CamNews

សុខភាព 

អស់បារម្ភរឿងឈឺជើង និងស្ពឹកស្រពន់ដោយគ្រាន់តែប្រើវិធីធម្មជាតិទាំងនេះ

ការឈឺចាប់ត្រង់ជើងគឺជាបញ្ហាដ៏សាមញ្ញមួយ ដែលមានចំពោះមនុស្សគ្រប់វ័យ។ ការឈឺចាប់អាចចាប់ផ្ដើមដោយកម្រិតតិចតួច រហូតដល់អារម្មណ៍ឈឺចាប់ធ្ងន់ធ្ងរ។ ការឈឺចាប់នេះអាចកើតដល់ជើងម្ខាង ឬជើងទាំងសងខាង។ ការឈឺចាប់ជើងខ្លះអាចនាំឱ្យពិបាកក្នុងខ្លួន និងបង្កការរំខានជាខ្លាំង ហើយនៅកន្លែងដែលឈឺខ្លាំង អាចប៉ះពាល់ដល់ចលនាបត់បែនរាងកាយរបស់អ្នក និងធ្វើឱ្យអ្នកមានការពិបាកក្នុងការទម្លាក់ទម្ងន់រាងកាយទៅលើជើងរបស់អ្នក។  ការឈឺចាប់ជើងនេះ អាចបណ្ដាលមកពីមូលហេតុជាច្រើន។

 

ភាគច្រើនការឈឺចាប់បណ្ដាលមកពីរមួលក្រពើ ការកន្រ្ដាក់សាច់ដុំ សភាពនឿយហត់សាច់ដុំ កង្វះសារធាតុចិញ្ចឹម ខ្សោះជាតិទឹក ឬឈររយៈពេលយូរ។ ប៉ុន្ដែពេលខ្លះ ការឈឺចាប់អាចជាសញ្ញានៃអាការៈរមួលសាច់ដុំ ការឈឺសរសៃពួ និងការរងរបួសឆ្អឺងពេលធ្វើសកម្មភាពច្រើនហួសហេតុ។ បញ្ហាវេជ្ជសាស្រ្ដមួយចំនួន ដូចជា ការកកឈាមនៅសរសៃវ៉ែន ជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក់ រោគប្រគ្រីវ ជំងឺរីកសរសៃវ៉ែន និងការខូចសរសៃប្រសាទ ក៏ជាមូលហេតុនាំឱ្យឈឺចាប់ជើងនេះដែរ។

១. ស្អុំទឹកកក៖ នៅពេលការឈឺចាប់ជើងកើតឡើង ក្រោយពេលអ្នកធ្វើសកម្មភាពរាងកាយរហ័សរហួន អ្នកអាចយកទឹកកកមកស្អុំ។ ការស្អុំទឹកកកនេះនឹងជួយអ្នកកាត់បន្ថយការឈឺចាប់ ដោយការធ្វើឱ្យស្ពឹកនៅត្រង់កន្លែងឈឺចាប់នោះ និងគ្រប់គ្រងសាច់មិនឱ្យហើម និងរលាក។

  • ខ្ចប់ដុំកកនៅក្នុងកន្សែងពោះគោស្ដើងមួយ
  • យកទឹកកកដែលខ្ចប់ក្នុងកន្សែងនោះមកស្អំត្រង់កន្លែងឈឺចាប់ឱ្យបាន ១០ ទៅ ១៥នាទី​ ដោយលើកជើងរបស់អ្នកឡើងលើ
  • អនុវត្ដការស្អុំនេះ ឱ្យបានពីរ ឬបីដងក្នុងមួយថ្ងៃ

បញ្ជាក់៖ សូមកុំយកទឹកកកទៅស្អុំដោយផ្ទាល់នៅលើស្បែក ពីព្រោះវាអាចបណ្ដាលឱ្យស្លាប់កោសិកាស្បែកដោយភាពត្រជាក់។

២. ការម៉ាស្សា៖ ការម៉ាស្សាជួយឱ្យធូរស្រាលឆាប់រហ័ស ពីការរបួសសាច់ដុំ ដែលបណ្ដាលឱ្យមានការឈឺចាប់ត្រង់ជើង។ ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១២ ចុះផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្ដបកស្រាយពីឱសថ(Science Translational Medicine journal) ក្រុមអ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា ការព្យាបាលដោយប្រើវិធីម៉ាស្សា ១០ នាទី មានប្រសិទ្ធភាពបន្ថយការរលាក ក្រោយការហាត់ប្រាណដោយមានរបួសសាច់ដុំ។ លើសពីនេះទៀត ការម៉ាស្សាលើកកម្ពស់ចរន្ដឈាមរត់ និងជួយបន្ធូរស្រ្ដេស និងការថប់អារម្មណ៍។

  • យកប្រេងអូលាវ ឬប្រេងដូងមកលុញត្រង់កន្លែងឈឺចាប់
  • ប្រើដៃលុញថ្នមៗ ដើម្បីម៉ាស្សាជើងរបស់អ្នកឱ្យបានប្រហែល ១០នាទី
  • អនុវត្ដដូច្នេះឱ្យបាន ២ ឬ៣ដងរាល់ថ្ងៃ

 

៣. រមៀត៖ ឱសថព្យាបាលអាការៈឈឺជើងដ៏មានប្រសិទ្ធភាពមួយមុខទៀតគឺមើមរមៀត ដែលមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ព្រមទាំងគុណសម្បត្ដិប្រឆាំងនឹងការរលាក។ សមាសធាតុ curcumin នៅក្នុងរមៀតមានប្រសិទ្ធភាពទប់ស្កាត់ចំនួនម៉ូលីគុល ដែលដើរតួនាទីធ្វើឱ្យរលាក និងមានការឈឺចាប់។


  • លាយម្សៅរមៀតមួយស្លាបព្រាកាហ្វេជាមួយនឹងប្រេងល្ងក្ដៅឧណ្ហៗ ដើម្បីបង្កើតជាល្បាយខាប់។ បន្ទាប់មកលាបនៅត្រង់កន្លែងឈឺចាប់ ហើយលុញវាថ្នមៗ។ រងចាំឱ្យបាន ៣០នាទីមុនពេលលាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ។ សូមអនុវត្ដដូច្នេះ ឱ្យបានពីរដងក្នុងមួយថ្ងៃ។
  • ម្យ៉ាងទៀត សូមពិសាទឹកដោះគោផ្សំលាយជាមួយរមៀតឱ្យបានម្ដង ឬពីរដងក្នុងមួយថ្ងៃ។
  • ជម្រើសមួយទៀត គឺត្រូវយករមៀតធ្វើជារបបអាហារបង្រ្គប់បន្ថែម ប៉ុន្ដែសូមអនុវត្ដក្រោមការណែនាំរបស់វេជ្ជបណ្ឌិត។

បញ្ជាក់៖ ប្រសិនបើអ្នកប្រើថ្នាំដើម្បីពង្រាវឈាម សូមប្រឹក្សាជាមួយវេជ្ជបណ្ឌិត មុនពេលប្រើមើមរមៀតធ្វើជាឱសថ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ top10homeremedies


Tags: Health news