CamNews

តារា 

មាស សុខសោភា ធ្វើឲ្យ កក្រើកទិវាបាល់ទាត់ស្ដ្រី ថ្នាក់ជាតិ

ភ្នំពេញៈ  តារាចម្រៀងក្នុងដួងចិត្ត យុវវ័យ មាស សុខសោភា កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ម្សិលមិញនេះ ដែលជាថ្ងៃប្រារព្ធ ទិវាបាល់ទាត់ស្រ្ដី ថ្នាក់ជាតិ លើកទី២ នៅក្នុងប្រទេសកម្ពុជា គេបានឃើញនាង បង្ហាញវត្តមាន ធ្វើឲ្យកីឡាការិនី ជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍នោះ ។

វត្តមានរបស់កញ្ញា មាស សុខសោភា ដែលជាតារាចម្រៀង របស់ផលិតកម្ម Town បានបង្កបរិយាកាស យ៉ាងសប្បាយរីករាយបំផុត ដល់កុមារីអាយុក្រោម ១៥ឆ្នាំជាច្រើននាក់ ដែលមកពីបណ្ដាខេត្ត-ក្រុងចំនួន៩ នៃប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតដណ្ដើម ពានរង្វាន់នៃទិវាបាល់ទាត់ស្ដ្រីថ្នាក់ជាតិលើកទី២ ។

ឆ្លៀតក្នុងឱកាសនោះដែរ កញ្ញា មាស សុខសោភា បានថ្លែងនៅក្នុងកម្មវិធីនោះ ទាំងអារម្មណ៍រំភើបរីករាយថា "ខ្ញុំមានអារម្មណ៍ សប្បាយរីករាយ ខ្លាំងណាស់ ដែលក្លឹបបាល់ទាត់ ភ្នំពេញក្រោន បានផ្ដល់ឱកាស និងអញ្ជើញនាងខ្ញុំ ឲ្យចូលរួមសម្ដែងនៅ ក្នុងទិវាបាល់ទាត់ស្រ្ដីនេះ"។

តារាចម្រៀងកំពុងតែ មានប្រជាប្រិយភាព នៅក្នុងស្រទាប់យុវវ័យ ខាងលើនេះ បានបន្ដទៀតថា ការដែលបង្កើតឲ្យ មានទិវាបាល់ទាត់ស្ដ្រី បែបនេះ គឺពិតជាល្អខ្លាំងណាស់ ព្រោះវាអាចផ្ដល់ ឱកាសឲ្យនារីៗ បានបញ្ចេញសមត្ថភាពពិតៗ និងសេចក្ដីស្រលាញ់ ចំពោះវិស័យ បាល់ទាត់ ដែលជាហេតុធ្វើឲ្យស្រ្ដី អាចចូលរួមយ៉ាងសកម្ម នៅលើឆាកជាតិ-អន្ដរជាតិ ។

ជាចុងក្រោយ កញ្ញា មាស សុខសោភា ក៏បានជូនពរ និងជម្រុញឲ្យកុមារីទាំងអស់ ព្យាយាមខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជោគជ័យ នៅថ្ងៃក្រោយ និងមានលទ្ធភាពខ្ពស់ សម្រាប់ដណ្ដើម យកកិត្តិយសឲ្យខ្លួនឯង និងប្រទេសជាតិយើងផងដែរ ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ស្រ្ដី ដែលបានចូលរួមទាំង ៩ខេត្ត-ក្រុងនោះ គឺមានក្រុមបាល់ទាត់ស្រ្ដី ខេត្តកណ្ដាល ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ទីក្រុងភ្នំពេញ និងក្រុងប៉ោយប៉ែត ព្រមទាំងអង្គការនានា មួយចំនួនផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Entertainment khmer star