CamNews

តារា 

តារា​៣​ដួង បញ្ចេញ​ទស្សនៈ​ ចំពោះ​ទង្វើ លោក អ៊ិន សុភិន ធ្វើ​ឡើង​ជា​មួយ​កូន​ស្រី

ភ្នំពេញ៖ រឿងរ៉ាវស្នេហា ពោរពេញដោយភាពចម្រូងចម្រាស និងការដាក់រនាំងរារាំងពីឪពុក គឺលោក អ៊ិន សុភិន ទៅលើកូនស្រីនាង ភិន សុដាលីស និងតារាសម្តែងប្រុស លោក ប៉ែន ចំរ៉ុង កំពុងតែក្លាយទៅជារឿងក្តៅគគុក និង លេចធ្លោខ្លាំងក្នុងបណ្ដាញសារព័ត៌មាន រយៈពេលជិត១សប្ដាហ៍មកនេះ។ ទន្ទឹមជាមួយគ្នានោះ ដែរ ក៏មានតារាៗមួយចំនួន អត់ទ្រាំ និងទង្វើផ្តាច់ការរបស់ លោក អ៊ិន សុភិន មិនបានក៏នាំគ្នាបញ្ចេញសារម្នាក់មួយ ក្នុងបំណងចង់ឲ្យលោកយល់ ពីទឹកចិត្តមនុស្សពីរនាក់ស្រលាញ់គ្នាផង ។

ពិធីការិនីនៅក្នុងកម្មវិធី «តុបំភ្លឺ» អ្នកនាង ពេជ្រ សេរីរ័ត្ន បានរំលេចសារមិនគាំទ្រទង្វើរបស់ចាងហ្វាងផលិតកម្ម មហាហង្ស រូបនេះ ថា «ខឹងខុស ខឹងខូច ខឹងខាត លើលោកនេះគ្រប់បញ្ហាតែងមានដំណោះស្រាយ គ្រប់ដំណោះស្រាយ ត្រូវការពេលវេលា គ្រួសារណាក៏ជៀសមិនផុតពីបញ្ហា ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ អ្នកក្រៅមិនអាចកាត់សេចក្តីបាន តែខ្ញុំគ្រាន់តែយល់ថា ចាប៉ីកាន់តែតឹង អាចនឹងដាច់ខ្សែ វាមានតែការបាត់បង់កិត្តិយស ហើយអ្វីដែលចំណេញគឺ វិប្បដិសារី បើធ្វេសប្រហែស…» ។

តារាសម្តែង ដែលទើបតែសម្រាលបានកូនស្រីម្នាក់ កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកនាង ឆយី បានទម្លាយសារខ្លីមួយ ដោយនាងបានសរសេរថា «តើវាជាកំហុសអ្នកណា.....? ពូហា..នេះជាកូនស្រីពូណា មិនមែនជាទាសករពូទេ...ហើយពូមានអារម្មណ៍បែបណា ពេលបានមើល video នេះ ហើយ ... នេះជាជីវិតមនុស្សណាពូ....មិនមែនសត្វឆ្កែ ដែលត្រូវអូសក ទៅណាក៏បានតាមចិត្តពូទេ..» ។

ដោយឡែកភរិយារូបស្អាត របស់អតីតតារាសម្តែង ដែលធ្លាប់មានឈ្មោះល្បី ក្នុងសង្គមសិល្បៈ លោក ស៊ុក សុភា បានបញ្ចេញសារផងដែរថា «បើនិយាយអ៊ីចឹង តាំងពីមុនទាគេ ១លានដុល្លារ បែបអាចយល់ចិត្តតិច។ បើខាងប្រុសក្បាលខូច ហាមកូនស្រីមិនស្ដាប់ មកហែកហួរកូនស្រីឯងអ៊ីចឹង ដូចជាមិនសមទេ។ ការដែលចង់យកឈ្នះ ចំរ៉ុង អាចឲ្យកូនស្រី អាប់មុខអស់មួយជីវិត »។

សូមជម្រាបផងដែរថា រយៈពេលជិត១សប្តាហ៍ ហើយដែលគ្រួសារត្រកូល អ្នកមានទ្រព្យ និងជាម្ចាស់ចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន និងតារាប្រុសរូបសង្ហា លោក ប៉ែន ចំរ៉ុង បានផ្ទុះភាពចម្រូងចម្រាសជាមួយគ្នា រហូតដល់មានការផ្ទុះអំពើហឹង្សា ជាមួយគ្នាថែមទៀតផង ។ មិនតែប៉ុណ្ណោះកាលពីម្សិលមិញនេះ លោក ប៉ែន ចំរ៉ុង ថែមទាំងត្រូវបានតុលាការកោះ ហៅឲ្យចូលបំភ្លឺផងដែរ ក្រោយពី លោក អ៊ិន សុភិន បានដាក់ពាក្យបណ្តឹង ទៅតុលាការថា លោក ចំរ៉ុង មានជាប់ពាក់ព័ន្ធទៅ និងរឿងដែលកូនស្រីលោកបាត់ខ្លួន ។ ប៉ុន្តែការកោះហៅនោះ គឺគ្រាន់តែកោះហៅ តាមទូរស័ព្ទប៉ុណ្ណោះ ពោលគ្មានដីកា តាមនិតិវិធីច្បាប់នោះឡើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh