(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានចេញបទបញ្ជាឲ្យដកទណ្ឌកម្មសេដ្ឋកិច្ច ចេញពីប្រទេសមីយ៉ាន់ម៉ា ហើយ ក្រោយពីបានដាក់មកលើប្រទេសអាស៊ានមួយនេះ អស់ជាច្រើន ទសវត្សរ៍។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១៦។
ការបោះជំហាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក អូបាម៉ា បានប្រកាសថាសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដកទណ្ឌកម្មចេញពី ប្រទេសអាស៊ានមួយនេះ នៅក្នុងឱកាសបំពេញ ទស្សនកិច្ចរបស់លោកស្រី អោងសាន ស៊ូជី មកកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីខែកញ្ញាកន្លងទៅនេះ។
នៅក្នុងសារដែលត្រូវបានផ្ញើទៅកាន់សភាអាមេរិក លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ការដក ទណ្ឌកម្មសេដ្ឋកិច្ច ចេញពីប្រទេសមីយ៉ាន់ម៉ា គឺជាកត្តាចម្បង ដោយសារតែស្ថានការណ៍នៅក្នុង ប្រទេសនេះ ត្រូវបានផ្លាស់ប្តូរ កែប្រែយ៉ាងច្រើនមករកលទ្ធិប្រជាធិបតេយ្យ។
ទន្ទឹមគ្នានេះដែរ ជាលទ្ធិផលនៃសេចក្តីប្រកាសរបស់លោក អូបាម៉ា ក្រសួងរតនាគារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ទណ្ឌកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលគ្រប់គ្រង ដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួង លែងមានប្រសិទ្ធភាពទៀតហើយ៕
គួរបញ្ជាក់ដែរថា ការដកទណ្ឌកម្មសេដ្ឋកិច្ចនេះ នឹងជួយសម្រួលដល់ការដាក់កំហឹតមកលើ គ្រឹះស្ថានហិរញ្ញវត្ថុរបស់ប្រទេសមីយ៉ាន់ម៉ា ដោយអនុញ្ញាតការធ្វើពាណិជ្ជកម្មមួយចំនួន ពាក់ព័ន្ធនឹងពាណិជ្ជករអាមេរិកដែលរស់នៅមីយ៉ាន់ និងលុបសហគ្រាសនិងធនាគាររបស់រដ្ឋចំនួន១០ ចេញពីបញ្ជីខ្មៅ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង