចុះមកសោះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14