(ភ្នំពេញ)៖ បន្ទាប់ពីមានការចុះផ្សាយថា ខ្សែប្រយុទ្ធឆ្នើមនៃក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបជប៉ុន Fujieda MYFC ព្រមព្រៀងលក្ខខណ្ឌគ្រប់យ៉ាង ដើម្បីនាំយកទៅលេងឲ្យក្លឹបលំដាប់លីគទី៣ ជប៉ុននេះ ភ្លាមៗក្លឹបបឹងកេតអង្គរ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីយប់មិញថា ដោយបានច្រានចោលព័ត៌មាននេះ ហើយថាមិនមែនជាព័ត៌មានពិតឡើយ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបជើងឯក ២ជំនាន់នេះ បានសរសេរថា «ក្លឹបបឹងកេតអង្គរ មានកិត្តិយសសូមប្រកាសច្រានចោលពាក្យចចាមអារ៉ាមមិនពិតជុំវិញខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលបណ្ដាញផ្សព្វផ្សាយមួយចំនួនចុះផ្សាយថាក្លឹប Fujieda MYFC ព្រមព្រៀងលក្ខខណ្ឌគ្រប់យ៉ាង ឬ វឌ្ឍនាកា នឹងទៅចូលរួមក្លឹបនៃលីគទី៣ជប៉ុនមួយនេះ ក្រោយចប់ភារកិច្ចនៅ AFF Suzuki Cup 2016 និង Toyota Mekong Club Championship»។
ក្លឹបដែលស្ថិតក្នុងខេត្តកំពង់ចាមខាងលើបានបន្តថា «ក្លឹបបឹងកេតអង្គរ សូមបញ្ជាក់ថាក្លិប Fujieda MYFC ពិតជាបានដាក់សំណើផ្លូវការមកកាន់ក្លឹបពិតមែន ប៉ុន្តែសាម៉ីកីឡាករមិនទាន់ធ្វើការសម្រេចចិត្តណាមួយនៅឡើយទេ។ ទន្ទឹមនឹងនេះដែរ ក្លឹបបឹងកេតអង្គរ សូមសំណូមពរដល់បណ្ដាញផ្សព្វផ្សាយនានាសូមមេត្តាចៀសវាងការចុះផ្សាយពាក្យចចាមអារ៉ាមមិនពិតប្រាកដដែលអាចប៉ះពាល់ដល់ស្មារតីកីឡាករ ដើម្បីទុកពេលវេលាឱ្យ វឌ្ឍនាកា បានផ្ដោតអារម្មណ៍ពេញលេញក្នុងការជួយក្រុមជម្រើសជាតិកម្ពុជាដែលកំពុងប្រកួតនៅជុំផ្ដាច់ព្រ័ត្រ AFF Suzuki Cup ជាលើកដំបូងគិតតាំងពីឆ្នាំ២០០៨មក»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ ខ្សែប្រយុទ្ធជើងឆ្វេង ចាន់ វឌ្ឍនាកា បានទៅទស្សនៈកិច្ច និងហ្វឹកហាត់រយៈពេលមួយសប្ដាហ៍ពេញជាមួយក្លឹប Fujieda MYFC របស់ជប៉ុន ហើយអំឡុងពេលហ្វឹកហាត់ជាមួយក្លឹបលំដាប់លីគទី៣ ជប៉ុននេះ ថ្នាក់ដឹកនាំ និងគ្រូបង្វឹកនៃក្លឹប Fujieda MYFC ពិតជាមានការចាប់អារម្មណ៍ចំពោះសមត្ថភាពរបស់ វឌ្ឍនាកា ពិតមែន ប៉ុន្ដែក្លឹបទាំងពីរ រួមទាំងសមាជិកខ្លួនផងដែរ នៅមិនទាន់បង្ហើបឲ្យដឹងពីគម្រោងច្បាស់លាស់ ស្ដីពីការផ្លាស់ប្ដូរកីឡាករ ចាន់ វឌ្ឍនាកា នោះទេ៕
កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា (រូបស្តាំ)
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី