CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន៖ «ថ្ងៃនេះប្រពន្ធខ្ញុំអាយុគ្រប់៦១ឆ្នាំ គាត់ជាមនុស្សស្រីស្អាតជាងគេសំរាប់ខ្ញុំ»

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ ជាថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាភរិយាដ៏ឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយនៅព្រឹកនេះសម្តេចតេជោ បានបង្ហើបបង្ហាញរំលឹកនូវរឿងរ៉ាវមួយចំនួន ដែលក្នុងឈឺចាប់ក្នុងជីវិតប្តី-ប្រពន្ធជូនសា​ធារណ​ជនបានជ្រាប។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រសូតចេញពីត្រកូលកសិករក្នុងភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤។ មានលោកឪពុកឈ្មោះ លីន គ្រី (ទទួលមរណភាព) និងអ្នកម្តាយឈ្មោះ ប៊ុន ស៊ាងលី មានបងប្អូន៦នាក់​ ស្រី២នាក់។

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន សរសេររៀបរាប់រឿងរ៉ាវមួយចំនួននៅលើ Facebook ផ្លូវការរបស់សម្តេចដែលមានអត្តន័យទាំងស្រុងដូចខាងក្រោម៖

«ថ្ងៃនេះជាខួបកំណើតភរិយាខ្ញុំគម្រប់ ៦១ឆ្នាំ ឈានចូល៦២ឆ្នាំ (១៥ឆ្នូ១៩៥៤.១៥ធ្នូ២០១៥)។ មុនចូលដល់រឿងរីករាយ នៃថ្ងៃកំណើតបងចង់ រំលឹករឿងឈឺចាប់ខ្លះ ក្នុងជីវិតប្តីប្រពន្ធរបស់យើងដើម្បីចែកជូនញាតិមិត្តបានជ្រាប។

រឿងយើងជួបគ្នា និងរៀបការបងនឹងផ្សព្វផ្សាយនាពេលខាងមុខ។ រឿងកូនកំសត់ស្លាប់យ៉ាងវេទនា កាលពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ បងបានសរសេរផ្សព្វផ្សាយរួចមកហើយ តែយើងនៅសល់រឿងរ៉ាវច្រើន ណាស់ដែលកូនៗចៅៗយើង និងបងប្អូនជនរួមជាតិចង់ដឹងចង់ ឮពីប្រវត្តិ នៃជីវិតប្ដីប្រពន្ធរបស់យើង។

បងចង់និយាយពីសោកនាដកម្មមួយទៀត ដែលយើងព្រាត់គ្នានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ក្រោមទំនួញទុក្ខស្រីប្តីព្រាត់ នៅពេលដែលអូនកំពុងមានផ្ទៃពោះជាង៥ខែ នៃកំណើតកូនម៉ាណែត។ បងអត់មានជំរើសឲ្យល្អជាងការងើបឡើងតស៊ូដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប៉ុលពតបានទេ ហើយក៏មិនអាចនាំអូនទៅជាមួយបានដែរ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់។

មុនចេញដំណើរបងបានប្រឹងសរសេរសំបុត្រផ្ញើឱយអូន ជាមួយទឹកភ្នែករាប់ពាន់ម៉ឺនដំណក់។ សំបុត្រនោះបានទៅដល់ដៃ អូននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ តាមរយៈនឿននិរសារដែលមានចិត្តស្មោះត្រង់។

លិខិត២ទំពរ័សរសេរដោយដៃចំណុចដែលបងចាំមិនភ្លេចគឺនូវវគ្គដំបូង និងវគ្គចុងក្រោយ។ វគ្គដំបូង (មកដល់ប្រពន្ធដ៏កំសត់របស់បង ពេលអូនកំពុងអាននូវសំបុត្រនេះរូបបងកំពុងស្ថិតនៅយ៉ាងឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថាខ្លួនឯង នៅទីណាផង)។ បងប្អូនអ្នកអានអាចឆ្ងល់ហេតុអ្វីមិនអាចដឹងបានថាខ្លួននៅទីណា? នេះហើយជាជីវិត នៃអ្នកតស៊ូដែលចាប់ផ្តើមចលនាថ្មីមិនដឹងស្លាប់ឬរស់? មិនដឹងទៅទិសខាងណា?។

វគ្គចុងក្រោយនៃលិខិត(បងសូមលាហើយ, លាដើម្បីជួបគ្នាវិញដោយគ្មានពេលកំណត់)។ ឃ្លាចុងក្រោយបង្កប់ដោយន័យមានសង្ឃឹមផង និងគ្មានសង្ឃឹមផង។ ការព្រាត់លើកនេះមិនដឹងព្រាត់រស់ឬព្រាត់ស្លាប់។ ចាកចោលប្រពន្ធ និងកូនក្នុងផ្ទៃជាមួយ ទឹកភ្នែករាល់ថ្ងៃដោយ អាណិតប្រពន្ធ អាណិតប្រជាជនដែលរបប ប៉ុលពតធ្វើបាបនិង កាប់សម្លាប់រាល់ថ្ងៃ។

ថ្ងៃ៧ មករា១៩៧៩ បានផ្តល់ឱយប្រជាជនកម្ពុជាគ្រប់រូប ដែលនៅសេសសល់ពីការកាប់សម្លាប់បានរស់រានមានជីវិត បង្កើតកូនបង្កើតចៅយ៉ាងច្រើនក្នុង នោះក៏មានក្រុមគ្រួសារខ្ញុំដែរ។

ថ្ងៃនេះប្រពន្ធខ្ញុំអាយុគ្រប់៦១ឆ្នាំ គាត់ជាមនុស្សស្រីស្អាតជាងគេសំរាប់ខ្ញុំ។ ឯខ្ញុំក៏ជាមនុស្សប្រុសស្អាតជាងគេសំរាប់គាត់។ សំណាបយោងដី ស្រីយោងបុរស់ បងមានថ្ងៃនេះក៏មានចំណែករបស់អូនក្នុងនាមជាភរិយាល្អ ម្ដាយល្អ និងជីដូនល្អ។

ជូនពរអូនសុខភាពល្អ និងកុំភ្លេចបូមខ្សល់ឱយបងផង ព្រោះមានតែអូនទេ ដែលមានសិទ្ធិផ្តាច់មុខបូមខ្យល់ឱយប្តី»៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP