CamNews

តារា 

ឌី លីណា វិលរកឆ្នាំងចាស់ ក្រោយផ្តាច់ខ្លួនជិត ៦ឆ្នាំ

ភ្នំពេញៈ អតីតតារាសម្តែង ក្នុងឈុតឆាកខារ៉ាអូខេ និងជាពិធីការិនី ធ្លាប់មានឈ្មោះបោះសំឡេង កាលពីអំឡុងឆ្នាំ២០០០ អ្នកនាង ឌី លីណា បន្ទាប់ពីផ្អាកសិល្បៈ មួយរយៈធំ ទៅសម្ងំរស់នៅជាមួយ ស្វាមីសាងគ្រួសារយ៉ាងមានសុភមង្គល ក្នុងទឹកដីឯនាយសមុទ្រ ពេលនេះអ្នកនាង បានសម្រេចចិត្ត វិលមករកឆ្នាំងចាស់វិញហើយ។

ជួបសម្ភាសន៍ជាមួយ LookingTODAY តាមទូរស័ព្ទ កាលពីពេលកន្លងទៅថ្មីៗនេះ អតីតតារាសម្តែង និងជាពិធីការិនីសំឡេងផ្អែម អ្នកនាង ឌី លីណា បានថ្លែងប្រាប់ឲ្យដឹងថា អ្នកនាងបានផ្អាកការងារ សិល្បៈប្រមាណ៦ឆ្នាំហើយ អ្នកនាងបានទៅសម្ងំរស់នៅ ជាមួយគ្រួសារ និងមមាញឹក មើលការខុសត្រូវ មើលមុខជំនួញផ្ទាល់ខ្លួន ទើបអត់មានពេលបន្តអាជីព។ ដោយសារតែពេលនេះ ការងារអាចដកឃ្លាបាន អ្នកនាងក៏វិលមកផ្តើមអាជីពនេះវិញ ព្រោះថាអ្នកនាង ស្រឡាញ់ខ្លាំង និងចង់មានស្នាដៃឲ្យច្រើនបន្ថែមទៀត។

តារាស្រីរាងតូចច្រឡឹង អ្នកនាង ឌី លីណា បានប្រាប់ឲ្យដឹងទៀតថា «ពេលនេះខ្ញុំបានងាក មកចាប់អាជីពចាស់វិញហើយ ខ្ញុំកំពុងតែធ្វើ ជាពិធីការិនី នៅស្ថានីយទូរទស្សន៍ អប្សរា មាន៣កម្មវិធី ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ ខ្ញុំក៏ត្រៀមខ្លួនថតរឿង ឲ្យខាងស្ថានីយទូរទស្សន៍មួយទៀតផងដែរ ដោយការថតរឿងនេះ ជាលើកទី១ហើយ ព្រោះកន្លងមកខ្ញុំ មិនដែល មានឱកាស បានសម្តែងរឿងឡើយ…» ។

អ្នកនាងបានប្រាប់ឲ្យដឹងថា នេះជាលើកទី១ហើយ ដែលអ្នកនាងបានសម្តែងរឿង ដោយនៅក្នុងរឿងនេះ អ្នកដឹកនាំឲ្យនាងសម្តែងជាតួសំខាន់ ក្នុងសាច់រឿង។ អ្នកនាងគិតថា ការវិលមកចាប់អាជីពសិល្បៈ ជាលើកទី២ អ្នកនាងមិនទាន់ដឹងច្បាស់ទេថា អាចទទួលបានការគាំទ្រច្រើន កម្រិតណាឡើយ ព្រោះថា នេះជាស្នាដៃដំបូង ម្យ៉ាងអ្នកនាង ក៏បាត់មុខពីសិល្បៈ ច្រើនឆ្នាំមកហើយដែរ ដូច្នេះចង់ដឹងថាយ៉ាងណា មានតែរង់ចាំមើលទាំងអស់គ្នា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh