វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃសុក្រ ទី២០ ខែធ្នូ បានលើកឡើងថា ប្រទេសកូរ៉េខាងជើង (DPRK) នឹង មិនសម្រេចនូវ អ្វីនោះទេ ពីការគម្រាមកំហែង និងការឈ្លានពាន របស់ពួកគេ មក លើប្រទេស កូរ៉េខាងត្បូង។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៣ថា លោកស្រី ចេននីហ្វ័រ សាគី អ្នក នាំពាក្យក្រសួង ការបរទេសអាម៉េរិក បានលើកឡើងក្នុង ប្រតិកម្មតប ទៅនឹងសេចក្តី រាយការណ៍ដែលថា ប្រទេស កូរ៉េខាងជើង គម្រាមវាយប្រហារ ប្រទេសកូរ៉េ ខាងត្បូង ដោយគ្មានការជូនដំណឹងជាមុន បន្ទាប់ពីមាន ការប្រមូលផ្តុំ មួយ ក្នុងទីក្រុងសេអ៊ូល ប្រឆំាងកូរ៉េខាងជើង។
លោកស្រី សាគី បន្តថា ការគម្រាមកំហែងរបស់ កូរ៉េខាងជើងនេះ នឹងធ្វើឲ្យអន្តរាយដល់កិច្ច ខិតខំ ប្រឹងប្រែង របស់អន្តរជាតិ ក្នុងការនាំមកនូវ សន្តិភាព និងសន្តិសុខ នៅអាស៊ីឦសាន ផងដែរ។
យោងតាមប្រភពពីប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា គណៈកម្មាការការពារជាតិកូរ៉េខាងជើង កាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅនេះ បានព្រមានវាយប្រហារប្រឆាំងនឹងកូរ៉េខាងត្បូង ដោយគ្មាន ការជូនដំណឹងជាមុន ដោយ ប្រទេសនេះ ចោទថា កូរ៉េខាងត្បូងកាលពីពេលថ្មីៗចុងក្រោយនេះ បានជេរប្រមាថនាំឲ្យខូច សេចក្តីថ្លៃថ្នូរ របស់ខ្លួន។
ជាមួយគ្នានោះដែរ ប្រជាជនមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានផ្ទុះកំហឹងយ៉ាងខ្លំាងផងដែរ ប្រឆំាងនឹង មេដឹកនាំ កូរ៉េខាងជើង។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ៊ួរ ឈុនយីង បាននិយាយកាលពី ថ្ងៃសុក្រថា ប្រទេសចិន ក៏បានដឹងរួចហើយដែរ អំពីបញ្ហានេះ ហើយចិនក៏បានប្រឆំាងផងដែរ ចំពោះសកម្មភាព ណាមួយ ដែលធ្វើឲ្យអន្តរាយដល់សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល