CamNews

តារា 

តារាចម្រៀង​ស្រី៥ដួង ក្នុង​ផលិតកម្ម ហង្សមាស ត្រូវ​​បាន​ទស្សនិកជន​មើល​ឃើញ​ថា ស្ងប់ស្ងាត់ និង​គ្មាន​បទ

(ភ្នំពេញ)៖ តារាចម្រៀងស្រី ដែលធ្លាប់តែល្បីខ្លាំងៗ ប្រចាំប្រទេសចំនួន៥ដួង ​បន្ទាប់ពីបានចូលជ្រកកោនក្នុងផលិតកម្មតែមួយ ប៉ុន្តែកេរ្តិ៍ពួកនាង ត្រូវបានគេមើលឃើញថា ហាក់នៅតែទ្រឹងមិនលោតឡើង ដូចកាលពួកគេ នៅផលិតកម្មចាស់ ខណៈតារាចម្រៀងខ្លះ មានបទចម្រៀងគួរសម ហើយតារាចម្រៀងខ្លះទៀត ចេញតែប៉ុន្មានបទ រួចក៏ស្ងាត់ឈឹង ។

តារាចម្រៀងស្រីដែលល្បីដាច់គេ ក្នុងដើមឆ្នាំ២០០០ អ្នកនាង យក់ ឋិតរដ្ឋា បានចូលមកជ្រកកោន ក្នុងផលិតកម្ម «ហង្សមាស» ក្នុងអំឡុងឆ្នាំ២០១២ មកទល់នឹងពេលនេះ មានរយៈ៤ឆ្នាំហើយ ដែលនាងបានចូលក្នុងផលិតកម្មដ៏ធំមួយនេះ ។ តារាចម្រៀង យក់ ឋិតរដ្ឋា ពេលចូលមកដំបូងៗ មានបទចម្រៀងច្រើនគួរសម តែក្រោយមក នាងក៏ស្ងាត់ទៅៗ ពិសេសពេលនាង សម្រាកកូនរួចរាល់ ក៏ស្ងាត់ឈឹងតែម្ដង អាល់ប៊ុមដែលប្រុងប្រៀងនឹងចេញ ក៏ហាក់នៅកាន់តែឆ្ងាយ។

ងាកមកមើលនាង ផន នីដា ហៅស្រីខួច អតីតតារាចម្រៀងផលិតកម្មរ៉ុក បានផ្លាស់ប្ដូរទ្រនំ ក្រោយផលិតកម្មដែលបាន ផ្ដល់កំណើតឲ្យនាង បានដួលរំល ។ នាងធ្លាប់តែច្រៀង បទចម្រៀងមិនចំឡង តែក្រោយចូលក្នុងផលិតកម្ម ហង្សមាស នាងក៏ច្រៀងបទចម្រៀងចំឡងគេ បានប៉ុន្មានបទ ក៏នាងស្ងាត់ឈឹង ហើយមានតែបទចម្រៀង ក្នុងពេលចូលឆ្នាំប៉ុណ្ណោះ ឬក៏ស្ទើរតែគ្មានបទចម្រៀង ណាមួយមានគេស្គាល់ទេ ។ ប៉ុន្តែនាងមិនបានត្អូញត្អែអ្វីឡើយ ហើយបានរំពឹងលើបទចម្រៀង ដែលប្រុងប្រៀបចេញចុងក្រោយ ខណៈគេមិនដឹងថា ពេលណានាងមាន បទចម្រៀងថ្មីចេញឡើយ ។

ដោយឡែកស្រីស្រស់ សុន ស្រីពេជ្រ តារាចម្រៀងស្រីរូបនេះ ធ្លាប់ប្រកាសចាកចេញពីផលិតកម្ម ហង្សមាស ដែរ តែនាងមិនទាន់បានចាកចេញទេ ព្រោះអ្វីៗមិនទាន់ច្បាស់លាស់ ស្រីពេជ្រ ធ្លាប់និយាយថា នាងហាក់ត្រូវបានទស្សនិកជនគិតថា ជាតារាចម្រៀងក្នុងផលិតកម្មឬអត់ទេ ព្រោះគ្មានបទចម្រៀងជាច្រើនឆ្នាំមកហើយ ស្ទើរតែភ្លេចថា ខ្លួនជាតារាចម្រៀងក្នុងផលិតកម្ម មួយនេះទៀតផង ។

ចំណែកតារាចម្រៀង សន នាងផល្លីកា តារាចម្រៀងមកពីផលិតកម្ម ប៊ីកមែន បានហក់ចូលផលិតកម្ម ហង្សមាស ប៉ុន្តែមើលទៅរំពឹងទុកថា ពេលនេះនាងនឹងល្បីល្បាញ ជាងផលិតកម្មចាស់ ព្រោះនាងបានជួបជាតារាចម្រៀងប្រុស ដ៏ល្បីល្បាញ លោក ឆន សុវណ្ណរាជ ជាដៃគូថ្មីរបស់នាង តែក្រោយនាងចេញបាន មួយអាល់ប៊ុមជាមួយ លោកឆន សុវណ្ណរាជ ក៏ហាក់ស្ងប់ស្ងាត់ មិនលេចធ្លោរទាល់តែសោះ ។

យ៉ាងណាមិញ តារាចម្រៀងស្រី សុខ សីឡាលីន បានចូលជ្រកកោនក្នុងផលិតកម្ម ហង្សមាស ក្រោយនាង លាង សុផាឡែន ចូលក្នុងផលិតភ្លេងរីខដ តែនាងហាក់មិនសូវល្បីល្បាញ ដូចជំនាន់នាងច្រៀងនៅផលិតកម្ម អឹម ឡើយ។ បទចម្រៀង សុខ សីឡាលីន មិនសូវលេចធ្លោរ ទោះបីនាងមានបទចម្រៀងនិពន្ធថ្មី និងចំឡងជាច្រើនក៏ដោយ តែនាងនៅតែលេចធ្លោ ក្នុងការឡើងច្រៀងតាមស្ថានីយទូរទស្សន៍នានា ព្រោះពូកែរាំ ៕

តារាចម្រៀង សន នាងផល្លិកា

តារាចម្រៀង យក់ ឋិតរដ្ឋា

តារាចម្រៀង សុន ស្រីពេជ្រ

តារាចម្រៀង សុខ សីឡាលីន

តារាចម្រៀង ផន នីដា ហៅ ស្រីខួច

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh