CamNews

តារា 

ក្រោយសំងំរស់នៅជាមួយ ផ្កាយ២ ជាង៥ឆ្នាំ ខៀវ សុខារ៉ាវី ប្រឹងវាយលុក ទីផ្សារសិល្បៈឡើងវិញ (មានវីដេអូ)

ភ្នំពេញៈ អស់រយៈពេលជាង ៥ឆ្នាំហើយ ដែលតារាសម្តែង រូបស្រស់ផូរផង់ អ្នកនាង ខៀវ សុខារ៉ាវី បានបញ្ឈប់ការងារ សិល្បៈ ចោលទាំងស្រុង ដោយនាងបានទៅរួម រស់នៅជាមួយ បុរសសម្បូរទ្រព្យផ្កាយ២ ជាគូស្នេហ៍ និងមានកូន១យ៉ាងមានក្តីសុខ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ នាងមានការចាប់អារម្មណ៍នោះ គឺថ្មីៗនេះ សុខារ៉ាវី បានចេញមុខ ប្រកាសក្តែងៗថា នាងនឹងដាក់ចិត្ត ដាក់កាយ វិលរកឆ្នាំងចាស់ ដូចដើមវិញ ដោយនាងរំពឹងថា ការវិលមកលើកនេះ នាងអាចស្រវ៉ាបានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ មិនចាញ់មុនឡើយ ។

ក្រោយពីអតីត តារាសម្តែង ដែលធ្លាប់មានឈ្មោះ បោះសំលេងលោតខ្លាំង ក្នុងអំឡុង ឆ្នាំ២០០៧-២០០៨ អ្នកនាង ខៀវ សុខារ៉ាវី បង្ហាញវត្តមាន នៅលើវិថីសិល្បៈ សារជាថ្មីម្តង ទៀតនោះ គេសង្កេតឃើញថា តារារូបនេះ ហាក់មាន ការខំប្រឹងប្រែងខ្លាំង មែនទែន ដោយនាងបានបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ ស្ទើរតែគ្រប់ប៉ុស្តិ៍ ហើយនាងសម្រុក ការងារច្រើន ស្ទើរតែរកពេលសម្រាកគ្មាន។

បើតាមប្រភពពីអ្នក នៅជិតដិត និងអ្នកដឹកនាំតាមកញ្ចក់ ទូរទស្សន៍មួយចំនួន បានលួចបង្ហើប ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា ចាប់តាំងពីរ ខៀវ សុខារ៉ាវី វិលចូលសិល្បៈវិញ មួយរយៈចុងក្រោយនេះ គឺមានខាងស្ថានីយ ទូរទស្សន៍ជាច្រើន បានផ្តល់ឱកាសឲ្យ នាងបង្ហាញវត្តមាន លើកញ្ចក់ ទូរទស្សន៍ជារឿយៗ មិនដាច់ទេ ។ ខៀវ សុខារ៉ាវី ក៏ខំប្រឹងមិនអន់ដែរ ព្រោះថា ឲ្យតែមានអ្នកទាក់ទង ហៅថត និងចូលកម្មវិធីសម្ភាសន៍ តាមទូរទស្សន៍ម្តងៗ គឺនាងមិនដែលបដិសេធន៍ទេ ពោលគឺឲ្យតែហៅ គឺនាងចូលរួមជានិច្ច ។

ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា តាមការតាំងចិត្ត របស់អតីតតារាសម្តែងរូបនេះ គឺនាង ចង់ច្បាមយកប្រជាប្រិយភាពឡើងវិញ ទន្ទឹមនឹងវិស័យសិល្បៈ នាពេលបច្ចុប្បន្ន កំពុងតែមានភាពរីកចម្រើន ដូចផ្សិតផងនោះ ។ បើទោះជា រ៉ាវី បានផ្តាច់ខ្លួនចេញពី សិល្បៈច្រើនឆ្នាំ ក៏ពិតមែនតែសម្រាប់ ប្រជាប្រិយភាព របស់នាង មិនធ្លាក់ចុះ ទាំងស្រុងឡើយ ទាំងទស្សនិកជន និងអ្នកដឹកនាំរឿង ក៏ដូចជាខាងទូរទស្សន៍ នៅតែទទួលស្គាល់ ពីសមត្ថភាព និងផ្តល់ឱកាសឲ្យនាង ជាហូរហែ ។

ជាក់ស្តែង នាងប្រកាសវិល មកជាន់ទឹកដីសិល្បៈ មិនទាន់បាន២ខែ ស្រួលបួលផង ការងារឡើងប៉ុស្តិ៍ សម្ភាសន៍ ច្រៀង ទាំងថតទុក និងផ្សាយផ្ទាល់ គឺ នាងមានជាប់រហូត ហើយខាងផលិតកម្ម ក៏ទាក់ទង ឲ្យនាងថតកាយវិការខារ៉ាអូខេ ផងដែរ ។

ទោះជាមានការលើកឡើង យ៉ាងនេះក្តី គេហទំព័រ LookingTODAY ក៏បានព្យាយាមទាក់ទង ទៅនាងដើម្បីសាកសួរ ព័ត៌មានបន្ថែមដែរ ប៉ុន្តែមិនអាចទាក់ទងបានទេ កាលពីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh