ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ក្រោយ ពី ប្រធានាធិបតី ប្រទេស បារាំង Francois Hollande ចេញសេចក្តីប្រកាសជាផ្លូវការ ទំព័រសារព័ត៌មាន បានចេញផ្សាយ អត្ថបទសារព័ត៌មានអោយ ដឹងថា ប្រទេសបារាំង បានប្រកាសកាន់ទុក្ខ រយៈពេល ៣ ថ្ងៃ ដើម្បីជាការរំលឹក និងគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ក្នុងករណីធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ អាល់ហ្សេរី Air Algerie មានជើងហោះហើរ 5017 ។
ទន្ទឹមនឹងមានការជួបប្រជុំ ជាមួយនឹង បណ្តាសាច់ញ្ញាតិ ជនរងគ្រោះ លោក Hollande បានអះអាង អោយដឹងថា ទង់ជាតិ នឹងមានការបង្ហូតត្រឹមតែ ពាក់កណ្តាលដង នៅឯសំណង់អាគារ វិមានរដ្ឋាភិបាល ដោយនៅក្នុងនោះ ប្រទេសនេះ នឹងមានការ កាន់ទុក្ខរយៈ ពេល ៣ ថ្ងៃចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃពុធ ដើម សប្តាហ៍នេះ ។ គួរបញ្ជាក់ថា ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ទាំង ១១៦ នាក់ ក្នុង នោះ មានជនជាតិ បារាំង ៥៤ នាក់ ។
យ៉ាងណាមិញ បើតាមការអោយដឹង ពីមន្រ្តីអង្គការសហប្រជាជាតិគូសបញ្ជាក់កាលពីថ្ងៃសៅរ៍កន្លងទៅ នេះ អោយដឹងថា ប្រអប់ខ្មៅទី ២ ត្រូវបានគេរកឃើញហើយ នៅឯកន្លែងធ្លាក់យន្តហោះ នៅក្នុងប្រទេស ម៉ាលី ។ Radhia Achouri បេក្ខភាព អ្នកនាំពាក្យ មួយរូប និយាយអោយដឹងថា MINUSMA ដែលជាក្រុម ជំនាញរបស់អង្គការ សហប្រជាជាតិ បាននឹងកំពុង បំពេញបេសកម្ម នៅ ក្នុងប្រទេស ម៉ាលី ក្រោយពី មានការស្នើសុំអោយជួយជាជំនួយ ដល់អាជ្ញាធរ ប្រទេសនេះ ។
គួររំឭកថា កាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍កន្លងទៅនេះ គ្មានជនស៊ីវិល ណាម្នាក់មានឱកាសរស់រានមាន ជីវិតនោះទេ ក្នុងករណីធ្លាក់យន្តហោះ របស់ ក្រុមហ៊ុនអាកាសចរណ៍ ជាតិ អាល់ហ្សេរី Air Algerie ដែល បានធ្វើដំណើរពី ប្រទេស Burkina Faso ឆ្ពោះ ទៅប្រទេស អាល់ ហ្សេរី តែបែរជាបានរកឃើញ ថាធ្លាក់ នៅឯប្រទេស ម៉ាលីឯណោះវិញ ក្រោយពីបាត់ការទាក់ទង ពីប្រព័ន្ធរ៉ាដា រយៈពេល ៥០ នាទីក្រោយ ពី បានចេញដំណើរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន