CamNews

តារា 

រោគសញ្ញាទាំង ១០ ដែលគួរតែប្រុងប្រយ័ត្នលើបញ្ហាខ្វះជាតិទឹក

ទឹក គឺជាសារជាតិដ៏សំខាន់បំផុតសម្រាប់មនុស្សដែលរស់រានមានជីវិតនៅលើភពផែនដីនេះ។ ទឹកផ្លែឈើ ទឹកតែ ឬកាហេ្វមួយកែវ វាមិនគ្រប់គ្រាន់ដើម្បីបង្គ្រប់ជាតិទឹកដូចពិសារទឹកមួយកែវនោះទេ។ បញ្ហាខ្វះជាតិទឹក អាចនឹងបណ្តាលឲ្យមានការប៉ះពាល់ដល់សារពាង្គកាយដែលនឹកស្មានមិនដល់ជាច្រើន។ ដូចនេះ យើងខ្ញុំនឹងសូមធ្វើការណែនាំនូវរោគសញ្ញាមួយចំនួនដែលបង្ហាញថា លោកអ្នកត្រូវការបង្គ្រប់ជាតិទឹកបន្ថែមហើយ។


១. បបូរមាត់ស្ងួត

រោគសញ្ញានេះ ជាសញ្ញា១ដែលងាយស្រួលចំណាំ និងបង្ហាញថាអ្នកពិតជាខ្វះខាតនូវសារជាតិទឺកខ្លាំង។ ពេលដែលលោកអ្នកមានអារម្មណ៍នេះ ប្រាកដជាចង់ពិសារទឹក ប៉ុន្តែច្បាស់ជាមិនមែនជ្រើសរើសយកទឹកសាបនោះទេ គឺទឺកត្រជាក់ និងជាតិផ្អែមហើយ។ នេះ អាចជួយឲ្យអ្នកបាត់ស្រែកទឹកមួយពេល តែមិនបានយូរអង្វែងនោះឡើយ។ មានតែទឹកសាបតែប៉ុណ្នោះ ដែលអាចជួយផ្តល់សំណើមដល់ភ្នាស់រំអិល (mucus membrane) បាន។ ការពិសារទឹកសាប គឺអាចជួយឲ្យមាត់អ្នកមានសំណើមក្នុងរយៈពេលយូរ បើទោះបីជាអ្នកពិសារបានតែមួយជិបក៏ដោយ។


២. ស្បែកស្ងួត

បន្ទាប់ពីបបូរមាត់ស្ងួត អ្នកនឹងឃើញថាស្បែករបស់លោកអ្នកស្ងួតបែកស្រកា។ ក្នុងករណីនេះ គឺវាចាប់ផ្តើមប៉ះពាល់ដល់សរីរាង្គផ្នែកខាងចុងហើយ បើសិនជាលោកអ្នកនូវតែមិនខ្វល់ខ្វាយលើបញ្ហានេះតទៅទៀត។ អ្វីដែលសំខាន់នោះគឺ អ្នកត្រូវការជាតិទឹកដើម្បីឲ្យបែកញើស ហើយប្រសិនបើគ្មានញើសនោះទេ ស្បែករបស់អ្នកមិនអាចលាងសម្អាតជាតិកខ្វក់ និងប្រេងចេញមកបានឡើយ។ ដូចនេះ អ្នកត្រូវតែពិសារទឹកឲ្យបានច្រើន។

៣. ការស្រែកទឹក

អារម្មណ៍ស្រែកទឹក កើតឡើងដោយសារតែមជ្ឈមណ្ឌលគ្រប់គ្រងជាតិទឹកនៅក្នុងខ្លួនរបស់យើងបានបញ្ជូនសញ្ញាទៅកាន់ខួរក្បាលថាខ្វះជាតិទឹក ហើយខួរក្បាលក៏បានបញ្ជូនសញ្ញាត្រលប់ទៅបញ្ជាឲ្យមានការស្រែកទឹកដើម្បីបំពេញជាតិទឹកក្នុងខ្លួនត្រលប់មកវិញ។ ដូចនេះ ប្រសិនបើខ្លួនប្រាណលោកអ្នកបានបង្ហាញនូវរោគសញ្ញាអស់នេះ លោកអ្នកមិនត្រូវប្រងើយកន្តើយនោះទេ។

៤. ភ្នែកស្ងួត

ការខ្វះជាតិទឹក អាចឲ្យស្ងួតបំពង់បង្ហូរទឹកភ្នែកដែលធ្វើឲ្យភ្នែកស្ងួត និងឡើងក្រហម ពេលខ្លះវាធ្វើឲ្យយើងលែងមានទឹកភ្នែកថែមទៀតផង។ ហើយប្រសិនបើអ្នកប្រើប្រាស់ Contact Lens ទៀត វាពិតជាអាចធ្វើឲ្យមានបញ្ហានឹកស្មានមិនដល់លើសនេះទៅទៀត។

៥. ឈឺសន្លាក់

អ្វីដែលអ្នកទាំងអស់មិនដែលដឹងនោះគឺថា ថាស (Disc) នៅក្នុងឆ្អឹងកងខ្នងរបស់យើងមានផ្ទុកជាតិទឹកព័ទ្ធជុំវិញរហូតដល់ ៨០% ។ ការរៀបចំរបស់ធម្មជាតិរបៀបនេះ គឺវាជួយឲ្យឆ្អឹងរបស់យើងមានជាតិរំអិល និងការពារការប៉ះទង្គិចរវាងឆ្អឹងកងមួយទៅឆ្អឹងកងមួយទៀត។ ការបរិភោគទឹកឲ្យបានគ្រប់គ្រាន់ គឺពិតជាមានសារៈសំខាន់ណាស់ ដោយវាជួយឲ្យសន្លាក់ងាយស្រួលបត់បែន និងចលនារហ័សរហួនពេលដែលយើងធ្វើចលនាប្រចាំថ្ងៃ។

៦. ទំហំសាច់ដុំថយចុះ

វាមិនខុសពីថាសនៅក្នុងឆ្អឹងកងខ្នងនោះទេ សាច់ដុំក៏បង្កើតឡើងដោយសារជាតិទឹកដែរ នេះមានន័យថា នៅពេលដែលអ្នកមានបរិមាណជាតិទឹកតិចនោះទំហំសាច់ដុំរបស់អ្នកក៏មានការថយចុះទៅតាមនឹងដូចគ្នា។ នេះជាហេតុផលមួយដែលអ្នកហាត់ប្រាណយកសាច់ដុំតែងតែញ៉ាំទឹកមុន និងក្រោយពេលហាត់ វិធីនេះ គឺអាចជួយឲ្យជាតិទឹកវាចូលទៅផ្ទុកនៅកន្លែងត្រឹមត្រូវរបស់វាក្នុងរាងកាយ។ អ្វីដែលពិសេសនោះគឺ វាជួយឲ្យសាច់ដុំរបស់យើងមិនងាយរលាក និងដំបៅក្រោយពេលដែលធ្វើលំហាត់ប្រាណខ្លាំងនោះទេ។

៧. រយៈពេលនៃការឈឺយូរជាងធម្មតា

ជាធម្មតារាងកាយរបស់យើង ត្រូវការលាងសម្អាតនិងរុញច្រានសារធាតុពុលចេញមកខាងក្រៅសារពាង្គកាយ ប៉ុន្តែដើម្បីឲ្យដំណើរការមួយនេះប្រព្រឹត្តទៅបានលុះត្រាតែមានជាតិទឹកផ្គត់ផ្គង់ទៅសរីរាង្គគ្រប់គ្រាន់។ ដូចនេះ ប្រសិនបើលោកអ្នកបរិភោគជាតិទឹកមិនបានគ្រប់គ្រាន់ទេនោះ សារីរាង្គរបស់អ្នកនឹងព្យាយាមយកឈាមពីកន្លែងផ្សេងដើម្បីជំរុញការបញ្ចេញជាតិពុល ដល់ចុងក្រោយវានឹងធ្វើឲ្យរាងកាយរបស់យើងលេចចេញនូវបញ្ហាអាក្រក់ជាច្រើន។

៨. ហេវហត់ និង​អស់កម្លាំង

ដូចបានរៀបរាប់ខាងលើ នៅពេលដែលរាងកាយមិនមានសារជាតិទឹកគ្រប់គ្រាន់ដើម្បីដំណើរការ វានឹងចាប់ផ្តើមយកឈាមមកប្រើប្រាស់សិន ករណីនេះនឹងធ្វើឲ្យកម្រិតអុកស៊ីហ្សែនធ្លាក់ចុះដោយសារតែឈាមជាអ្នកដឹកនាំអុកស៊ីហ្សែន។ នេះ ជាហេតុផលដែលអ្នកអស់កម្លាំង និងត្រូវការសម្រាក​ប៉ុន្មានម៉ោងដើម្បីត្រលប់មកមានថាមពលវិញ។ ពេលខ្លះកាហ្វេក៏អាចជួយអ្នកបានដែរ តែមិនបានយូរឡើយ វាគ្មានអ្វីល្អជាងពិសារទឹកនោះទេ។

៩.ការស្រេកឃ្លាន

រាងកាយរបស់អ្នក ប្រហែលជាមានការយល់បច្រលំខ្លះរវាងការស្រេកទឹកជាមួយនឹងការស្រេកឃ្លានដោយអ្នកតែងតែភ្ញាក់នៅកណ្តាលអធ្រាត្រព្រោះតែចង់ញ៉ាំអ្វីមួយ។ តែបើពេលនោះលោកអ្នកទៅញ៉ាំអាហារទាំងការយល់ច្រលំនេះ អ្នកនឹងធ្វើឲ្យរាងកាយរបស់អ្នកធ្វើការកាន់តែច្រើនដោយសារតែវាត្រូវការថាមពលដើម្បីរំលាយអាហារដែលអ្នកបានបរិភោគនោះ។ ផ្ទុយមកវិញ បើអ្នកសាកល្បងយកការពិសារទឹកវិញ អ្នកនឹងបង្កើនថាមពលទៅឲ្យសារីរាង្គជាមិនខាន។

១០. បញ្ហារំលាយអាហារ

ភ្នាស់រំអិល (mucus membrane) របស់ក្រពះ និងប្រព័ន្ធរំលាយអាហារទាំងមូល គឺត្រូវការប្រេងរំអិលដើម្បីដំណើរការឲ្យបានត្រឹមត្រូវ។ បើគ្មានសំណើមគ្រប់គ្រាន់នោះទេ អាស៊ីតរបស់ក្រពះនឹងចាប់ផ្តើមកើនឡើងហើយបំផ្លាញកោសិកាខាងក្នុងរាងកាយ។ បញ្ហានេះ ក៏អាចធ្វើឲ្យមានបញ្ហាពិបាករំលាយអាហារផងដែរ ៕


ប្រែសម្រួល ៖ ច័ន្ទ

ប្រភព ៖ womansbeautyextra


Tags: Health news