ភ្នំពេញ៖ លោក ប៉ែន ចំរ៉ុង ជាតារាសម្តែងមានបទពិសោធន៍សិល្បៈពេញខ្លួន ដែលទស្សនិកជនភាគច្រើនបានស្គាល់ និងគាំទ្រ លោកតាមរយៈការ សម្តែងដើរជាតួឡប់ៗ ជាពិសេសគឺរឿង «នាយឡប់ជំពប់ស្នេហ៍» កាលពីពេលកន្លង ទៅហើយជារឿយៗ ទស្សនិកជនតែងតែទទូចចង់ឲ្យតារារូបនេះ បន្តថតរឿងដែលមានចរិកឡប់ៗ បែបនេះម្តងទៀត ។ ដើម្បីតម្រូវចិត្តទស្សនិកជន និងអ្នកគាំទ្រ នៅពេលថ្មីៗនេះ ប៉ែន ចំរ៉ុង បានស្រវាតំណែងតួឯកថ្មី ដែលដើរជាតួ ឡប់ៗដូចរឿងមុន មានចំណងជើងថា «អាមោកលក់ម៉ាំ» របស់ផលិតកម្មមហាហង្ស។
ជួបសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY នៅក្នុងពិធីក្រុងពាលីរឿង «អាមោកលក់ម៉ាំ» តារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង បានប្រាប់ឲ្យដឹងថា នៅក្នុងរឿងថ្មីនេះ គឺលោកត្រូវបានអ្នកដឹកនាំរឿងផ្តល់ ឱកាសឲ្យសម្តែង ជាតួឯកគូជាមួយតួឯកស្រី កញ្ញា ជីជី និង កញ្ញា ដួង ស្រីពេជ្រ ក្នុងរឿង «អាមោកលក់ម៉ាំ» របស់ផលិតកម្ម មហាហង្ស ដែលនៅក្នុងសាច់រឿងនេះ គឺលោកត្រូវដើរតួមានចរិកឡប់ៗ ដូចរឿងមុនដែល លោកធ្លាប់ថតអ៊ីចឹងដែរ ។
តារាប្រុសរូបសង្ហា សម្បូរវោហាររូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំរំពឹងថា រឿងថ្មីនេះអាចនឹងទទួលបានការ គាំទ្រមិនចាញ់រឿងមុន ដែលខ្ញុំធ្លាប់ថតទេ ព្រោះថា ទាំងអត្ថន័យសាច់រឿង និងតួសម្តែងសុទ្ធសឹងតែមានការ ជ្រើសរើសយ៉ាងពិសេសហេតុដូច្នេះ ក្រោយពីរឿងនេះថតចប់ដាក់បញ្ចាំង ពិតជាទទួលបានការគាំទ្រច្រើន..។ ជាពិសេសរឿងនេះ មានលក្ខណៈបែបកំប្លុកកំប្លែង ហើយខ្ញុំក្លាយជាអ្នកលក់ម៉ាំល្ហុង តែជាអ្នកលក់ក្នុងរឿងទេ កុំច្រឡំណា..! ចំណែកឯក្រៅសាច់រឿង ខ្ញុំមិនមែនអ្នកលក់ម៉ាំទេ..»។
លោក ប៉ែន ចំរ៉ុង បានប្រាប់ឲ្យដឹងទៀតថា លោកពិតជាមានអារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ដែលបាន រួមការងារ ជាមួយអ្នកក្រុមការងារ និងផលិតកម្ម មហាហង្ស ហើយការសម្តែងរឿងនេះ លោកនឹងខំប្រឹងសម្តែង ឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណា ឲ្យរឿងនេះកាន់តែល្អមើល ជាងលើកមុនទៅទៀត ហេតុដូច្នេះកុំភ្លេចរង់ចាំ ទស្សនានិងគាំទ្រកុំបីខាន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល