CamNews

ព័ត៌មានជាតិ 

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចង់ឱ្យមានការលាបពណ៌ថ្មីលើអគារបូឌិញទាំងមូលឡើងវិញ ក្រោយអាជ្ញាធរលុបរូបគំនូរ

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រតិកម្មទៅនឹងការលុបរូបគំនូរស្រ្តីកាន់ម្ជុលនិងអំបោះ នៅលើអគារបូឌិញ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយលោកចង់ឱ្យមានការ​លាប​​ពណ៌ថ្មីឡើងវិញនៅលើអគារនេះ ដើម្បីលម្អសោភ័ណភាពទីក្រុងភ្នំពេញ។

លោករដ្ឋមន្រ្តីបានសរសេរនៅលើទំព័រ Facebook នៅថ្ងៃទី១៨ ខែធ្នូនេះថា «ដល់អាយុឡើងហុកគិតចេះតែប្លែក ! ខ្ញុំគិតថា បើសិនជាខ្ញុំជ្រុលទៅលុបរូបលើជញ្ជាំងប៊ុលឌិញដ៏កញ្ចាស់អញ្ចឹងហើយ ខ្ញុំសុខចិត្តលាប​ពណ៌ថ្មី អោយប៊ុលឌិញទាំងមូលតែម្តង ដើម្បីបានស្អាតទីក្រុងផង។ សូមទោស មនុស្សចាស់គិតលេងៗទេ»។

អាជ្ញាធរក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ បានលុបរូបគំនូរធំមួយផ្ទាំងនៅលើជញ្ជាំងអគារបូឌិញផ្នែកខាងជើង ដែលគូរដោយវិចិត្រករបរទេស ក្រោមហេតុផលថាការគូរគំនូរធំលើអគារនេះ មិនបានសុំច្បាប់អនុញ្ញាត ហើយធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពរាជធានី និងវប្បធម៌ខ្មែរ។

ក្នុងរូបគំនូរនេះ បង្ហាញពីស្រ្តីវ័យកណ្តាលម្នាក់ឈរកាន់ម្ជុល និងអំបោះ ហើយងើបមុខសម្លឹងទៅលើដែលអ្នកខ្លះនិយាយថា ជាវប្បធម៌ខ្មែរសុទ្ធសាធ ប៉ុន្តែមនុស្សចំនួនទៀតនិយាយថា សម្លៀកបំពាក់ស្រ្តីក្នុងរូបគំនូរនោះដូចជាមិនមែនជារបស់ខ្មែរទេ។ ក្រោយពីលុបរូបនេះ អាជ្ញាធររាជធានីក៏ទទួលរងនូវការរិះគន់ ពីអង្គការសង្គមស៊ីវិល និងសាធារណជនផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី


Tags: Cambodia Social News PP