CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យភាគីថៃ យកចិត្តទុកដាក់ថែទាំពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ

(បាងកក)៖ នៅព្រឹកថ្ងៃសៅរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ទស្សនកិច្ចផ្លូវការនៅប្រទេសថៃ កាលពីម្សិលមិញ ត្រូវបានបញ្ចប់ជាមួយលទ្ធផលប្រកបដោយផែ្លផ្កា ហើយនៅថ្ងៃនេះគណៈរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងប្រជុំជាលើកទី២ បន្ទាប់ពីការប្រជុំនៅ ឆ្នាំ២០០៣។ ដោយក្នុងនោះមាន ឯកសារមួយចំនួន នឹងត្រូវចុះហត្ថលេខាដែលសុទ្ធសឹងតែជាផលប្រយោជន៏ នៃប្រជាជនទាំងសងខាង កម្ពុជា និងថៃ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចថា៖ «ទាំងទស្សនកិច្ច ទាំងការប្រជុំគណៈរដ្ឋមន្ត្រី នៃប្រទេសទាំងពីរធ្វើឡើងចំពេលខួបអនុស្សាវរីយ៍លើក៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរកម្ពុជា ថៃ។ រាល់ការសន្ទនា ខ្ញុំមិនភ្លេចលើកឡើង អំពីពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដែលបានស្នើឲ្យភាគីថៃ យកចិត្តទុកដាក់ជួយ ថែទាំ និងខិតខំរួមគ្នាដើម្បីលប់បំបាត់ពួកជួញដូរមនុស្ស និងកេងប្រវញ្ច័កម្លាំងពលកម្ម»។

ក្រៅពីនោះសម្តេចតេជោ សូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនពលករ និងនិស្សិតកម្ពុជាដែលកំពុងសិក្សា និងធ្វើការក្នុងប្រទេសថៃ ដែលសម្តេចពុំមានលទ្ធភាពរៀបចំការជួបសណេះសំណាលបាន អាស្រ័យដោយពុំមានពេលវេលាគ្រប់គ្រាន់។ សម្តេចតេជោ សូមផ្តាំផ្ញើសាកសួរសុខទុក្ខ និងសូមជូនពរបងប្អូន ទាំងអស់ជួបតែសេចក្តីសុខ៕

សម្តេចតេជោ បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមបងប្អូនពលករនិងនិស្សិតកម្ពុជាដែលកំពុងសិក្សានិងធ្វើការក្នុងប្រទេសថៃ មេត្តាយោគយល់អាធ្យាស្រ័យដែលខ្ញុំ ពុំមានលទ្ធភាពរៀបចំការជួបសណេះសំណាលបាន អាស្រ័យដោយពុំមាន ពេលវេលាគ្រប់គ្រាន់។ ខ្ញុំសូមផ្តាំផ្ញើសាកសួរសុខទុក្ខនិងសូមជូនពរបងប្អូន ទាំងអស់ជួបតែសេចក្តីសុខ»៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី


Tags: Cambodia Social News PP