CamNews

តារា 

សាយ រតនៈ អត់ទាន់ចង់ខ្វល់ រឿងស្នេហា

ភ្នំពេញៈ ពិធីកររូបស្រស់សង្ហា លោក សាយ រតនៈកន្លងមក លេចឮថា ធ្លាប់មានទំនាក់ទំនង ស្នេហា ជាមួយនិស្សិតស្រី និងអ្នកសិល្បៈរួមអាជីព ខណៈលោកធ្លាប់ចេញមុខ បកស្រាយ រួចមក ហើយ នៅតែស្ថិត ក្នុងមន្ទិលសង្ស័យរបស់ ទស្សនិកជនដដែល ។ ដើម្បីស្រាយចម្ងល់ ទាំងអស់ នោះ លោកបាន ចេញមុខបកស្រាយ សារជាថ្មីម្តងទៀត ដោយអះអាងថា លោកគ្មានទំនាក់ទំនង ក្នុងផ្លូវស្នេហា ជាមួយនារីម្នាក់ណាឡើយ ព្រោះថាមិនទាន់ចង់គិតពីរឿងនេះ រង់ចាំពេលវេលា សមរម្យ ជាងនេះសិន ។

ពាក្យសម្តីរៀបរាប់ខាងលើនេះ គឺធ្វើឡើងនៅក្នុងជំនួប តាមទូរស័ព្ទ ជាមួយគេហទំព័រ Looking TODAY កាលពីពេលថ្មីៗនេះ ដោយលោកបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់មាន ម្ចាស់ចិត្ត (គូស្នេហ៍) ទេ ។ លោកក៏មិនដែលចង់គិត ពីរឿងនេះ នៅ ពេលហ្នឹងដែរ ដោយសារ តែចង់ទុកពេល សម្រាប់ការងារ ធ្វើយ៉ាងណាឲ្យមានភាពរីកចម្រើន មានកេរ្តិ៍ឈ្មោះ លោតឡើង ឲ្យខ្លាំងជាងនេះសិន ។ ម្យ៉ាងខាងស្ថានីយទូរ ទស្សន៍ ស៊ីធីអិន ក៏បានផ្តល់ឱកាស ការងារឲ្យលោក ច្រើន ។ ដូច្នេះលោកមិនចង់ ឲ្យអ្នកដឹក នាំខកចិត្តជាមួយលោក ដោយសារតែការបែងចែក អារម្មណ៍ធ្វើការ ទៅគិតរឿងស្នេហា ឡើយ ។

ពិធីករក្នុងកម្មវិធី “រាត្រីកម្សាន្ត” សាយ រតនៈ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “អ្នកសិល្បៈ អ្វីដែល សំខាន់ គឺកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ហើយប្រសិនបើយើង មានឱកាសស្រវ៉ាហើយ យើងត្រូវ តែខំប្រឹង មិនគួរណាយកពេល ទៅគិតរឿងផ្សេងទេ។ ជាក់ស្តែងដូចជាខ្ញុំ ពេលនេះ អ៊ីចឹង គឺពេល វេលាភាគច្រើន ខ្ញុំផ្តោតទៅលើការងារ មិនសូវមានពេលទំនេរ ទៅគិតរឿងនេះទេ ។ម្យ៉ាងវិញ ទៀតបើយើងមាន អ្នកដែលខ្លួនស្រលាញ់ គឺត្រូវចាំបាច់ ចំណាយពេលសម្រាប់គ្នា ទៅវិញទៅមក ហើយបើស្រលាញ់ ហើយ គ្មានពេលកុំអីល្អជាង ដើម្បីកុំឲ្យមានអារម្មណ៍ថា ពិបាក ” ។

លោក សាយ រតនៈ បានប្រាប់ទៀតថា ការដែលលោកនិយាយបែបនេះ មិនមែនមានន័យថា លោកជាបុរសចិត្តរឹងមិនចេះមានសេ្នហាទេ ប៉ុន្តែរឿងមួយនេះគឺស្ថិតនៅលើ ពេលវេលាសមរម្យ បើសិនជាអាចដកឃ្លា ចាប់ផ្តើមគិតរឿងនេះបាន លោកនឹងគិត សាងគ្រួសារមួយតែម្តង ៕


Tags: star mc host khmer star say rotanak