ភ្នំពេញ៖ អ្នកចម្រៀង ប្រចាំផលិតកម្ម ថោន មាស សុខសោភា ត្រូវបានមហាជនស្គាល់ យ៉ាងច្បាស់ថា ជាតារាចម្រៀងមានឈ្មោះ បោះសម្លេង បានយូរ បើទោះបីជា មកដល់ពេលនេះ នាងហាក់ មានវ័យច្រើន បន្តិចក៏ពិតមែន។ ប៉ុន្តែតារាចម្រៀងសំឡេង ក្រអួនក្រអៅរូបនេះ នៅតែបន្តការខិតខំច្រៀង បញ្ចេញសំឡេងទាំង ក្នុងផលិតកម្ម និង ឆាកប្រគំតន្រ្តីមិនរាថយទេ ដើម្បីរក្សាភាពល្បីល្បាញ លំដាប់កំពូលដដែល។
ការរក្សាបាននូវភាពស្ថិតស្ថេរ ទាំងកេរ្តិ៍ឈ្មោះល្បី និង ការគាំទ្រ ទាមទារអាស្រ័យ លើតារាប្រុស-ស្រីទាំង នោះជាអ្នកកំណត់គោលដៅ និងរៀបចាំ ជោគវាសនាខ្លួនឯង ដោយផ្ទាល់ ដើម្បីបំពេញចំណាប់ អារម្មណ៍របស់ទស្សនិកជន ជាអ្នកគាំទ្រ និងអាចឈាន ទៅចាប់យកទីផ្សារ សិល្បៈបាននាពេលអនាគត។
ជាក់ស្តែងបើក្រឡេក ទៅមើលតារាចម្រៀងស្រី មួយរូបរបស់ខ្មែរ គឺអ្នកនាង មាស សុខសោភា ថ្វីដ្បិតតែនាង ជាតារាចាស់វស្សាបន្តិចក៏ពិតមែន ប៉ុន្តែតារាច្រៀងរូបនេះ នៅតែរក្សាបានប្រជាប្រិយភាព និងការគាំទ្រច្រើនឡើងៗ ខណៈដែលតារាប្រុស-ស្រីវ័យក្មេង និងជើងចាស់មួយចំនួន កំពុងតែបាក់ស្រុត ធ្លាក់ចុះនូវសំឡេងគាំទ្រ យ៉ាងកំហុកដោយសារតែភាពអំនួត តម្កើងខ្លួនវាយឫកជ្រួលហួស ដាក់ក្រសែខ្សែភ្នែកទស្សនិកជន ដែលជាអ្នកគាំទ្រ។
ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទអ្នកច្រៀង មាស សុខសោភា បាននិយាយថា «ចាស បង ! ខ្ញុំអរគុណខ្លាំងណាស់ ដល់ពុកម៉ែបងប្អូន ដែលនៅតែបន្តការគាំទ្រ និងលើកចិត្តខ្ញុំចាប់តាំងពីដំបូង រហូតមកដល់ពេលនេះ។ ខ្ញុំបានល្បី ដោយសារមានការគាំទ្រ ពីសំណាក់ទស្សនិកជន ដូច្នោះខ្ញុំនឹងរក្សាឲ្យតម្លៃ ដល់ពួកគាត់វិញ ពោលគឺសេចក្តីគោរព ..»។
តារាចម្រៀងគ្រាប់ពេជ្រ របស់ផលិតកម្ម ថោន មាស សុខសោភា បាននិយាយទៀតថា «សម្រាប់ខ្លួនខ្ញុំផ្ទាល់ គិតថា ការរក្សាបាន នូវប្រជាប្រិយភាព និងការគាំទ្រ ព្រមទាំងកេរ្តិ៍ឈ្មោះល្បី ឲ្យបានស្ថិតស្ថេរបានយូរអង្វែងនោះ គឺអាស្រ័យ លើតារាខ្លួនយើងផ្ទាល់ គឺយើងទាំងអស់ ជាអ្នកសិល្បៈ ត្រូវមានចិត្តមួយ ដោយទាមទារ ប្រឹងថែរក្សាឲ្យបាន បើយើងទទួលការគាំទ្រ មានកេរ្ដិ៍ឈ្មោះល្បីហើយនោះ..»។
អ្នកច្រៀង មាស សុខសោភា បានបញ្ជាក់ប្រាប់ថា «ភាពចាំបាច់ដែលត្រូវតែមាននោះ គឺទី១ ការរៀបចំអត្តចរឹក ឲ្យបានសមសម្រាប់ខ្សែភ្នែក ទស្សនិកជន ជាអ្នកគាំទ្រ និងការប្រកាន់ខ្ជាប់ នូវតម្លៃអ្នកគាំទ្រ។ ទី២ ភាពទាន់សម័យ ឬហៅថា ការអាប់ឌេត( Update) ចំណុចនេះចង់និយាយថា យើងជាតារា ធ្វើយ៉ាងម៉េច ត្រូវរិះរកអ្វីដែលថ្មី និងប្លែកភ្នែក សម្រាប់អ្នកគាំទ្រ ដូចជាក្បាច់រាំ , បទចម្រៀង និងការតុបតែងខ្លួនជាដើម ប៉ុន្តែកុំឱ្យជ្រួលហួសពេក..»។
ជាមួយគ្នានេះអ្នកនាង មាស សុខសោភា ក៏បានបន្ថែមទៀតថា ការដែលនាងអាចរក្សាបាន ការគាំទ្រ និងកេរ្តិ៍ឈ្មោះល្បីរហូតដល់សព្វថ្ងៃនេះ គឺដោយសារតែការរៀបចំ អត្តចរឹតឫកពារ,ការឲ្យតម្លៃដល់បង ប្អូនជាអ្នកគាំទ្រ,គោរពពេលវេលា និងរើសយកគំនិត ដែលល្អៗមកអនុវត្តន៍។ មាស សុខសោភា បាន បន្តទៀតថា «បើទោះបីខ្ញុំ មានឈ្មោះល្បី ក៏ពិតមែន តែមិនដែលមានអារម្មណ៍ ឬគិតថា រើសអើង ដល់អ្នកគាំទ្រម្នាក់ ណានោះឡើយ..» ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល