ស្ទើរតែមិនគួរអោយជឿ ៖ វេជ្ជបណ្ឌិត មកពីប្រទេសចិន ត្រូវបាន រកអោយឃើញថា ទទួលបានការជោគ ជ័យ ក្នុងការផ្សាំដៃកំបុត បុរសម្នាក់ ទៅនឹង កជើង របស់គាត់ ដើម្បីបន្តរក្សា វាអោយនៅ មានជីវិត នេះបើ យោងតាមការ ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេសប្លែក ដឹមីរ័រ ដែលទើបតែបាន ចេញផ្សាយ កាលពីពេលថ្មីៗនេះ ។
គួរបញ្ជាក់ផងដែរថា បុរសដែល ជាជនរងគ្រោះ រូបនោះ មានឈ្មោះថា Xiao Wei ។ ក្រោយពី បានជួបនឹង គ្រោះថ្នាក់ នៅកន្លែងការងារ ពោលគឺ នៅរោងចក្រ ឧស្សាហកម្ម ដៃរបស់គាត់ ត្រូវបានកាត់ផ្តាច់ ដោយ គ្រឿងចក្រ មួយគ្រឿង កាលពីថ្ងៃទី ២០ វិច្ឆិកា កន្លងទៅ។ បុរសរូបនេះ គូសបញ្ជាក់ អោយដឹងថា គាត់ពិត ជាមានភាពភ័យខ្លាច រន្ធត់ និងតក់ស្លុត ជាខ្លាំង ខណៈកើតមានឡើង នូវគ្រោះថ្នាក់លើកនេះ ។ ដោយ ឃើញហេតុការណ៍ គ្រោះថ្នាក់ យ៉ាងដូច្នេះ ក្រុមការងារ របស់គាត់ ក៏បានបញ្ជូនគាត់ ទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ ក្នុងក្រុង Changde នាខេត្ត Hunan ប្រទេសចិន ដើម្បីធ្វើការជួយសង្គ្រោះ។
យ៉ាងណាមិញ ក្រុមវេជ្ជបណ្ឌិត អះអាងថា ពួកគេ អាចនឹងជួយបាន តែមិនទាន់ភ្លាមៗ នោះទេ ពោលគឺ ត្រូវ ធ្វើការ ផ្សាំដៃកំបុតនោះ ទៅនឹង កជើង របស់គាត់ ដើម្បីបន្តរក្សាវា អោយនៅមានជីវិត ជាមុនសិន មុននឹង ធ្វើការវះកាត់ ជាផ្លូវការ នាពេលអនាគត ដ៏ខ្លីខាងមុខនេះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ