(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា លំដាប់ជួរមុខរបស់ថៃ គឺលោក James Jirayu នឹងដឹកដៃកញ្ញា Bella ធ្វើដំណើរពិសេស មកកាន់ទីក្រុងភ្នំពេញ ដើម្បីជួបជាមួយប្រិយមិត្ត របស់ខ្លួនជាច្រើន នៅប្រទេសកម្ពុជា នាថ្ងៃទី ០៩ ខែតុលាឆ្នាំ២០១៦ខាងមុខនេះ។ ដំណើរមកដល់ទឹកដី ដ៏ស្រស់បំព្រងរបស់កម្ពុជាលើកនេះ តារាភាពយន្តដ៏ល្បីទាំងពីរដួង ប្រចាំស្ថានីយទូរទស្សន៍ ដ៏ល្បីរបស់ថៃ TV3 នឹងទទួលពិធីស្វាគមន៍ ក៏ដូចជាចូលរួម ក្នុងជំនួបពិសេសមួយមានឈ្មោះថា «វេទិកាតារាថៃប្រចាំ PNN ២០១៦» នៅឯផ្សារទំនើបអ៉ីអន ក្រុងភ្នំពេញ។
ប្រធានផ្នែកកម្មវិធីផ្សាយ របស់ភីអិនអិន កញ្ញា ទូច បុប្ផា បានថ្លែងបញ្ជាក់ថា ភីអិនអិន (PNN) ទទួលបាននូវការសំណូមពរយ៉ាងច្រើន សន្ធឹកសន្ធាប់ ពីសំណាក់អ្នកគាំទ្រ ភាពយន្តភាគថៃ របស់ PNN ដោយស្នើសុំឲ្យអញ្ជើញ លោក James ជាដៃគូជាមួយកញ្ញាBella ទើបក្រុមការងារយើងសម្រេចចិត្ត អញ្ជើញពួកគាត់រួមគ្នា ម្យ៉ាងទៀតពួកគាត់ទាំងពីរ ក៏ជាដៃគូសម្តែងស័ក្តិសមបំផុត សម្រាប់ប្រចាំឆ្នាំ២០១៦នេះ ផងដែរ។
James មានឈ្មោះពិត Jirayu Tangsrisuk គឺជាតារាសម្តែង អ្នកចម្រៀង និងជាអ្នកបង្ហាញម៉ូដ។ នៅក្នុងឆ្នាំ២០១១ James ឈ្នះនៅក្នុងការប្រកួត របស់ផលិតផលគ្រឿងសម្អាង Mistine ហើយក៏បានចាប់ផ្តើមអាជីព ជាអ្នកបង្ហាញម៉ូដ។ ដោយឡែកអំឡុង២០១៣ គឺជាឆ្នំាដែលJames ចាប់ផ្តើមប្រឡូក ក្នុងការសម្តែងរបស់ខ្លួន ជាលើកដំបូងនៅក្នុងរឿងភាគ ដ៏ល្បីបំផុតរបស់ថៃ «Suparburoot Jutathep» ដោយចាប់ដៃគូជាមួយ តួឯកស្រីកញ្ញា Bella Ranee។ ឆ្នាំនោះដដែល James និងBella បានទទួលពានរង្វាន់ជា Fantasy Couple of the Yearពី Kerd Awards បន្ទាប់ពីពួកគេបានសម្តែងរួមគ្នា នៅក្នុងរឿងមួយនេះ។
ជាមួយគ្នានេះ នៅឆ្នាំ២០១៥ James ចាប់ដៃគូជាមួយយ៉ាយ៉ា សម្តែងនៅក្នុងរឿង «Neung Nai Suang» ឬ«ចិត្តស្អប់បង្កប់ស្នេហ៍» ដែលភីអិនអិន បានចាក់ផ្សាយរឿងនេះរួចមកហើយ នាពេលកន្លងមក។ សម្រាប់ឆ្នាំ២០១៦នេះវិញ តារាប្រុសវ័យ២៣ឆ្នាំ James Jirayu និងតារាស្រីវ័យ២៦ឆ្នាំ Bella Ranee បានសម្តែងរួមគ្នាម្តងទៀត នៅក្នុងរឿង «ភរិយាបណ្តូលចិត្ត» ឬ «Beloved Loyal Wife» ដែល PNN បានសិទ្ធិផ្តាច់មុខ ក្នុងការចាក់ផ្សាយ នាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា លោក James Jirayu និងកញ្ញា Bella បានចាប់ដៃគូសម្តែង ជាមួយគ្នាក្នុងរឿងភាគ ដ៏ល្បីបំផុតរបស់ថៃ ចំនួនពីរ គឺរឿង «សុភាពបុរសទាំង៥» ឬ «Suparburoot Jutathep Series» និងរឿង «ភរិយាបណ្តូលចិត្ត» ឬ «Beloved Loyal Wife»។ ក្នុងពេលឆាប់ៗខាងមុខនេះ PNN ក៏នឹងចាក់ផ្សាយជូនទូរទស្សនិកជន បានតាមដានទស្សនា នូវរឿងទាំងពីរនេះ ផងដែរ។
PNN ជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុត នៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចសន្យាផ្ដាច់មុខមួយ កាលពីខែ ឧសភា ឆ្នាំ២០១៥ ក្នុងការទទួលបានសិទ្ធិ ចាក់ផ្សាយខ្សែភាពយន្តភាគល្បីៗនិងថ្មីៗ បំផុតរបស់ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៣ថៃ។ សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងការមកដល់ របស់កំពូលតារាសម្តែងថៃ ទាំងពីរនេះ សូមលោកអ្នកតាមដាន ទំព័រហ្វេសប៊ុករបស់ PNN ដែលមានអាសយដ្ឋាន៖ www.facebook.com/PNNDramaFanClub ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង