CamNews

កីឡាជាតិ 

ដំណឹង​អាក្រក់! គួច សុគុម្ភៈ និង ប្រាក់ មុនីឧត្តម អាច​នឹង​អវត្ត​មាន​​នៅ​ក្នុង​ការ​ប្រកួត​យប់​នេះ

(ភ្នំពេញ)៖ Page Facebook ផ្លូវការរបស់គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Lee Tae Hoon បានបញ្ជាក់១ម៉ោង​មុន​ថា កីឡាករ​​សំខាន់​២​រូប គួច សុគុម្ភៈ និង ប្រាក់ មុនីឧត្តម អាច​នឹង​អវត្តមានពីការប្រកួតទល់នឹងក្រុមជម្រើសជាតិស៊ីរី នា​ម៉ោង ១១៖០០​នាទី​យប់​នេះ (ម៉ោង​នៅ​កម្ពុជា) ១​ប្រកួត​បង្រ្គប់​កិច្ច​នៃ FIFA World Cup 2018 នៅ​រុស្ស៊ី ។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងខាងលើបានបញ្ជាក់ថា កីឡាករ គួច សុគុម្ភៈ មកពីក្លឹបអាជីពកម្ពុជា ណាហ្គាវើល មាន​អាការៈ​គ្រុន​ក្តៅ​ឈឺ​ក្បាល​ វិល​មុខ គ្រា​ដែល​មិត្ត​រួម​ក្រុម ប្រាក់ មុនីឧត្តម មកពីក្លឹបព្រះខ័នរាជស្វាយរៀងវិញ ឈឺ​សាច់​ដុំ​ខាង​ក្រោយ នា​អំឡុង​ហ្វឹក​ហាត់​នៅ​ក្នុង​ប្រទេស​អូម៉ង់ ដែល​អាច​អវត្តមាន​ចំពោះ​១​ប្រកួត​ចុងក្រោយ ក្នុងជុំទី២ ប្រចាំតំបន់អាស៊ី ។

តែយ៉ាងណាក៏ដោយលោក Lee មិនបានបញ្ជាក់ប្រាប់ថា ពីជម្រើស១១នាក់ដំបូងសម្រាប់ជួបស៊ីរីយប់នេះឡើយ បូក​រួម ទាំង​កីឡាករ​ណា​ខ្លះ​ដែល​ត្រូវ​ជំនួស​កន្លែង គួច សុគុម្ភៈ និង ប្រាក់ មុនីឧត្តម នោះ​ឡើយ ខណៈ​ដែលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មិន​បាន​រួម​ដំណើរ​លើក​នេះ​​ទេ​នោះ គ្រា​ដែល​ជើង​ទី១ នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ជើងខ្លាំងទាំង៣ខាងលើសុទ្ធតែបានបង្ហាញ​ខ្លួន​ដូច​គ្នា ពេល​ចាញ់​ស៊ីរី ៦-០ នោះ ។

១ប្រកួតចាប់ផ្តើមមុនគេនារសៀលថ្ងៃទី២៤ ខែមីនានេះ ក្រុមម្ចាស់ផ្ទះជម្រើសជាតិកង់ហ្គូរូអូស្ត្រាលី បានបំបាក់ក្រុមភ្ញៀវ តាជីគីស្ថាន (Tajikistan) ៧-០ សម្រាប់​វគ្គជម្រុះ World Cup 2018 នៅក្នុងពូល B ៕

គួច សុគុម្ភៈ (ឆ្វេង) និង ប្រាក់ មុនីឧត្តម

 

ផ្តល់សិទ្ធដោយ ៖  ខ្មែរថកឃីង



Tags: local sport news