ម្ហូបអាហារ ដែលអ្នកជំងឺទឹកនោមផ្អែមពិសាចូលទៅក្នុងក្រពះ គឺសម្រេចឱ្យឃើញជាក់ស្ដែងនូវដំណើរការ នៃអាការៈជំងឺទឹកនោមផ្អែម។ អ្នកជំងឺទឹកនោមផ្អែមមិនចាំបាច់ព្រួយបារម្ភមុនពេលពិសាផ្លែឈើល្អៗសម្រាប់សុខភាពនោះទេ ជាពិសេសផ្លែត្របែក ដែលជាផ្លែឈើ ផ្ទុកគុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព។ ក្រៅពីផ្ទុកសន្ទស្សន៍ Glycemic ទាបហើយនោះ ផ្លែត្របែកក៏ផ្ដល់ប្រយោជន៍ជាច្រើនទៀតដល់សុខភាពផងដែរ។ វាគឺជាសន្ទស្សន៍ Glycemic ដែលវាស់ស្ទង់ថា តើកម្រិតកាបូអ៊ីដ្រាដរលាយ នឹងបញ្ចេញជាគ្លុយកូសទៅក្នុងចរន្ដឈាមលឿន ឬយ៉ាងណា។ ការកើនឡើងកម្រិតជាតិគ្លុយកូស នាំទៅរកការកើនឡើងជាតិស្ករនៅក្នុងឈាម និងបញ្ចេញនូវជាតិអាំងស៊ុយលីននៅក្នុងរាងកាយ។ នៅពេលបរិមាណជាតិអាំងស៊ុយលីនបញ្ចេញច្រើនលើសកំណត់នៅក្នុងរាងកាយ ជាតិស្ករនឹងប្រែទម្រង់ជាខ្លាញ់ ហើយនឹងមានការកើនឡើងជាតិកូឡេស្ដេរ៉ូល ជាតិ Glyceride និងកើនឡើងកម្រិតសម្ពាធឈាម។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃផ្លែត្របែកចំពោះអ្នកជំងឺទឹកនោមផ្អែម៖
បណ្ដុំជាតិ Lycopene ខ្ពស់៖ ត្របែកមានផ្ទុកនូវកម្រិតជាតិ Lycopene ខ្ពស់ ជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មម្យ៉ាង ដែលអាចការពារប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្ដាតបានប្រសិទ្ធភាពខ្ពស់ជាងអាហារប្រភេទរុក្ខជាតិដទៃទៀត។
កាត់បន្ថយការស្រូបយកជាតិស្ករ៖ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមពិសាផ្លែត្របែកដោយមិនចិតសម្បកចេញ វាអាចកាត់បន្ថយការស្រូបយកជាតិស្ករទៅក្នុងឈាម នេះបើយោងតាមប្រសាសន៍នៃអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ I-Shou University។
បន្ថយការទល់លាមក៖ អ្នកជំងឺទឹកនោមផ្អែមតែងតែរអ៊ូរទាំអំពីការទល់លាមក ហើយត្របែកនេះ អាចជួយសម្រួលដល់ចលនាពោះវៀនធំរបស់ពួកគាត់។ កម្រិតជាតិសរសៃ Fiber ខ្ពស់របស់វា មិនត្រឹមតែសម្រួលដល់ការទល់លាមកប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងបន្ថយឱកាសនៃការវិវឌ្ឍន៍ជំងឺទឹកនោមផ្អែមប្រភេទទី២ ផងដែរ។
បង្កើនចរន្ដឈាមរត់៖ ការពិសាត្របែកអាចបង្កើនចរន្ដឈាមរត់នៅក្នុងរាងកាយ ដែលលើកកម្ពស់មុខងារនៃខួរក្បាល។ ក្រៅពីនេះ កម្រិតជាតិប៉ូតាស្យូមខ្ពស់របស់វា អាចគ្រប់គ្រងសម្ពាធឈាមបាន។
ការពារការខូចកោសិកា៖ ត្របែកសម្បូរទៅដោយប្រភព នៃសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងវីតាមីនC ដែលអាចការពារការខូចកោសិកា និងកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីក៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព ៖ onlymyhealth