(គែរ)៖ ក្រុមសកម្មប្រយុទ្ធ ISIS បានអំពាវនាវឲ្យសមាជិករបស់ខ្លួនទាំងអស់ ធ្វើតាមការបញ្ជារបស់ក្រុមឧទ្ទាម Jihad នៅក្នុងប្រទេសរុស្ស៊ី ដើម្បីធ្វើឃាតប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិចដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០១៦។
បុរសម្នាក់ពាក់ម៉ាស់ពណ៌ខ្មៅលើមុខ បានថ្លែងតាមវីដេអូរយៈពេល ៩នាទីក្នុងបណ្តាញសង្គម Youtube កាលពីថ្ងៃអាទិត្យថា «ចូលស្តាប់ណាលោក ពូទីន! យើងនឹងទៅប្រទេសរុស្ស៊ី ហើយសម្លាប់អ្នកក្នុងផ្ទះរបស់អ្នកតែម្តង។ ចូរបងប្អូនទាំងអស់ ដើរតាមការបញ្ជារបស់ Jihad ដើម្បីប្រយុទ្ធនិង សម្លាប់ពួកគេចោលទៅ»។
គួរបញ្ជាក់ថា នៅក្នុងខ្សែវីដេអូដែលអមមកជាមួយនឹងអក្សររត់ពីក្រោមនោះ បានបង្ហាញឲ្យឃើញពីបុរសប្រដាប់អាវុធ ជាច្រើនបានធ្វើការវាយប្រហារទៅលើរថពាសដែក និងមូលដ្ឋានយោធា ហើយប្រមូលយកសព្វាវុធជាច្រើននៅលើវាលខ្សាច់។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា វីដេអូនោះមានប្រភព មកពីណាមកពីណានោះទេ គ្រាន់តែវាត្រូវ បានចែកចាយដោយគណនី Telegram ដែលពួក ISIS តែងតែប្រើប្រាស់ដើម្បីចែកចាយព័ត៌មាន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺអាមេរិកនិងរុស្ស៊ីកាលពីពេលថ្មីៗនេះបានពិភាក្សាគ្នា អំពីការបង្កើនចំនួនយោធា និងភ្នាក់ងារតាមដានសម្ងាត់ ដើម្បីប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ISIS និងក្រុមភេរវករ Al Qaeda នៅក្នុងប្រទេសស៊ីរី ដែលមូលហេតុនេះហើយទំនងជាបានបង្កការខឹងសម្បារខ្លាំងពីសំណាក់ ISIS៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង