ភ្នំពេញៈ អស់រយៈពេលជាង១ឆ្នាំហើយ នាយ កុយ រួមជាមួយក្រុមគ្រួសារ នៃសពបានដង្ហោយ ស្វែងរកយុត្តិ ធម៌ និងសំណងជំងឺចិត្ត ពីក្រុមហ៊ុនដឹកជញ្ជូន SK ហើយពេលនេះអ្វី ដែលជាការទន្ទឹង រង់ចាំ របស់ពួកគាត់ ចាប់ផ្តើមមានពន្លឺ ខ្លះៗហើយ ។ តារាកំប្លែងមានឈ្មោះល្បី នាយ កុយ បាន បង្ហើបថានៅក្នុងពេលឆាប់ៗនេះ ខាងក្រុមហ៊ុន នឹងផ្តល់សំណងជំងឺចិត្ត ដល់ជនរងគ្រោះដូចការ បង្គាប់របស់តុលាការ ។
ថ្លែងប្រាប់ LookingTODAY តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នេះតារាកំប្លែង ចាស់វស្សា មានឈ្មោះល្បី លោក ជួង ជី ហៅ នាយ កុយ បានប្រាប់ឲ្យដឹងថា កាលពីសប្តាហ៍មុន លោករួមជាមួយ គ្រួសារជនរងគ្រោះ ទាំងអស់បានជួបពិភាក្សា ដោយផ្ទាល់ជាមួយ ភាគីក្រុមហ៊ុន SK រួចហើយ ដោយភាគី ខាងក្រុមហ៊ុន ព្រមព្រៀងថា នឹងសងសំណង មកខាងក្រុមគ្រួសារ នៃសព នៅក្នុងពេល ឆាប់ៗដ៏ខ្លីនេះ ។
នាយ កុយ បានប្រាប់ឲ្យដឹងថា “ខ្ញុំក៏ដូចជាក្រុមគ្រួសារទាំងអស់ ពិតជាមានអារម្មណ៍ សប្បាយ រីក រាយ នៅ ពេលដែលភាគី ខាងក្រុមហ៊ុនផ្តល់ សញ្ញាភ្លើងខៀវ គិតគូរពីរឿងសំណង ឲ្យគ្រួសារជន រងគ្រោះ ។ ខ្ញុំពិតជា ធូរទ្រូងណាស់ព្រោះថា ខ្ញុំក៏ដូចជាគ្រួសារសព បានចំណាយលុយ ច្រើន ណាស់ ក្នុងការរៀបចំបុណ្យ កូនឲ្យ ស័កិ្តសម ។ បើទោះជាយ៉ាងណា ខាងក្រុមហ៊ុន មិនទាន់បញ្ជាក់ ច្បាស់ នៅឡើយទេថា សងសំណងឲ្យពួកខ្ញុំ ប៉ុន្មានទេ ដោយពួកគេគ្រាន់តែបង្ហើប សញ្ញាវិជ្ជមាន ឲ្យដឹងតែប៉ុណ្ណោះ ” ។
បើទោះជាមានការលើកឡើង ពីតារាកំប្លែងរូបនេះយ៉ាងនេះ ក្តីតែលោកហាក់នៅមិនទាន់ច្បាស់ ក្នុង ចិត្តទេថា ភាគីខាងក្រុមហ៊ុន ផ្តល់សំណងឲ្យទាំង ក្រុមគ្រួសាររងគ្រោះ និងថ្លៃសំណងរថយន្ត លោក ខេមរៈ សេរីមន្ត ឬយ៉ាងណាទេ ដោយខាងក្រុមហ៊ុន មិនបានបញ្ជាក់ច្បាស់ មានតែរង់ចាំមើលសិន ។ ក្រុមហ៊ុនគ្រាន់តែប្រាប់ ថា នឹងផ្តល់ឲ្យនៅក្នុង ពេលឆាប់ៗនេះ អាចនៅក្នុងខែនេះផង ក៏មិនដឹង ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល