CamNews

ព័ត៌មានអន្តរជាតិ 

សង្រ្គាម នៅឧបទ្ទីបកូរ៉េ អាចនឹង ប្រទុស្តរាយ ខណៈកូរ៉េខាងជើង រួចជាស្រេច ក្នុងការ វាយប្រហារ

ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំ ប្រទេស កូរ៉េខាងជើង គីម ជុងអ៊ុន ចេញសេចក្តី ប្រកាសព្រមាន អោយដឹង ថា សង្រ្គាម នៅឧបទ្ទីបកូរ៉េ អាចនឹងប្រទុស្តរាយ ខណៈខ្លួន បានប្រាប់ ដល់កម្លាំងយោធា របស់ខ្លួន ថាពិត ជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការ បើកការ វាយប្រហារ ដោយមិនចាំបាច់ ប្រាប់មុន បន្ទាប់ពី មានភាព តានតឹង ជាខ្លាំង នៅឧបទ្ទីបមួយនេះ ក្នុងរយៈពេល ១ សប្តាហ៍ចុងក្រោយ នេះបើយោង តាមការ ដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស aljazeera ។

សេចក្តីប្រកាស យ៉ាងដូច្នេះ អាចធ្វើទៅបាន ដោយមេដឺកនាំ របបកុម្មុយនីស្ត កាលពី ថ្ងៃពុធ ម្សិលមិញ បន្ទាប់ពី មានសេចក្តីរាយការណ៍ ពីវិទ្យស្ថាន US-Korea Institute នៅឯសកលវិទ្យាល័យ Johns Hopkins អោយដឹងថា រូបភាពផ្តាយរណប បានផ្តិតជាប់ ទិដ្ឋភាពរួម នៅក្នុង ប្រទេសកូរ៉េខាងជើង ថាពិតជា បាន ដំណើរការ គ្រឿងចក្រ ប្រេងម៉ាស៊ីន របស់ខ្លួនវិញ ខណៈ មានការចាប់ផ្តើម ប្រតិបត្តិការ កម្មវិធី នុយក្លេអ៊ែរ របស់ខ្លួន សាជាថ្មី ។


យ៉ាងណាមិញ ភាពតានតឺង នៅឧបទ្ទីបកូរ៉េ បានមាន សភាពកាន់តែ ប្រឈមឡើងខ្លាំង បន្ទាប់ពីមានករ ណីកាត់ទោស ប្រហារជីវិត ពូរបស់ខ្លួន កាលពីពេលកន្លងទៅ គឺលោក Jang Song-Thaek ពីទោស ក្បត់​ជាតិ ស្របជាមួយ នឹងការធ្វើ បាតុកម្ម របស់ក្រុមមនុស្ស​ កូរ៉េខាងត្បូង ដោយដុតរូប មេដឹកនាំ បច្ចុប្បន្ន ភាព និងអតីតភាព ប្រទេស កូរ៉េខាងជើង ដោយមានសេចក្តីរាយការណ៍ បរិហាការ ពីការរំលោភ សិទ្ធិ មនុស្ស នៃរបបដឹកនាំ បែបកុម្មុយនីស្ត ដោយនៅក្នុងនោះ កូរ៉េខាងជើង ចោទប្រកាន់ កូរ៉េខាងត្បូង ថា ការ មើលងាយ នៃភាពថ្លៃថ្នូរ ទៅលើប្រទេសខ្លួន ហួសហេតុពេក។

ជាការឆ្លើយតប ទៅនឹងការ គម្រាមវាយប្រហារ ពីសំណាក់ ប្រទេស កូរ៉េខាងជើង សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានអះអាងថា ខ្លួននឹងចាត់វិធានការ វាយបក់ បើសិនណា ពិតជាមានការ វាយប្រហារ ពិត ប្រាកដមែន ។

គួររំឭកផងដែរថា ជាមួយនឹង ដំណើរទស្សនកិច្ច ផ្លូវការ ទៅកាន់ទីបញ្ជាការយោធា លេខ 526 ( Command of Large Combined Unit 526 ) កាលពីថ្ងៃពុធ ម្សិលមិញនេះ មេដឹកនាំ ប្រទេសនេះ បានអះអាង ប្រាប់ ដល់ កម្លាំងយោធា របស់ខ្លួនថា អោយត្រៀមខ្លួន រួចជាស្រេច ក្នុងការ បើកការវាយប្រហារ ដោយមិនចាំ បាច់ប្រាប់មុន។ គួរបញ្ជាក់ថា ការប្រកាស ព្រមានសាជាថ្មីម្តង ទៀតនេះ ត្រូវបានធ្វើឡើង ខណៈពិភព លោក ក៏កំពុងតែប្រារព្ធ កម្មវិធី បុណ្យ ណូអែល ។

ទីភ្នាក់ងារ សារព័ត៌មាន ក្នុងស្រុក ប្រទេស កូរ៉េខាងត្បូង Yonhap រាយការណ៍ អោយដឹងថា ទីបញ្ជាការ យោធា លេខ 526 មានទីតាំង នៅឯក្រុងជាប់មាត់ សមុទ្រ Nampo ភាគពាយព្យ ប្រទេស ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ aljazeera


Tags: North korea South korea Seoul Pyongyang Int news Asia