CamNews

កីឡាអន្តរជាតិ 

Man Utd ប្រកាស​តែង​តាំង​លោក Jose Mourinho ជា​គ្រូ​បង្វឹក​ថ្មី​ផ្លូវ​ការ

(មែនឆេស្ទើ)៖ ក្លឹបបិសាចក្រហម Manchester United បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Jose Mourinho ជាផ្លូវការហើយ ដើម្បីបន្តដឹកនាំជំនួសកៅអីលោក Louis van Gaal ដែលត្រូវបានបណ្តេញចេញពីតំណែងពីពេលនេះ តទៅ ។

សារព័ត៌មាន BBC បានផ្សាយថា អតីតគ្រូបង្វឹក Chelsea រូបនេះបានចុះកិច្ចសន្យាដឹកនាំ Man Utd រយៈពេល៣ឆ្នាំ ពោលគឺនឹងផុតកិច្ចសន្យារហូតដល់ឆ្នាំ២០២០ខាងមុខនៅកីឡដ្ឋាន Old Trafford បន្ទាប់ពីបើកកិច្ចចរចារយៈពេល ៣ថ្ងៃមកនេះ ។

ជាមួយនឹងការទើបទទួលបានការងារថ្មី បន្ទាប់ពីទំនេរអស់រយៈពេលជិត៧ខែមកតាំងពីចុងឆ្នាំ២០១៥ គ្រូបង្វឹកវ័យ ៥៣ឆ្នាំបានថ្លែងថា «ការបានដឹកនាំក្លឹប Man Utd វាប្រពៃខ្លាំងណាស់សម្រាប់ខ្ញុំ ដែលវាបានស្ថិតក្នុងគោលដៅរបស់ខ្ញុំ យូរមកហើយ» ។

ទន្ទឹមនឹងនោះដែរអនុប្រធានប្រតិបត្តិក្លឹបលោក Ed Woodward ក៏បានឲ្យដឹងដែរថា «Jose ជាគ្រូបង្វឹកដ៏ល្អបំផុត ក្នុងក្លឹប Man Utd ចាប់ពីថ្ងៃនេះតទៅ យើងនឹងធ្វើការ និងទទួលជោគជ័យរួមគ្នា» ។

សូមបញ្ជាក់ផងដែរ Manchester United ជាក្លឹបទី២ដែលលេងនៅ Premier League គ្រូបង្វឹកវ័យ៥៣ឆ្នាំ Jose Mourinho បានដឹកនាំ បន្ទាប់ពី Chelsea ក្រៅពីក្លឹបធំៗមានដូចជា FC Porto របស់ព័រទុយហ្គាល់, Inte Milan របស់អ៊ីតាលី និងក្លឹប Real Madrid របស់អេស្ប៉ាញ ៕

លោក Jose Mourinho


ផ្តល់សិទ្ធិដោយ ​៖ ខ្មែរថកឃីង


Tags: Sport news International news