CamNews

តារា 

វីជេ រតនា ភ្ជាប់​ពាក្យ​ជា​មួយ​គូ​ស្នេហ៍​ស្ងាត់ៗ និង​ត្រៀម​ខ្លួន​ចូល​រោង​ការ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីករ ក្នុងកម្មវិធី «ស្នេហ៍អាថ៌កំបាំង»លោក វីជេ រតនា កាលពីថ្ងៃម្សិលមិញ នេះ បានសម្ងំរៀបចំកម្មវិធីចូលស្តីដណ្តឹង គូស្នេហ៍រូបស្អាត នាង លឹម លីហ្សា តាមប្រពៃណីខ្មែរ ដើម្បីបង្ហាញពីទំហំទឹកចិត្តស្រឡាញ់គូស្នេហ៍ មិនប្រែចិត្ត និងគន់គូរកថ្ងៃចូលរោងការ សាងសុភមង្គល ទៅថ្ងៃអនាគត។

បន្ទាប់ពីតារាសម្តែងប្រុស វីជេ រតនា បានជួបស្នេហ៍ប្រះស្រាំ ជាមួយអតីតគូស្នេហ៍រួចមក លោកក៏បានស្រវ៉ាយកនារីរូបស្អាត នាង លឹម លីហ្សា ជាគូស្នេហ៍ព្យាបាលដំបៅបេះដូង ដោយមួយរយៈ ដែលពួកគេទាក់ទងគ្នា គេឃើញមានទាំងភាពផ្អែមល្ហែម មានទាំងការរិះគន់ ដោយមានអ្នកខ្លះគិតថា ចំណងស្នេហ៍មួយនេះ មិនអាចនៅឋិតថេរបាន យូរអង្វែងថែមទៀតផង ។ ប៉ុន្តែនៅទីបំផុត តារាប្រុសរូបសង្ហាម្នាក់នេះ បានធ្វើឲ្យអ្នករិះគន់ និងអ្នកគាំទ្រ លោកបានភ្លឺភ្នែក និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនៅសុខៗលោក និងគូស្នេហ៍ បានរំលេចរូបថតអង្គុយ សំពះផ្ទឹម ក្នុងថ្ងៃចូលស្តីដណ្តឹង (ភ្ជាប់ពាក្យ) តាមប្រពៃណី ដោយមានវត្តមានចាស់ទុំទាំងសង និងជំនូន មាននំមានផ្លែឈើផងដែរ ។

នៅក្នុងនោះ ក្រោយពីគូស្នេហ៍មួយគូនេះ បានភ្ជាប់ពាក្យជាមួយគ្នាហើយ ក៏ដោយតារាប្រុសដែលកំពុងតែឈោងចាប់ប្រជាប្រិយភាព វីជេ រតនា ក៏បានទម្លាយប្រាប់ថា «បន្ទាប់ពីខ្ញុំទាំងពីរនាក់ បានភ្ជាប់ហើយ នៅក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ខ្ញុំទាំងពីរនាក់នេះនឹងចូលរោងការហើយ…»។

សូមជម្រាបផងដែរថា មុនពេលដែល វីជេ រតនា មកបង្កាត់ភ្លើងស្នេហ៍ ជាមួយគូដណ្តឹង គឺលោកធ្លាប់បានជួបស្នេហាព្រាត់ប្រាស ជាមួយអតីតគូស្នេហ៍វ័យក្មេង តារាចម្រៀង នាង សន នាងផល្លីកា ម្តងមកហើយ ក្រោយពីលោកនិងអតីតគូស្នេហ៍ បានសាងស្នេហ៍ផ្អែមល្ហែម រស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នាអស់ពេលច្រើនឆ្នាំមក។ តែស្នេហាមួយនេះបានបែកបាក់ទៅវិញ ដោយសារតែមានអ្នកទី៣ ចូលជ្រៀតជ្រែកស្នេហ៍ ទើបចែកផ្លូវគ្នាដើររៀងខ្លួន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh