ភ្នំពេញ៖ នៅពេលដែលប្រិយមិត្តអ្នកអាន បានឃើញចំណងជើងថា «កែវ ស្រីនាង ក្លាយជាតារានាំស៊យប្រចាំភូមិ» លោកអ្នកពិតជា មានចម្ងល់ក្នុងចិត្ត និងគិតថា ហេតុអ្វីបានជា កែវ ស្រីនាង ដែលជាតារាសម្ដែងដ៏ល្បីម្នាក់ នាំស៊យដល់អ្នកដទៃក្នុងភូមិ? តើរឿងនេះជាការពិតដែរឬទេ? អ្វីដែលជាការពិត នឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ ខាងមុខនេះ នៅពេលដែលរឿង «ក្រមុំសៅកែ» នឹងត្រូវបានចាក់បញ្ចាំងតាមបណ្ដា រោងភាពយន្តទំនើបនានា ក្នុងរាជធានីភ្នំពេញ ដើម្បីស្រាយចម្ងល់ថា ហេតុអ្វីបានជា កែវ ស្រីនាង ជាមនុស្សកំពូលស៊យ?
ក្នុងរឿង «ក្រមុំសៅកែ» អ្នកនាង កែវ ស្រីនាង បានទទួលតំណែងជាតួឯកស្រី និងជានារីស្រស់ស្អាតម្នាក់ ប្រចាំក្នុងភូមិ ដែលមានបុរសៗ តាមសុំស្នេហ៍ច្រើន ប៉ុន្តែខុសតែម្យ៉ាង សម្រាប់អ្នកនាង កែវ ស្រីនាង គឺឲ្យតែមានបុរសណាម្នាក់ មកតាមស្រទ្បាញ់ បុរសនោះនឹងត្រូវជួបគ្រោះថា្នក់គ្រប់ៗគ្នា បើមិនគ្រោះថ្នាក់ចរាចរណ៍ ក៏ត្រូវជួបគ្រោះថ្នាក់អ្វីផ្សេងដែរ ។
នេះជាលើកទី១ហើយ ដែលអ្នកនាង កែវ ស្រីនាង តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្លាយខ្លួនជានារីកំពូលនាំស៊យ ដោយគ្មាននរណាហ៊ានចូលស្ដីដណ្ដឹង ធ្វើជាប្រពន្ធ រហូតមានអ្នកស្រុកអ្នកភូមិ ដាក់រហស្សនាមជា «ក្រមុំសៅកែប្រចាំភូមិ» ។
សូមបញ្ជាក់ថា រឿង «ក្រមុំសៅកែ» ដែលជាខ្សែភាពយន្តថ្មីមួយទៀត របស់ផលិតកម្មមហាហង្ស គ្រោងនឹងចាក់បញ្ចាំងជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការចាក់បញ្ចាំងរឿងជាច្រើននាពេលកន្លងមក ។ រឿង «ក្រមុំសៅកែ» ជាប្រភេទរឿង កាច់កុងឌឺដង ស្នេហាគ្រោតគ្រាត ផ្អែមត្រជាក់ ឈ្នានីស ភ័យរន្ធត់ កំប្លែង អស់សំណើច តាំងពីដើមរហូតដល់ចប់ ដែលនឹងធ្វើឲ្យអ្នកទស្សនា ប្លែកចម្លែកអារម្មណ៍ និងតាមដានយ៉ាងជក់ចិត្ត ។
ភាពយន្តរឿង «ក្រមុំសៅកែ» មានការចូលរួមសម្ដែងជាតួឯក ដោយអ្នកនាង កែវ ស្រីនាង និងលោក អូន ឧស្សាហ៍ ជាតួឯកប្រុស ។ ក្នុងនោះមានតួអង្គសំខាន់ៗច្រើនទៀតរួមមាន លោក អ៊ុន សុធា លោក សុវណ្ណ គិរី កញ្ញា អាង សុនីតា កញ្ញា ដួង ស្រីពេជ្រ លោក ប្រាក់ សារួន និងអ្នកស្រី ពៅ ថាវី ជាដើម ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល