CamNews

តារា 

ព្រាប សុវត្ថិ និង ម៉េង កែវពេជ្ជតា ត្រូវ​បាន​អាជ្ញាធរ​វៀត​ណាម ផ្អាក​​ការ​ប្រគំ​តន្រ្តី និង​​ឲ្យ​​រើ

(ភ្នំពេញ)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើល និងអាម៉ាសបំផុត ចំពោះតារាចម្រៀងខ្មែរល្បីៗ ចំនួន២ដួង និងតារាផ្សេងៗទៀត ដែលត្រូវបានអាជ្ញាធរ នៃប្រទេសវៀតណាម បានធ្វើការឃាត់ឃាំង និងផ្អាកការប្រគំតន្រ្តីទាំងពាក់កណ្ដាលទី ក្នុងឱកាសដែលពួកគេ បានចេញទៅសម្ដែងចែកជូន ដល់បងប្អូន ខ្មែរនៅកម្ពុជាក្រោមបានទស្សនា នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពែណីជាតិរបស់ខ្មែរ ថ្ងៃទី១៤ និងទី១៥ខែមេសា ក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺតារាចម្រៀងល្បីៗ២ដួង គឺលោក ព្រាប សុវត្ថិ និងអ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានអាជ្ញាធរវៀតណាម បង្ខំឲ្យរើបង្វេច ចេញពីប្រទេសរបស់ខ្លួន ទាំងកម្រោលទៀតផង ។

​មិនតែប៉ុណ្ណោះ បងប្អូនប្រជាពលរដ្ឋខ្មែរ កម្ពុជាក្រោមមួយចំនួន បានធ្វើការរិះគន់ ដល់ក្រុមអ្នកសិល្បៈខ្មែរ​ ដែលក្នុងនោះមានលោកព្រាប សុវត្ថិ និងអ្នកនាង ម៉េង កែវពេជ្ជតា បានទៅច្រៀង នៅលើទឹកដីខ្មែរកម្ពុជាក្រោម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយពួកគេមិនបានយកវប្បធម៌ប្រពៃណីខ្មែរ ទៅច្រៀងសម្តែងឲ្យបងប្អូនខ្មែរក្រោម បានដឹងជ្រួតជ្រាបនោះទេ។ ប៉ុន្តែទោះបីជាតារាទាំងនោះ មិនបានពាំនាំយកប្រពៃណីខ្មែរ ទៅបង្ហាញដល់បងប្អូនខ្មែរក្រោមក្ដី ប៉ុន្តែដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងក្លាពេក ពីសំណាក់បងប្អូននៅទីនោះ បានក្លាយជាមូលហេតុមួយ ដែលអាជ្ញាធរ វៀតណាមមិនពេញចិត្ត ហើយក៏ចាត់វិធានការណ៍ បញ្ឈប់ការប្រគំតន្រ្តីនេះ តែម្ដង។

យ៉ាងណាមិញ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បានសរសេររិះគន់លើបណ្តាញសង្គម ហ្វេសប៊ុកថា «វិប្បដិសារីមិនចេះចប់! បំណាច់តែបងប្អូនមានឱកាស ចុះទៅសម្ដែងនៅកម្ពុជាក្រោម ហេតុអី មិនពាំនាំយកការសម្ដែង តាមបែបវប្បធម៌ប្រពៃណីខ្មែរ ដើម្បីឲ្យជនរួមជាតិខ្មែរ នៅទីនោះបានឃើញ និងយកតម្រាប់តាមផង? ជនរួមឈាមខ្មែរនៅកម្ពុជាក្រោម ដ៏កម្សត់ឯកោ កំពុងតែ ខិត​ខំប្រឹងប្រែង ជីកស្ដារវប្បធម៌ជាតិរបស់ខ្លួន…។ ជាងនេះទៅទៀត បច្ចុប្បន្ន គូស្រះស្រី ដែលជាស្នាដៃកើតចេញ ពីកម្លាំងញើសឈាមស្ដ្រីខ្មែរ ពីបុរាណកំពុងតែរងគ្រោះ គោកគាំងរាំងស្ងួតហួតហែង តែបងប្អូនមកសម្ដែងបែបសប្បាយ នៅលើគំនរទុក្ខនេះ។ ឥឡូវត្រូវបានវៀតណាម គេបញ្ឈប់ការសម្ដែងទៅទៀត តែមិនមែនដោយមូលហេតុ ដូចខ្ញុំរៀបរាប់ខាងលើនោះទេ តែប្រហែលជាដោយហេតុ គេឃើញឈាមរត់រកឈាម (មនោសញ្ចេតនា របស់ខ្មែរក្រោមគាំទ្រតារាខ្មែរពីកម្ពុជា គឺខ្មែរដូចគ្នាតែមួយ) »។

ក្នុងបណ្ដាញសង្គមដដែល បានសរសេរទៀតថា «ណ្ហើយ! សូមបងប្អូនអញ្ជើញមកគេហដ្ឋានវិញ សម្រាកកាយសម្រាកចិត្ត យកឱកាសគិតគូរ ពីជោគវាសនាអនាគត​អត្តសញ្ញាណជាតិយើង ជាការល្អដែរ។ ដោយឡែកសូមកោតសសើរ និងអរគុណប្អូនៗមួយក្រុម ពីកម្ពុជាដូចគ្នា ដែលបានបំពេញកាតព្វកិច្ច សមជាកូនខ្មែរពិតៗ នេះហើយដែលខ្មែរក្រោម កំពុងត្រូវការចង់បាន»។

ជុំវិញបញ្ហាដ៏ក្ដៅគគុកនេះ Khmertalking នៅមិនទាន់អាចទាក់ទង តារាចម្រៀង ព្រាប សុវត្ថិ ដើម្បីពន្យល់ជុំវិញបញ្ហា ដែលបានកើតឡើងនេះបានទេ ។ ប៉ុន្តែដើម្បីឲ្យទស្សនិកជនអស់ចម្ងល់ និងដើម្បីជាកិត្តិយសមុខមាត់របស់ខ្លួន មហាជនសង្ឃឹមថា លោក ព្រាប សុវត្ថិ ក៏ដូចជាអ្នកនាង ម៉េង កែវពេជ្ជតា នឹងចេញមុខបកស្រាយបញ្ជាក់ ពីមូលហេតុពិតប្រាកដ ក្នុងន័យជម្រះមន្ទិលសង្ស័យ ក៏ដូចជាជួយលើកស្ទួយជាតិខ្មែរយើង ទាំងអស់គ្នាផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្នុង Facebook របស់តារាចម្រៀង ព្រាប សុវត្ថិ បានសរសេរថា «ខ្ញុំបាទសូមថ្លែងអំណរគុណ ដល់បងប្អូនខ្មែរកម្ពុជាក្រោមទាំងអស់ ដែលបានចូលរួមទស្សនា​ គាំទ្រសិល្បៈខ្មែរ យ៉ាងច្រើនកុះករ​ អរគុណចំពោះ ស្នាមញញឹមអ្នកទាំងអស់គ្នា​ !​»។

ដោយឡែក ក្នុង Facebook របស់អ្នកនាង ម៉េង កែវ ពេជ្ជតា ក៏បានសរសេរដែរថា «នាងខ្ញុំពេជ្ជតា សូមថ្លែងអំណរគុណដល់ ពុកម៉ែ មីងមា និងបងប្អូនខ្មែរកម្ពុជាក្រោម ទាំងអស់គ្នា ដែលបានចូលរួមទស្សនាគាំទ្រសិល្បៈខ្មែរ យ៉ាងច្រើនកុះករ ជូនពរសំណាងល្អ សុខភាពល្អ និងរកទទួលទានមានបាន គ្រប់ៗគ្នា !!!! »៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង

Tags: Preab sovath