ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមមន្រ្តី ប៉ូលីស មានសមត្តកិច្ច ក៏កំពុងតែ ព្យាយាម តាមប្រមាញ់ចាប់ បុរស ដែលជាតា ណូអែល ក្លែងក្លាយម្នាក់ បន្ទាប់ពីគាត់ បានបើកឡាន ទៅបុកនឹងផ្ទះ ប្រជាពលរដ្ឋ រួចធ្វើការ រត់ គេចខ្លួន បាត់ស្រមោល នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដឹ មីរ័រ ។
ប្រភព បន្តថា លោក Billy Morren មានវ័យ ៦៦ ឆ្នាំ បានស្ទុះងើប ក្រោកចេញពី ដំណេកមួយរំពេច នាវេលា ម៉ោង ៥ និង ៣០ នាទី ទាបភ្លឺ កាលពីម្សិលមិញ ខណៈលាន់ឭ សម្លេងបុកផ្ទះ របស់គាត់ ដ៏ខ្លាំងមួយ ដែល មានទីតាំង ស្ថិតនៅក្នុងក្រុង Dundee ប្រទេស ស្កុតលែន ។
ជាមួយនឹងឧបទ្ទេវហេតុលើកនេះ គឺ រថយន្ត មួយគ្រឿង ម៉ូដែល Nissan Micra ពណ៌ខៀវ បានបាត់បង់ ម្ចាស់ការណ៍ ដោយនៅក្នុងនោះ បានបើកឡើង លើខឿនថ្មើរជើង និងស្ទុះបុក ផ្ទះតែម្តង។ បើយោងតាម សម្តី លោក Morren ជាអ្នកទទួលរងគ្រោះ ដោយខូចខាត ផ្ទះសម្បែង ផ្ទាល់តែម្តង អោយដឹងថា ភ្លាមៗ នោះ គាត់ក៏បានឃើញ បុរសម្នាក់ ដែលត្រូវបានគេជឿថា ជាអ្នកបើករថយន្ត ស្ថិតនៅ ក្នុងឈុតសម្លៀក បំពាក់ តាណូអែល បានស្ទុះចេញ ពីក្នុងរថយន្ត និងព្យាយាម រត់គេចខ្លួនបាត់តែម្តង។
ដោយឡែក មកទល់នឹងខណៈនេះ អាជ្ញាធរ មានសមត្តកិច្ច ប្រចាំតំបន់ ក៏កំពុងតែធ្វើការ តាមដានស៊ើប អង្កេត កំណត់អត្តសញ្ញាណជនបង្កហេតុ ដើម្បីឈាន ដល់ការចាប់ឃាត់ខ្លួន។ ដោយមានករណី គ្រោះ ថ្នាក់រថយន្ត បុកផ្ទះ ទាំងវេលាព្រឹកព្រលឹម នៅតាមបណ្តោយផ្លូវ Ballindean Road មានទីតាំង ស្ថិតនៅក្នុង តំបន់ Douglas and Angus ក្រុង Dundee ប្រទេស ស្កុតលែន ដោយបានបង្កជា សម្លេងបុកយ៉ាងខ្លាំង ប្រជាពលរដ្ឋ តំបន់នេះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ