CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង បានបាញ់មីស៊ីល ៣គ្រាប់ ស្វាគមន៍កិច្ចប្រជុំ G20 នៅចិន

(សេអ៊ូល)៖ សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានចេញផ្សាយនៅមុននេះបន្តិចថា ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលចំនួន ៣គ្រាប់នៅព្រឹកថ្ងៃចន្ទនេះ អំឡុងពេល ដែល​មេដឹកនាំពិភពលោកនានា ដូចអាមេរិក ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី បារាំង អង់គ្លេស និង ចិន ព្រមទាំងអង្គការ​ សហប្រជាជាតិជាដើម កំពុងចូលរួមកិច្ចប្រជុំ G20 នៅទីក្រុងហាងចូវ ភាគខាងកើត​ ប្រទេសចិន។


សារព័ត៌មានបានចេញផ្សាយ បន្តទៀតថា ប្រទេសកូរ៉េខាងជើងបាន បាញ់គ្រាប់មីស៊ីលផ្លោង ធ្លាក់ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន កាលពីវេលាម៉ោង ១២៖១៤នាទីថ្ងៃត្រង់ ម៉ោងនៅទីក្រុងសេអ៊ូល នាថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។ តាមការចាប់សញ្ញាពី ផ្កាយរណបកូរ៉េខាងត្បូង គ្រាប់មីស៊ីល ទាំងបីគ្រាប់ខាងលើនេះ ត្រូវបានបាញ់ចេញពី តំបន់ Hwangju ភាគខាងលិចនៃ ខេត្ត North Hwanghae របស់ប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា ការបង្កហេតុថ្មីបំផុតនេះ មិនត្រឹមតែជាការរំលោភ ទៅនឹងទណ្ឌកម្មរបស់ UN ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទង្វើមិនសមរម្យខ្លាំងណាស់ដែរ នៅអំឡុងពេលដែលបណ្តាមេដឹកនាំ ស្ថានប័ន និងបណ្តាប្រទេសធំៗ នៅលើសកលលោក កំពុងតែចូលរួមកិច្ចប្រជុំ នៅទីក្រុងហាងចូវ ប្រទេស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាននោះឡើយ ពីប្រទេសកូរ៉េខាងជើង។


វាបានកើតឡើង បន្ទាប់ពីលោក ស៊ី ជីនពីង បញ្ចប់កិច្ចពិភាក្សាទ្វេភាគី ជាមួយលោកស្រី ផាក គឺនហេ ដោយក្នុងនោះប្រទេសចិន បានជំទាស់ការដាក់ពង្រាយប្រព័ន្ធ THAAD ដែលមាន អាមេរិកនៅពីក្រោយខ្នង ខណៈកូរ៉េខាងត្បូង​បានបកស្រាយវិញថា អ្វីៗគ្រប់យ៉ាងគឺអាស្រ័យលើ កូរ៉េខាងជើង ដែលនឹងធ្វើឲ្យស្ថានការណ៍ ក្នុងតំបន់ធូរស្រាលបាន ឬក៏អត់នោះ៕





ប្រភព ៖ យ៉ុនហាប់/ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: north korea south korea missile satellite