CamNews

កីឡាអន្តរជាតិ 

Barcelona លុតសេះបង្កង់ Jeventus ៣ ទល់នឹង ១ លើកពាន Champions League (មានវីដេអូ)

មិនខុសពីការទស្សទាយរបស់អ្នកជំនាញលើវិស័យកីឡានោះទេ ក្លឹបសេះបង្កង់ Juventus មិនអាចទប់ ទល់បាន ជាមួយនឹងកំលាំងដ៏ខ្លាំងក្លារបស់ក្លឹបអ្នកមានបុណ្យ Barcelona ឡើយ។ ក្រោមថ្វីជើងដ៏ឆ្នើម របស់ជើងឯកស៊ុតបាល់ទាត់ទាំងបី  Messi - Suarez - Neymar បានជួយឲ្យក្លឹបអ្នកមានបុណ្យ ទទួល បានជ័យជំនះក្នុងលទ្ធផលចប់ការប្រកួត ៣​ ទល់នឹង ១។ ជាមួយនឹងលទ្ធផលនេះ គ្រូបង្វឹកលោក Luis Enrique បានបញ្ចប់ការប្រកួតក្នុងរដូវកាល ២០១៤/២០១៥ ជាមួយនឹងការឈ្នះពានបានបី រួមមាន ពាន La Liga, ពាន ស្តេច និងពាន Champions League។

អាន៖ ដាច់ឆ្ងាយពី Ronaldo, Messi ជាកីឡាករឆ្នើមបំផុត នៅក្នុងប្រវត្តិសាស្រ្ត Cup C1 ឬ Champions League

ម្ចាស់ពានរង្វាន់ La Liga បានចាប់ផ្តើមការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ យ៉ាងរលូន។ បន្ទាប់ពីការសហការ គ្នាបានយ៉ាងល្អ នៅនាទីទី៤ កីឡាករ Iniesta បានបោះបាល់យ៉ាងស្អាត ដល់កីឡាករ Rakitic ស៊ុត ទម្លាយសំណាញ់ទី Jeventus នាំមុខបានមួយគ្រាប់មុន។ នៅនាទីបន្តបន្ទាប់ក្នុងតង់ទី១ ក្រុមកីឡាករ Barcelona បានបន្តការដាក់សំពាធដល់អ្នកចាំទី Jeventus ដោយការមានឱកាសស៊ុតបាល់បញ្ចូលទី ប៉ុន្មានលើកទៀត ប៉ុន្តែគ្រាប់បាល់បន្ថែមមិនត្រូវបានរកបានឡើយ ដោយរក្សានូវលទ្ធផលនាំមុខ ១-០ រហូតដល់ចប់តង់ទី១។

ឈានចូលដល់តង់ទី២ ក្លឹបអ្នកមានបុណ្យ Barcelona នៅតែជាអ្នកគ្រប់គ្រងបាល់បានច្រើនដដែល។ ប៉ុន្តែជាក់ស្តែង ក្រោយប៉ុន្មាននាទី នៃការបោះចោលឱកាសល្អ បន្តបន្ទាប់គ្នារបស់ Suarez (នៅនាទី ទី  ៤៨) និង Messi (នាទីទី ៥១) កីឡាករ Morata របស់ Jeventus បានរកគ្រាប់បាល់តាមស្មើមួយគ្រាប់ វិញ នៅនាទីទី ៥៥។

អាន៖ Ronaldo ថតវីដែអូបង្ហោះ សុំអ្នកសារព័ត៌មាន ទុកឲ្យខ្លួនបាននៅ "ស្ងប់ស្ងៀម"


បន្ទាប់ពីស៊ុតបាល់តាមស្មើវិញបាន Juventus ហាក់ដូចជាលេងបានល្អជាងមុន និងបន្ថែមការវាយ សំរុកទៅខាង Barcelona ។ ប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់បន្ថែមបានទេ រហូតដល់នាទីទី ៦៨ បន្ទាប់ពីអ្នកចាំទី Buffon ចាប់បាល់ក្រឡក ក្រោមកំលាំងជើងស៊ុតដ៏ខ្លាំងរបស់ Messi ខ្សែប្រយុទ្ធល្បី ខាងខាំ Luis Suarez ក៏លេចមុខទាន់ពេលវេលា និងស៊ុតបាល់បន្ថែមបញ្ចូលទីបានសម្រេច ធ្វើឲ្យក្លឹប Barcelona នាំមុខជាថ្មីម្តងទៀត ជាមួយនឹងលទ្ធផល ២ ទល់នឹង ១។ បន្ទាប់មក នៅនាទីចុងក្រោយ នៃការប្រកួត ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកីឡាករ Neymar ក៏រកគ្រាប់បាល់បន្ថែមបានមួយគ្រាប់ ទៀតឲ្យ Barcelona ធ្វើឲ្យចប់ការប្រកួត ក្លឹបអ្នកមានបុណ្យឈ្នះការប្រកួតដោយលទ្ធផល ៣-១ ហើយ ក្លាយជាម្ចាស់ពានរង្វាន់ Champions League នារដូវកាល ២០១៤-២០១៥ នេះ។


Barcelona ក្លាយជាក្លឹបបាល់ទាត់ដំបូងគេនៅក្នុងប្រវត្តិសាស្រ្ត C1/Champions League ដែលមាន កីឡាករដល់ទៅពីររូប រកបានគ្រាប់បាល់លើសពី ១០គ្រាប់ ក្នុងមួយរដូវកាល។ នោះគឺកីឡាករ Lionel Messi និង Neymar។ ខ្សែប្រយុទ្ធទាំងពីររូបនេះ នឹងរួមគ្នាជាមួយនឹងកីឡាករ Cristiano Ronaldo (Real Madrid) ដណ្តើមយកពានរង្វាន់ "ស្តេចទម្លាយសំណាញ់ទី" នៅថ្ងៃខាងមុខនេះ៕


 

ប្រែសម្រួល៖ ករុណា
ប្រភព៖ zing, youtube


Tags: Barcelona Jeventus Champions league cup Football Sport