ស្រ្តីជាម្តាយម្នាក់ រស់នៅទីក្រុង Nakhon Rarchasima បានយំរហូតដួលសន្លប់ ក្រោយពីឃើញកូនស្រីរបស់គាត់ ត្រូវរថយន្ដភីកអាប់បោះពួយបុកស្លាប់យ៉ាងអាណោចអធ័ម ខណៈនាងឆ្លងផ្លូវទៅជិះរថយន្ដក្រុង កាលពីព្រឹកថ្ងៃអង្គារ។
ប៉ូលីស បាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨:១៥ នាទីព្រឹក លើដងផ្លូវ Mittraparp ទល់មុខភូមិ Moo 1 ក្នុងសង្កាត់ Non Sung ។
ប៉ូលីសបន្ថែមថា អ្នកស្រី Saichon Srichao អាយុ ៤០ ឆ្នាំបានជិះម៉ូតូរបស់គាត់ ទៅយកកូនស្រីឈ្មោះ Chansiniee អាយុ ១៦ ឆ្នាំនៅមុខភូមិ ជាកន្លែងដែលនាងឆ្លងផ្លូវទៅជិះរថយន្ដក្រុងទៅសាលារៀន ក្នុងសង្កាត់ Mueang។
យុវតី ដែលរងគ្រោះជានិស្សិតឆ្នាំទី២ នៅមហាវិទ្យាល័យបណ្ដុះបណ្ដាវិជ្ជាជីវៈ Nakhon Ratchasima ដោយនាងសិក្សាមុខជំនាញគណនេយ្យ។ ខណៈដែលស្រ្ដីជាម្ដាយ មើលឃើញនាង Chansiniee ឆ្លងផ្លូវ រថយន្ដភីកអាប់បើកបោះពួយមួយគ្រឿង មិនដឹងជាបើកពីណាទេ បានបុកនាងពេញទំហឹង ហើយអូសនាងជាច្រើនម៉ែត្រតាមបណ្ដោយផ្លូវ។ ហើយនាងក៏បានស្លាប់នៅកន្លែងកើតហេតុតែម្តង ។ អ្នកស្រី Saichon បានស្រែកទ្រហោយំរហូតដួលសន្លប់ ជាច្រើនដង បើទោះបីជា អ្នកមានអ្នកជិតខាងជួយរឹតឲ្យដឹងខ្លួនពីសន្លប់វិញក្តី ។
រថយន្ដភីកអាប់ បានឈប់ចម្ងាយប្រហែល ១៥ ម៉ែត្រពីកន្លែងកើតហេតុ ហើយប៉ូលីសបានចាប់ខ្លួនអ្នកបើកបរ ភេទប្រុស បញ្ជូនមកស្ថានីយ៍ប៉ូលីស Non Sung ដើម្បីឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Asia News Network